ម្ហូបអាហារ ជា​ផលិតផល​ដ៏​សំខាន់បំផុត ក្នុង​វិស័យ​ទេសចរណ៍​

230
ចែករម្លែក

ដោយ​៖ ទេព មង្គល​- គ​ន្ធា​
​ភ្នំពេញ​៖
វិស័យ​ម្ហូបអាហារ គឺជា​ផលិតផល​មួយ មាន​សារៈ​សំខាន់បំផុត ក្នុង​វិស័យ​ទេសចរណ៍ ដោយបាន​ចូលរួមចំណែក ផ្សាភ្ជាប់​មួយ​ដ៏​ល្អ សម្រាប់​ការបង្ហាញ​ឲ្យ​ពិភពលោក បាន​ស្គា​ល់ពី អត្តសញ្ញាណ​សម្បត្តិ​វប្បធម៌ និង​អរិយធម៌​ជាតិខ្មែរ ផងដែរ ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម បិទ​វគ្គ​សិក្សា និង​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត ដែល​បញ្ចប់​ការសិក្សា សម្រាប់​ឆ្នាំ​២០១៩ សរុប​ចំនួន ៣៥ នាក់ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​។​

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍

​លោក ប៉ាក់ សុខុម បាន​មានប្រសាសន៍ថាៈ ” ម្ហូបអាហារ ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​បង្កើត ភាព​ចងចាំ​ដល់​ភ្ញៀវទេសចរ ហើយ​ម្ហូបអាហារ ជា​ផលិតផល​មួយ ដែល​បានបង្ហាញ​ពី អត្តសញ្ញាណ ការរស់នៅ​ទៅ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្គាល់ “​។​

​លោក​បាន​បន្តថាៈ “​កម្ពុជា មាន​សក្ដានុពល​ដ៏​សម្បូរបែប នៃ​សម្បត្តិ​វប្បធម៌​ជាតិ បេតិកភណ្ឌ​រូបិយ អ​រូបិយ ដែល​មិនទាន់​បានរៀបចំ និង​ផ្សព្វផ្សាយ ទូលំទូលាយ​ខ្លាំង ដល់​ពិភពលោក បានដឹង​នៅឡើយ​។ តួយ៉ាង​ដូចជា ម្ហូបអាហារ​ជាដើម ហើយ​ថ្ងៃនេះ ដែល​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា បាន​បិទ​វគ្គ និង​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត ដែល​បញ្ចប់​ការសិក្សា សម្រាប់​ឆ្នាំ​២០១៩ នេះ ហើយ​នេះ​ជា​កត្តា​មួយ ដែល​បាន​ជំរុញ​ឲ្យ​វិស័យ​ម្ហូបអាហារ មាន​ទំនាក់ទំនង​ដ៏​ល្អ និង​វិស័យ​ទេសចរណ៍ ព្រោះថា ម្ហូបអាហារ ជា​ផលិតផល​ទេសចរណ៍ ឬ​សេវាកម្ម​ទេសចរណ៍ និង​ម្ហូបអាហារ​ជា ចំណែក​ទីផ្សារ​ទេសចរណ៍ ថែម​ទៀតផង “​។​

និស្សិតដែល​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជាសម្រាប់​ឆ្នាំ​២០១៩

​លោក Markus Kalberer នាយក​វិទ្យាស្ថាន ម្ហូបអាហារ​កម្ពុជា (ACAC) បាន​ប្រសាសន៍ថាៈ ” វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា បានផ្តល់​នូវ​ការអប់រំ​បណ្តុះបណ្តាល វិជ្ជា​ចម្អិន​ម្ហូបអាហារ ប្រកបដោយ​លក្ខណៈ​ស្តង់ដារ​ខ្ពស់ ដំបូង​គេ​នៅ​កម្ពុជា សម្រាប់​អនាគត​ការងារ លំដាប់ថ្នាក់​ទី​១ ដែលមាន​កម្មវិធីសិក្សា ផ្នែក​បដិសណ្ឋារកិច្ច​អន្តរជាតិ ដែល​ស្របតាម​បទដ្ឋាន​អាស៊ាន និង​ក្រមសីលធម៌ ការងារ​បែប​ប្រទេស​ស្វី​ស ” ។​

​​លោក ប៉ាក់ សុខុម ប្រគល់​សញ្ញាបត្រ ដល់​និស្សិតដែល​បញ្ចប់​ការសិក្សា

​លោក​បាន​បន្តថាៈ ” នេះ​គឺជា​វិទ្យាស្ថាន​ដំបូង​គេ ដែល​បង្កើតឡើង ក្រោម​ទម្រង់​ដៃគូ​ជាមួយ​រដ្ឋ និង​ឯកជន ចាប់ដៃគ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះខាត និយោជិត ដែលមាន​ការអប់រំ និង​ជំនាញ នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច ព្រមទាំង​ដើម្បី​ផ្តល់ឱកាស​ថ្មីៗ សម្រាប់​ការអភិវឌ្ឍ​ជំនាញ ដល់​យុវជន និង​ការកាត់បន្ថយ ភាព​គ្មាន​ការងារ​ធ្វើ តាមរយៈ វិទ្យាស្ថាន នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​តំបន់ ផងដែរ “​។​

​សូមបញ្ជាក់ថា លោក Arnaud DARC នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន THALIAS លោក Mischa Pfeuti អ្នកតំណាង​ពី SWISS HOTEL Management School LUCERNE (SHL) និង​អាណាព្យាបាល សិស្ស និស្សិត ជាច្រើន​នាក់ ក៏បាន​ចូលរួម​ក្នុងឱកាស​នោះ​ផងដែរ​៕v

លោក ប៉ាក់ សុខុម ប្រគល់​សញ្ញាបត្រ ដល់​និស្សិតដែល​បញ្ចប់​ការសិក្សា
លោក ប៉ាក់ សុខុម ប្រគល់​សញ្ញាបត្រ ដល់​និស្សិតដែល​បញ្ចប់​ការសិក្សា