ម​ន្ត្រីៈ គ្រួសារ​អតីតយុទ្ធជន​ជាង ២ ពាន់ ជា​គោលដៅ​សង់​លំនៅឋាន​ជូន​ក្នុង​ឆ្នាំ​២០១៨

734
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក សំហេង បុរស អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​បេឡា​ជាតិ​អតីតយុទ្ធជន បានឱ្យដឹង​អំពី​គោលដៅ​អាទិភាព​ក្នុងការ​សាងសង់​លំនៅឋាន​ជូន​គ្រួសារ​អតីតយុទ្ធជន​ឆ្នាំ ២០១៨ នេះ​ថា ” គ្រួសារ​អតីតយុទ្ធជន​ប្រមាណ​ជា ២.៣០០ គ្រួសារ ត្រូវ​បានកំណត់​អត្តសញ្ញាណ​រួចហើយ សម្រាប់​សាងសង់​លំ​ន​ឋាន​ជូន​ក្នុង​ឆ្នាំ​២០១៨ នេះ ហើយ​ការសាងសង់​នោះ នឹ​ត្រូវ​ចែកជា ២ ប្រភេទ គឺ​គ្រួសារ​អតីតយុទ្ធជន​ដែលមាន​ដី​ហើយ ប៉ុន្តែ​មិនទាន់​ផ្ទះ នឹងត្រូវ​បានផ្តល់​អាទិភាព ហើយ​ប្រភេទ​មួយទៀត គឺ​គ្រួសារ​អតីតយុទ្ធជន ដែល​មិនទាន់មាន​ទាំង​ដី គ្មាន​ទាំង​ផ្ទះ ហើយ​ការសាងសង់​នោះ ក៏​នឹង​ត្រូវមាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដូចជា​ផ្លូវថ្នល់ សាលារៀន និង មន្ទីរពេទ្យ​ជាដើម​ផងដែរ ” ។


​លោក សំហេង បុរស មានប្រសាសន៍​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៨ ស្តីពី​ការផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ លើ​វិស័យ​អតីតយុទ្ធជន និង គាំពារ​សង្គម គឺ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ទទួលបាន​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ។

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​ដែល​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​សាងសង់​លំនៅឋាន​ជូន​គ្រួសារ​អតីតយុទ្ធជន​ជា​ការងារ​អាទិភាព ដែល​អនុសាសន៍​នេះ សម្តេច​បានផ្តល់ នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ ទិវា​អតីតយុទ្ធជន នៅឯ​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ។​

​បច្ចុប្បន្ន កម្ពុ​ជាមាន​អតីតយុទ្ធជន​ជាង ៨ ម៉ឺន ៦ ពាន់ នាក់ និង អ្នក​ក្នុងបន្ទុក​ជិត ១៣ ម៉ឺន​នាក់ ដែល​ទទួលបាន​ប្រាក់​សោធន​និវត្ត និង ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ហើយ​រយៈពេល ៥ ឆ្នាំ ចុងក្រោយ​នេះ ក្នុង ១ ឆ្នាំ រដ្ឋាភិបាល ចំណាយ​ថវិកាជាតិ​ជិត ១០០ លាន​ដុល្លារ​អាមេរិក​ទៅលើ​អ្នក​ទាំងនោះ ។ ដោយមាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជា​បង្គោល គិត​មកដល់ពេលនេះ ផ្ទះ​ជិត ៥ ពាន់​ខ្នង និង ដី​សម្បទាន​សង្គមកិច្ច​រាប់ពាន់​ហិកតា ហើយ ត្រូវបាន​សាងសង់ និង ប្រគល់ជូន​គ្រួសារ​អតីតយុទ្ធជន ៕ Kh