ម​ន្ត្រីៈ ឆ្នាំ ២០១៨ ជា​ឆ្នាំ​វឌ្ឍនភាព​ខ្លាំ​ក្នុង​វិស័យ​ពិការភាព​នៅ​កម្ពុជា​

208

ដោយៈ មេសា​/ភ្នំពេញៈ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក ឯម ច័ន្ទ​មករា បាន​ថ្លែង​អំពី​ស្ថានភាព​វិស័យ​ពិការភាព​នៅ​កម្ពុជា ក្នុង ឆ្នាំ ២០១៨ នេះ​ថា  ២០១៨ គឺជា​ឆ្នាំ​ដែលមាន​វឌ្ឍនភាព​ខ្លាំង​ក្លា ទាំង​ផ្នែក​សិទ្ធិសេរីភាព សេដ្ឋកិច្ច ការងារ សង្គមកិច្ច អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ហើយ​ការរើសអើង​ចំពោះ​ជន​ដែលមាន​ពិការភាព​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន ហើយ​ជន​មាន​ពិការភាព​ជិត ១ ម៉ឺន​នាក់​ត្រូវបាន​ជ្រើសរើស​ចូល​បម្រើការ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង ស្ថាប័នឯកជន ក្នុងនោះ បងប្អូន​មាន​ពិការភាព​ខ្លះ​ក្លាយជា​អ្នកដឹកនាំ​នៅក្នុង​ស្ថាប័ន​ទាំងនោះ​ទៀតផង  ។

លោក ឯម ច័ន្ទ​មករា ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ( រូបៈ​មេសា )

​លោក ឯម ច័ន្ទ​មករា មានប្រសាសន៍​ប្រកបដោយ​មោទនភាព​ដូច្នេះ នៅក្នុង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី ២០ និង ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ លើក​ទី ៣៦ ក្រោម​ប្រធានបទ លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិ​យា​ប័ន្ន និង សមភាព រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​លោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចូលរួម​ដោយ​ជន​មាន​ពិការភាព​ជិត ៣ ពាន់​នាក់ ។​

​លោក ឯម ច័ន្ទ​មករា បន្ថែមថា វឌ្ឍនភាព​ដ៏​គួរ​ជាទី​ត្រេកអរ​មួយទៀត​ក្នុង​វិស័យ​ពិការភាព គឺ​ពាក្យ​ថា ជនពិការ ត្រូវបាន​ប្រើ​ជំនួស​ដោយ​ពាក្យ​ថា ជន​មាន​ពិការភាព វិញ ដែល​ពាក្យ​នេះ បង្កប់​នូវ​អត្ថន័យ​មិន​រើសអើង​ចំពោះ​ជន​ដែលមាន​ពិការភាព ហើយ​គឺជា​ពាក្យ​ដែល​ពិភពលោក​កំពុង​ព្យាយាម​ប្រើប្រាស់ ។


​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​វិញ មាន​ក្រសួង​ស្ថាប័នរដ្ឋ​យ៉ាងហោចណាស់ ៦ បានចេញ​សេចក្តីណែនាំ​ឱ្យ​ស្ថាប័ន​ក្រោម​ឱវាទ​របស់ខ្លួន​រៀបចំ​សម្របសម្រួល​ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ​ងាយស្រួល​ចេញចូល​ដល់​ជន​មាន​ពិការភាព ដូចជា​ជម្រាល​ផ្លូវ បង្កាន់ដៃ​បន្ទប់ទឹក និង ចំណតរថយន្ត​ជាដើម សូម្បី​នៅតាម​ចិញ​ផ្លូវ​សាធារណៈ​ជាច្រើន​រាជធានី​ខេត្ត ក៏​រៀបចំ​សម្រាប់​ជន​មាន​ពិការភាព​ដែរ ។ ហើយ​នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផ្តល់​ងាយស្រួល​ដល់​បងប្អូន​មាន​ពិការភាព នឹង​បន្ត​បង្កើន​ថែមទៀត ។​

​ ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យ​ទ្ធ​ជន និង យុវនីតិសម្បទា និង ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ ជន​មាន​ពិការភាព​ប្រមាណ​ជា ២៨. ០០០ នាក់ បានទទួល​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​គ្រប់​ប្រភេទ ដោយ​ឥតគិតថ្លៃ ។ សេវា​នេះ​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជន​មាន​ពិការភាព​ទាំង​បរិមាណ និង គុណភាព ។ ចំពោះ​វិស័យ​អប់រំ​វិញ ឆ្នាំ​សិក្សា ២០១៧-២០១៨ ជន​មាន​ពិការភាព ជាង ៦ ម៉ឺន​នាក់ បាន​ចូល​សិក្សា​ចាប់ពី​បឋមសិក្សា ឧ​ត្ត​មសិ​ក្សា និង ក្រោយ​ឧ​ត្ត​មសិ​ក្សា ពោលគឺ​ថ្នាក់អនុបណ្ឌិត និង បណ្ឌិត ក៏មាន​ជន​មាន​ពិការភាព​ចូល​សិក្សា​ច្រើន​គួរឱ្យកត់សម្គាល់​ដែរ ៕ Kh