យក​ខេត្តបាត់ដំបង​ធ្វើបុណ្យ​ទន្លេ​សម្រាប់​ឆ្នាំ​២០២០

792
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: មិនទាន់​នឹង​ចប់​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​រុះ​ស្តង់​អស់​ផង ក្រសួងទេសចរណ៍​ចាប់ផ្តើម​រៀបចំ​បណ្តើរៗ ទៅធ្វើ​បុណ្យ​ទន្លេ​សាជាថ្មី​ទៀត ដែលជា​បុណ្យ​ទន្លេ​លើក​ទី​៦ ត្រូវបាន​ក្រសួងទេសចរណ៍​ជ្រើស​យក​ខេត្តបាត់ដំបង បន្ទាប់ពី​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​ពី​ឆ្នាំ​២០១៩​។​

រូបភាពឯកសារ

​លោក ផ្លុ​ង ធឿន មន្ត្រី​ក្រសួងទេសចរណ៍​ដែល​កំពុង​ស្ថិតនៅ​ខេត្តបាត់ដំបង បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៥​ធ្នូ​នេះ​ថា ឆ្នាំ​២០២០​ខាងមុខនេះ បាន​យក​ខេត្តបាត់ដំបង​ធ្វើ​ពិធីបុណ្យ​ទន្លេ គឺកំណត់​យក​ថ្ងៃទី​១៣-១៤-១៥​ខែមីនា ​ឆ្នាំ​២០២០ សម្រាប់ធ្វើ​ពិធីបុណ្យ​ទន្លេ​។ លោក​ធឿន​មិនបាន​លំអិត​ពី​កម្មវិធី​បុណ្យ​នេះ​ទេ ដោយសារ​រវល់​ប្រជុំ​។ ក៏ប៉ុន្តែ​អ្នកសង្កេតការ​បុណ្យ​រៀងរាល់ឆ្នាំ​បាន​មើលឃើញថា មិន​ថា​បុណ្យ​សមុទ្រ​ឫ​បុណ្យ​ទន្លេ​ទេ ក្រសួង​តែង​ធ្វើ​កម្មវិធី​បុណ្យ​ម្តងៗ​មិន​ខុសគ្នា​នោះទេ គឺ​តែងតែ​យក​កម្មវិធី​ដដែលៗ​ទៅ​រៀបចំ​សំដែង​ដូចជា​នាំយក​សិល្បៈ ក្រុមកីឡា​គ្រប់​ប្រភេទ​ទៅលេង បង្កើន​យក​ផលិតផល​ទេសចរណ៍​ប្លែកៗ ដាក់តាំង​បង្ហាញ​បង្កើត​ស្តង់​លក់ដូរ​ឲ្យ​បាន​ច្រើន​និង​ពាំ​នាំយក​ការឃោសនា​អប់រំ នូវ​អ្វីដែល​ពាក់​ព​ន្ធ័​ទៅនឹង​ទេសចរណ៍​និង​បរិស្ថាន​។ ធ្វើ​ឲ្យ​ទីក្រុង​ស្អាត គ្មាន​សំរាម បង្កើន​អនាម័យ សេវា​បំរើ​ឲ្យ​មាន​គុណភាព​ស្របតាម​ស្តង់ដារ​តំបន់​ជាដើម​។

តាមពិតទៅ​ខេត្តបាត់ដំបង​ជា​ខេត្ត​មាន​សក្តានុពល​ខាង​កសិកម្ម​ដាំ​ដុះ​សំបូរបែប​លើសពី​ខេត្ត​នានា ទូទាំងប្រទេស​។ ជា​ខេត្ត​សំបូរ​ទៅដោយ​រោងចក្រ​កែច្នៃ​កសិកម្ម​ជាច្រើន ហើយក៏​ជា​ខេត្ត​មួយ​ទាក់ភ្នែក​ទេសចរ​មិនអាច​មើលរំលង​បាន​ដោយសារ​ទេសភាព សោភ័ណភាព​និង​មាន​វត្ថុ​បុរាណ​ចំណាស់​យ៉ាងច្រើន​សំបូរបែប​ដែល​បន្សល់ទុក​នា​សម័យ​អាណានិគម​បារាំង​។ ដូច្នេះ​បុណ្យ​ទន្លេ​នៅ​ខេត្ត​នេះ ពិតជា​ព្រឹត្តិការណ៍​មួយ​នាំយក​អារម្មណ៍​អ្នកទស្សនា ឬ​ទេសចរ​គួរ​ឲ្យ​គយគន់​ចង់​ស្គាល់​នូវ​ស្រុកកំណើត​ចៅ​ចិត្ត​ក្នុង​រឿង​កុលាប​ប៉ៃលិន​នា​ទសវត្ស៥០-៦០​បាន​កន្លងផុតទៅ​។

បាត់ដំបង​បាន​បង្កប់​នូវ​រឿងរ៉ាវ​អាថ៌កំបាំង​ជា​ប្រវត្តិសាស្ត្រ​ច្រើនណាស់​បាន​បន្សល់​ទុកឲ្យអ្នកជំនាន់ក្រោយៗ បានដឹង​និង​ឈ្វេងយល់​សិក្សា​បន្ត​។ ជា​ខេត្ត​ជាប់​ដងស្ទឹង​សង្កែ ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប ដូច្នេះ​បុណ្យ​ទន្លេ​នៅទីនេះ ពិតជា​ផ្តល់​គុណធម៌​ខ្ពស់​ណាស់​ដល់​ទឹក ដី​ដ៏​មាន​ជីជាតិ មាន​ធម្មជាតិ​អនុគ្រោះ​ឲ្យ​យ៉ាង​សំបូរ​សប្បាយ ក្លាយជា​កោសិការ​របស់​សេដ្ឋកិច្ចជាតិ​មាន​ភាពរឹងមាំ​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ទៀតផង​។ ពិសេស​ទេសចរណ៍​កំពុង​ចូលរួម​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ កាន់តែ​បំពេញបាន​គ្រប់​សំណុំ​នៃ​រចនាសម្ព័ន្ធ​រឹងមាំ​ថែមទៀត​៕ ល​/Ha