យក​គ្រាប់​១០៥​មី​ល្លី​ម៉ែត្រ​មក​កែច្នៃ​នៅក្បែរ​ប៉ម​ទន្លេ​បិទ ផ្ទុះ​ស្លាប់​ម្នាក់​និង​របួស​ប្រាំបួន​នាក់​

547
ចែករម្លែក

​ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: អ្នកនេសាទ​មួយក្រុម​បាន​យក​គ្រាប់កាំភ្លើង​ត្បាល់​ទំហំ ១០៥ មី​ល្លី​ម៉ែត្រ​មួយ​គ្រាប់​មក​កែច្នៃ​បាន​ផ្ទុះ​គ​ក្រើ​ក​ព្រះធរណី នៅ​ចម្ងាយ​ពី​ប៉ម​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​តូច ឃុំ​ជីរោទី១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​ស្លាប់ និង​ប្រាំបួន នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅ​ព្រឹក​ថ្ងៃទី ១៤ មករា​នេះ​។​

​លោក​វរសេនីយ៍ត្រី តូ ឆៃ​លាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ជនជាតិខ្មែរ​ឥស្លាម​ដែល​បាន​ស្លាប់​ម្នាក់​ឈ្មោះ វ៉ាន់ គា អាយុ ២៦ ឆ្នាំ​។ ក្នុងនោះ​ចំនួន ប្រាំពីរ នាក់​បាន​រងរបួស​ធ្ងន់ និង​ចំនួន ពីរ នាក់​រងរបួស​ស្រាល រស់នៅ​ភូមិ​កើតហេតុ គឺ​អ្នករបួស​ទាំងអស់​បាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​លោក​មេបញ្ជាការ​បាន​ដក​ស្រី​សម្តី​ភរិយា​អ្នករបួសធ្ងន់​ម្នា​ក់ថា ដំបូង​ក្រុម​នេសាទ​ប្រហែល​ជិត ១០ នាក់​របស់​ស្វាមី​ខ្លួន​ឈ្មោះ ម៉ាត់ សុះ អាយុ ៥៩ ឆ្នាំ​បាន​យក​សម្បក​គ្រាប់កាំភ្លើង ១០៥ មី​ល្លី​ម៉ែត្រ ដែល​ដែលមាន​ទម្ងន់​ជាង​១០ គីឡូក្រាម បាន​ទិញ​ពី​ក្រុង​សួង​នោះ មក​ដាក់​បញ្ឈរ​។ ដើម្បី​ចាក់ទឹក​សំណ​ចូលក្នុង​ប្រហោង នៃ​សម្បក​គ្រាប់​នោះ ឲ្យ​កើន​ទម្ងន់​បាន​ពី ៣០ ទៅ ៤០ គីឡូក្រាម​។ ប្រយោជន៍​ឲ្យ​ទាញ​ឧបករណ៍​នេសាទ រហ័ស​ធ្លាក់ចុះ​ដល់​បាតទន្លេ​។​

​ប្រភព​ដដែល​បាន​ប្រាប់​សម​ត្ថិ​កិច្ច​បន្ថែមទៀតថា ប៉ុន្តែ​ខណៈ​ក្រុម​នេសាទ​របស់​ប្តី​អ្នកស្រី​បាន​ស្ល​សំណ​ចាក់​ចូល​សម្បក​គ្រាប់​នោះ គឺ​ស្នូរ​ផ្ទុះឡើង​គ​ក្រើ​កដី​បណ្តាល​ឲ្យ​ធ្ងន់ និង​ស្រាល​លើ​ក្រុម​នេសាទ​ចំនួន​ប្រាំបួន នាក់​ដែល​កំពុង​ជួយ​ការងារ និង​បាន​ខ្ទាត​អំបែង​ត្រូវ​ឈ្មោះ វ៉ាន់ គា ស្លាប់​នៅនឹងកន្លែង​កំពុង​អាំងត្រី​ក្នុង​ខ្ទម​ស្លឹកត្នោត នៅ​ចម្ងាយ​ពី​កន្លែង​ផ្ទុះ​ប្រមាណ​ជិត​១០០ ម៉ែត្រ​នោះ​។ នេះ​ខុសពី​រាល់​លើក​ដែល​ប្តី​អ្នកស្រី​បានធ្វើ តែ​មិន​ធ្លាប់​ជួប​គ្រោះថ្នាក់​បែបនេះ​ឡើយ​។​

​លោក ឆៃ​លាង នៅបាន​ឲ្យ​ដឹងថា តាម​ការត្រួតពិនិត្យ​ជាក់ស្តែង​ទំនងជា​នៅក្នុង​សម្បក​គ្រាប់ ១០៥ មី​ល្លី​ម៉ែត្រ​ដែល​បាន​ផ្ទុះ​ស្លាប់ និង​របួស​មនុស្ស​ច្រើន​នាក់​នេះ មាននៅ​ផ្ទុក​រំសេវ និង​គីប បង្ក​ឲ្យ​ផ្ទុះ ទើប​នៅពេល​ចាក់ទឹក​សំណ​ចូល​រន្ធ​សម្បក​នោះ បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​អ្នក​នៅ​ជុំវិញ ហើយ​ខ្ទាត​ត្រូវ​អ្នក​កំពុង​អាំងត្រី​ក្នុង​ខ្ទម​ស្លាប់​ម្នាក់ និង​បំបែក​កញ្ចក់​បង្អួច​អស់​មួយ​ផ្ទាំង​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ដ​ដល​ចម្ងាយ ៥០០ ទៅ ៦០០ ម៉ែត្រ​ឃ្លាត​ពី​កន្លែងកើតហេតុ​បន្ថែមទៀត​។​

​លោក​បាន​បន្តថា នៅមាន​អ្នកនេសាទ​ច្រើន​ក្រុម​បាន​យក​សម្បក​គ្រាប់ ១០៥ មី​ល្លី​ម៉ែត្រ​នេះ​មក​កែច្នៃ​មក​ធ្វើជា​ឧបករណ៍​នេសាទ​។ ប៉ុន្តែ​ក្រុម​ផ្សេងទៀត​គេ​ចាក់​បេតុង​ប​ញ្ជូ​ល​ក្នុង​សម្បក​គ្រាប់​មួយ​នេះ គឺ​ខុសពី​ខាង​ក្រុម​អ្នករបួសធ្ងន់​ឈ្មោះ ម៉ាត់ សុះ ដែល​ប្រើ​ទឹក​សំណ​ចាក់​ចង់បាន​ទម្ងន់​ធ្ងន់​ជាងគេ​។ ឥឡូវនេះ ខាង​សមត្ថកិច្ច​បាន​អំពាវនាវ​ឲ្យ​អ្នកនេសាទ​ដែល​កំពុង​យក​សម្បក​គ្រាប់ កែច្នៃ​ធ្វើ​ឧបករណ៍​នេសាទ​ទាំងអស់​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច គឺ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​បន្តទៀត​៕ ល​