យក​ទារិកា​ទៅ​កប់​ទាំង​រស់ តែ​សំណាងល្អ​ប៉ូលិស​ទៅ​ទាន់​

192
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​ដ៏​រន្ធត់​តក់ស្លុត​ពេលដែល​ប៉ូលិស​ឥណ្ឌា ទៅ​ជួយសង្គ្រោះ​ទារិកា​ម្នាក់​ទាន់ពេលវេលា​ខណៈ​គ្រួសារ​របស់ នាង​កំពុង​ជីករណ្ដៅ​ដី​បម្រុង​នឹង​កប់​នាង​ទាំង​រស់​ទៅហើយ​។​ ​រូបភាព​វីដេអូ​ឃ្លី​ប ដែល​ថត​ដោយ​ទូរស័ព្ទដៃ​បង្ហាញ​ពី​សកម្មភាព​ប៉ូលិស​ឥណ្ឌា​ទៅ​រារាំង​បុរស​ម្នាក់​ដែល​បី​ទារិកា ដ៏​កំស​ត់រុំ​ភួយ ខណៈ​បុរស​ម្នាក់ទៀត​កំពុង​ជីករណ្ដៅ​ក្បែរ​នោះ​។​

សមត្ថកិច្ច​ឥណ្ឌា បានបញ្ជាក់​កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា​ថា ប៉ូលិស​ពីរ​នាក់​បាន​ទៅ​រារាំង​សកម្មភាព​បុរស​ជា​ជីតា ដែល​កំពុង​ព្យាយាម​កប់​ទារិកា​រងគ្រោះ​ទាំង​រស់នៅ​ក្រុង​ហ៊ី​ដឺ​រ៉ា​បាដ (Hyderabad) រដ្ឋ​តេ​ឡាន​ហ្គា​ណា (Telangana)​។ ​ប៉ូលិស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទូរទស្សន៍ NDTV ថា “​ព្រឹក​នេះ តៃកុង​ឡានក្រុង​ម្នាក់​បាន​ប្រទះ ឃើញ​បុរស​ពីរ​នាក់​យួរ​ថង់​ក្នុង​ដៃ ហើយ​នាំ​បុរស​ម្នាក់ទៀត​ជីករណ្ដៅ​។ ដោយមាន​ការសង្ស័យ​តៃកុង​ឡានក្រុង​បាន រាយការណ៍​ប្រាប់​ប៉ូលិស​ភ្លាមៗ​”​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ​ភ្លាម ប៉ូលិស​បាន​ចុះ​ទៅកាន់​កន្លែង​ហេតុ​ភ្លាមៗ អន្តរាគមន៍​ទាន់ពេលវេលា កុំ​អី​ទារិកា​នេះ លែង​បានឃើញ​ពន្លឺ​ថ្ងៃ​ជាមិនខាន​។​​ករណីនេះ​បានកើត​ឡើង​ពីរ​សប្ដាហ៍​បន្ទាប់ពី​ទារិកា​ទើបនឹង​កើត​ម្នាក់ទៀត​ត្រូវគេ​ប្រទះឃើញ​ក្នុង​ឆ្នាំងដី​នៅ​ឈាបនដ្ឋាន មួយកន្លែង​ក្នុងប្រទេស​ឥណ្ឌា ភាគ​ខាងជើង បណ្ដាលឱ្យ​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត ព្រោះ​វា​ជា​អព្ភូតហេតុ​​អស្ចារ្យ​ដែល​នាង​នៅរស់​។​

ក្នុងករណី​ក្រោយនេះ បុរស​ទាំងពីរ​និយាយថា ទារិកា​នេះ​បាន​ស្លាប់​តាំងពី​នៅក្នុង​មន្ទីរពេទ្យ​។ ប៉ុន្តែ​ប៉ូលិស​និយាយថា ពួកគេ​ឃើញ​ទារិកា​នេះ​កម្រើក​វើកៗ​នៅក្នុង​ភួយ​។​ទោះជា​យ៉ាងណា បុរស​ទាំងនេះ​ត្រូវបាន​ឃាត់ខ្លួន ប៉ុន្តែ​សមត្ថកិច្ច​បាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ​ដោយ​រង់ចាំ ចំណាត់ការ​ស៊ើបអង្កេត​បន្ត ហើយ​បច្ចុប្បន្ន​ទារិកា​នេះ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។​ប៉ូលិស​ម្នាក់​ឈ្មោះ អេ ស្រ៊ី​នី​វ៉ា​ស៊ូ​លូ (A. Srinivasulu) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន បារាំង ថា​“​ពួកគេ​គិតថា​ទារិកា​នេះ បាន​ស្លាប់​ទៅហើយ ហើយ​ត្រូវ​សាច់ញាតិ​ប្រាប់ថា​កុំឱ្យ​នាំ​សាកសព​ទៅផ្ទះ​។ យើង​ពិតជា​សប្បាយចិត្ត​ណាស់​ដែល បាន​ជួយសង្គ្រោះ​ទារិកា​នេះ​”៕ ប្រែ​សម្រួលៈ ខុម