យក​ភ្លើង​ដុត​ព្រៃត្រែង​រាល​ឆេះ​ចម្ការ​ស្វាយ​រាប់រយ​ដើម និង​ឆេះ​ត្រាក់ទ័រ​១​គ្រឿង​

316
ចែករម្លែក

ដោយ​: គ្រញូង / ប៉ៃលិន​: បុរស​ម្នាក់​បាន​យក​ភ្លើង​ដុត​ព្រៃត្រែង​ដើម្បី​ងាយស្រួល​ភ្ជួរ​រាស់​បណ្តាលឱ្យ​រាល​ឆេះ​ចម្ការ​ស្វាយ​ជាង​៨០០​ដើម​និង​ឆេះ​ត្រាក់ទ័រ​ខ្លួនឯង​១​គ្រឿង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩ នៅ​ចំណុច​ចម្ការ​ស្វាយ​មួយកន្លែង ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន​។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បាន​បើក​ត្រាក់ទ័រ​មក​ភ្ជួរ​ដី​របស់ខ្លួន​។ ដោយមាន​ដើម​ដុះ​ច្រើន​ជននេះ បាន​យក​ភ្លើង​មក​ដុត ដើម្បី​ងាយស្រួល​ភ្ជួរ​រាស់ បណ្តាលឱ្យ​ភ្លើង​រាល​ឆេះ​ចូល​ចម្ការ​ស្វាយ​អ្នកដទៃ​ឆេះ​ខូចខាត​អស់​ជាង​៨០០​ដើម និង​ឆេះ​ត្រាក់ទ័រ​ខ្លួនឯង​មួយគ្រឿង​។ ក្នុង​គ្រោះ​អគ្គិភ័យ​ភ្លើង​ឆេះ​ព្រៃ​នេះ គឺមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ប៉ៃលិន ចំនួន​ពីរ​គ្រឿង ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​។​

​ចំពោះ​ជនបង្ក​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ តែ​គេ​ដឹងថា រស់នៅ​ភូមិ​អូរ​ពឺត​សង្កាត់​ទួល​ល្វា​ក្រុង និង​ខេត្ត​ប៉ៃលិន​ខូចខាត​ត្រាក់ទ័រ​១​គ្រឿង​។ ចំណែក​ម្ចាស់​ចម្ការ​ស្វាយ​មានឈ្មោះ ចាន់ ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​អូរ​តា​ពុក សង្កាត់​ក្រុង និង​ខេត្ត​ប៉ៃលិន ខូច​ខាតដើម​ស្វាយ​ជាង​៨០០​ដើម​។​

​ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ក ដើម្បី​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​