យក​ម្រាមដៃ​កេះ​ច្រមុះ អាច​ចម្លង​បាក់តេរី​រលាក​សួត​

992
ចែករម្លែក

​ការប្រើ​ម្រាមដៃ​កេះ​ច្រមុះ អាចធ្វើ​ឲ្យ​រាលដាល​បាក់តេរី pneumococcal បង្ក​មូលហេតុ​សំខាន់​ដល់​ការ​រ​រលាក​សួត ដែលជា​ជំងឺ​ឆក់យក​ជីវិត​ក្មេង​អាយុ​ក្រោម ៥ ឆ្នាំ ចំនួន ១,៣ លាន​នាក់ ក្នុង​១​ឆ្នាំៗ ។​

​ប្រសិន​គិតថា សកម្មភាព​កេះ​ច្រមុះ​របស់​ក្មេង​គ្មាន​គ្រោះថ្នាក់ នោះ​អាណាព្យាបាល​ទាំងឡាយ​គួរ​ពិចារណា​ឡើងវិញ ក្រោយពេល​ដឹង​លទ្ធផល​ស្រាវជ្រាវ​ថ្មី​នេះ ។​

​តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ទើប​ប្រកាស​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការប៉ះពាល់​រវាង​ច្រមុះ និង​បាតដៃ អាចធ្វើ​ឲ្យ​រាលដាល​បាក់តេរី​រលាក​សួត ។​

​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា កម្រិត​បាក់តេរី​រាលដាល គឺ​ដូចគ្នា ទោះបី​ច្រមុះ​នៅ​ស្ថានភាព​ស្ងួត ឬ សើម​, ទោះបី​រុក​ម្រាមដៃ​ចូលក្នុង​ច្រមុះ ឬ គ្រាន់តែ​ញី​ច្រមុះ​ដោយ​បាតដៃ ។ ប្រការនេះ​គួរ​ឲ្យ​ខ្លាច​បំផុត ព្រោះ​ជំងឺ​រលាក​សួត ជា​មូលហេតុ​សម្លាប់​មនុស្ស​ជាច្រើន​លើ​ពិភពលោក ។​

​មនុស្ស​ចាស់ និង​អ្នកមាន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ខ្សោយ​ថែមទាំង​នៅមាន​ហានិភ័យ​ឆ្លង​បាក់តេរី​រលាក​សួត​ខ្ពស់ជាង​ធម្មតា ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ទូន្មាន​ថា «​ជាការ​លំបាក​ណាស់ ដើម្បី​ទប់ស្កាត់​ក្មេង​មិន​ឲ្យ​កេះ ឬ ញី​ច្រមុះ ។ ប៉ុន្តែ ឪពុកម្តាយ​គួរ​ធានា​អនាម័យ​បាតដៃ​ក្មេង​ឲ្យ​ស្អាតបាត​, សំអាត​របស់​លេង ឬ ផ្ទៃ​របស់​ទាំងឡាយ​ដែល​ក្មេង​ប៉ះពាល់ ដើម្បី​បន្ថយ​ហានិភ័យ​នេះ​»៕ ប្រែ​សម្រួល​: រតនៈ​

#