យន្ដហោះ​ចម្បាំង​បំបាំងកាយ J-20 របស់​ចិន​ទុក​សម្រាប់​បំពេញ​កាតព្វកិច្ច​ប្រយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

234

​យន្ដហោះ​ចម្បាំង​បំបាំងកាយ J-20 របស់​ចិន ដែលជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥​តិចតួច​បំផុត​នៅលើ​ពិភពលោក ត្រូវបាន​ដាក់ពង្រាយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ត្រូវបាន​បំពាក់អាវុធ​ដាក់​គ្រាប់​ពិត ដើម្បី​ល្បាត​ដែនទឹក​មាន​ជម្លោះ​នេះ​។

​កាសែត Global Times បាន​ដកស្រង់​សម្តី លោក ស៊ូ ក្វាង​យូ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សមគម​គ្រប់គ្រង​និង​រំសាយ​អាវុធ​ចិន ដោយ​និយាយថា “​យើង​ទើបតែ​ទទួលបាន​យន្ដហោះ​ចម្បាំង​ពី​ប្រទេស​រុស្ស៊ី​និង​បាន​បើកសម្ពោធ​យន្តហោះ J-20 កាលពី​ឆ្នាំមុន ហើយ​ឥឡូវនេះ​យើង​អាចដាក់​វា​នៅក្នុង​បេសកកម្ម​ប្រយុទ្ធ​ពិតប្រាកដ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​”​។

​នៅ​ចុងឆ្នាំ ២០១៧ រុស្ស៊ី​បានសម្រេច​ជា​ស្ថាពរ​នូវ​ការដឹកជញ្ជូន​យន្តហោះ​ចម្បាំង Su-35 ចំនួន ២៤ គ្រឿង ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជា​ទិញ​ក្នុង​ឆ្នាំ ២០១៥ ក្នុង​ទឹកប្រាក់​ប្រហែល ២ ពាន់​លាន​ដុល្លារ​។ លោក​ស៊ូ​បាន​និយាយថា ក្រៅពី​យន្តហោះ J-20 យន្តហោះ Su-35 “​មាន​លក្ខណៈ​ទំនើប​ជាង​យន្តហោះ​ចម្បាំង​ចិន​ផ្សេងទៀត​នៅពេល​បច្ចុប្បន្ន​”​។​

​លោក ស៊ូ បន្តទៀតថា “​វត្តមាន​យន្តហោះ​ចម្បាំង​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ដ៏​ទំនើប​ដែលមាន​សមត្ថភាព​វាយប្រហារ​លើ​នាវាចម្បាំង​នៅលើ​ផ្ទៃ​ទឹក​នៅក្នុង​តំបន់​នេះ​គឺជា​ប្រតិកម្ម​តប​ទៅនឹង​ការបង្ក​ហេតុ​ដោយ​សហរដ្ឋអាមេរិក​”​។​

​កាលពី​ខែមករា​ឆ្នាំ ២០១៨ នាវា​ពិឃាត​របស់​កងទ័ពជើងទឹក​អាមេរិក​មួយគ្រឿង​បាន​បើក​ចូល​យ៉ាង​កៀក​ជិត​កោះ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​រវាង​ចិន​និង​ហ្វីលីពីន​។​

​យោងតាម​កាសែត Asia Times ក្រុមអ្នកវិភាគ​និយាយថា យន្តហោះ​ចម្បាំង J-20 អាចមាន​ឥទ្ធិពល​តិចតួច​ទៅលើ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​យន្តហោះ​នេះ​មិន​ត្រូវបាន​ផលិតឡើង​សម្រាប់​ល្បាត​តាម​ដែនសមុទ្រ​នោះទេ ប៉ុន្តែ​ដើម្បី​ឧត្តមភាព​ជើង​អាកាស​លើ​ដែនដី​ដែល​សត្រូវ​កាន់កាប់​។

​កាសែត​នេះ​បាន​កត់សម្គាល់ថា ក្រៅពី “​ឧបសគ្គ​នៃ​ការផលិត​” ដែល​រឹតត្បិត​ផលិតកម្ម​សរុប​នៃ​យន្តហោះ J-20 “​សីតុណ្ហភាព​ក្តៅ សើម និង សំណឹក​ដោយសារ​ជាតិ​អំបិល​នៅ​ទីនោះ នឹង​ធ្វើឱ្យ​សឹករេចរឹល​ថ្នាំ​កូដ​បំបាំងកាយ​របស់​យន្តហោះ J-20 ជាហេតុ​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វា បន្ទាប់ពី​ប៉ះពាល់​នឹង​បរិស្ថាន​បែបនេះ​រយៈពេល​យូរ​។​

​យន្តហោះ J-20 និង Su-35 អាចដាក់​នៅលើ​នាវា​ផ្ទុក​យន្ដហោះ​របស់​ចិន​បាន ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​សាងសង់​កោះ​និង​ការស្ថាបនា​សំណង់​ជាច្រើន​នៅលើ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​រួមមាន​ទាំង​ការស្ថាបនា​ផ្លូវ​យន្តហោះ និង​ឃ្លាំង​ផ្ទុក​សម្ភារៈ​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

យន្ដហោះ​ចម្បាំង​បំបាំងកាយ J-20 របស់​ចិន