យន្ដហោះ​ចម្បាំង Typhoon របស់​អង់គ្លេស​ហោះ​ប្រដេញ​ពីរដង​ក្នុង​មួយថ្ងៃ​ដើម្បី​ឆ្លើយតប​នឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី

433
ចែករម្លែក

​យន្ដហោះ​ចម្បាំង Typhoon បានចេញ​ហោះ​ប្រដេញ​ពីរដង​ក្នុង​មួយថ្ងៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក “Bear” (​ខ្លាឃ្មុំ​) របស់​រុស្ស៊ី​ពីរ​គ្រឿង ដែល​មួយ​ក្នុងចំណោម​នោះ “​បាន​ហោះ​សំដៅ​មក​ជិត​ដែនអាកាស​អង់គ្លេស​”​។​

​ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយថា​យន្ដហោះ​ចម្បាំង​អង់គ្លេស​បាន​ហោះ​ប្រដេញ​ចេញពី​ទីតាំង​ចំនួន​ពីរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​សីហា​នៅក្នុង​ឧបទ្ទវហេតុ​ពីរ​ផ្សេងគ្នា​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី ដែល​ហោះ​ខិតជិត​ដែនអាកាស​អន្តរជាតិ​របស់​ប្រទេស​សមាជិក​អង្គការ​ណា​តូ​មួយ​នេះ​។​

​ក្រសួងការពារជាតិ​បាន​និយាយថា យន្ដហោះ​ប្រតិកម្ម​រហ័ស Typhoon មកពី​មូលដ្ឋានទ័ព RAF Lossiemouth រួមជាមួយ​យន្តហោះ​មួយទៀត​មកពី​មូលដ្ឋានទ័ព RAF Brize Norton បាន​ហោះ​ប្រដេញ​យន្តហោះ​ល្បាត​ដែនសមុទ្រ Bear របស់​រុស្ស៊ី​ពីរ​គ្រឿង ដែល​កំពុង​ហោះ​សំដៅ​មក​ជិត​ដែនអាកាស​អង់គ្លេស​។​

​ក្រសួង​បាន​និយាយថា “​យន្តហោះ​ចម្បាំង​របស់​យើង​បាន​អមដំណើរ​ពួកគេ​ចេញពី​តំបន់​ផលប្រយោជន៍​របស់​ចក្រ​ភព​អង់គ្លេស​និង​ធានាថា​ពួកគេ​មិន​ចូលមក​ដែនអាកាស​អធិបតេយ្យភាព​របស់​ច​ក្រ​ភព​អង់គ្លេស​ឡើយ​។ ការហោះ​ស្ទាក់​និង​ការត្រួតពិនិត្យ​ត្រូវបាន​បំពេញ​នៅក្នុង​ដែនអាកាស​អន្តរជាតិ​និង​ធ្វើឡើង​ប្រកបដោយ​សុវត្ថិភាព​និង​វិជ្ជាជីវៈ​”​។​

​ក្រសួងការពារជាតិ​បាន​និយាយថា យន្ដហោះ​រុស្ស៊ី “​តែង​ព្យាយាម​ធ្វើតេស្ត​ជា​ញឹកញាប់​នូវ​កម្រិត​នៃ​ការត្រៀម​លក្ខណៈ​របស់​អង្គការ​ណា​តូ​” ក៏ដូចជា “​រៀបចំ​បេសកម្ម​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​” ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

យន្ដហោះ​ចម្បាំង Typhoon ចេញ​ហោះ​ប្រដេញ​យន្តហោះ Bear របស់​រុស្ស៊ី​ពីរលើក​កាលពី​ថ្ងៃ​ព្រហស្បតិ៍