យន្តហោះ​គ្មាន​មនុស្ស​បើក​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​ផលិត​នៅ​ចិន​ធ្វើការ​ហោះហើរ​ជា​លើកដំបូង​

602
ចែករម្លែក

​ក្រុមហ៊ុន OXAI Aircraft Co. , Ltd បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​កក្កដា​ថា យន្ដហោះ​គ្មាន​មនុស្ស​បើក​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​ផលិត​នៅ​ចិន ឈ្មោះ “MOZI 2” បាន​បំពេញ​នូវ​ការហោះហើរ​លើកដំបូងរ​បស់​វា​ដោយ​ជោគជ័យ​។​

​យោងតាម​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ​នេះ​បានឱ្យដឹងថា ការហោះហើរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ ខែកក្កដា​នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​តំបន់​តេ​ឈី​ង​ក្នុង​ខេត្ត​ចឺ​ជាំ​ង ប្រទេស​ចិន​។​

​ក្រុមហ៊ុន​បាន​និយាយថា យន្ដហោះ ដែល​រចនា​ឡើង​ដោយមាន​ស្លាប​ប្រវែង ១៥ ម៉ែត្រ​និង​បំពាក់​ដោយ​អាគុយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​តែមួយគត់​នេះ អាច​ហោះ​បាន​កម្ពស់​អតិបរមា ៨.០០០ ម៉ែត្រ​។ វា​អាច​បើកបរ​ក្នុង​ល្បឿន​យឺត​បាន​រហូតដល់ ១២ ម៉ោង​អំឡុង​ពេលយប់ បន្ទាប់ពី​សាក​ភ្លើង​នៅក្រោម​ពន្លឺព្រះអាទិត្យ​រយៈពេល ៨ ម៉ោង​។​

​យន្ដហោះ​នេះ​ត្រូវគេ​រំពឹងថា​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​ផ្សេងៗ ការឃ្លាំមើល និង​ការទំនាក់ទំនង​។​

​លោក ម៉ៅ យី​ឈី​ង អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន បាន​និយាយថា ពួកគេ​នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា 5G ដើម្បី​ពង្រីក​កម្មវិធី​របស់​យ​ន្ត​ហោះ​នេះ​បន្ថែមទៀត​៕ ដោយ៖ កញ្ញាដាលីស