យន្តហោះ​ចម្បាំង​ចិន​ធ្វើ​សមយុទ្ធ​ហោះ​នៅ​កម្ពស់​ខ្ពស់​ជាប់​ព្រំដែន​ភាគ​ខាងលិច​ក្បែរ​ឥណ្ឌា បន្ទាប់ពី​កែលម្អ​ជាមួយ​ម៉ាស៊ីន​ថ្មី​របស់​រុស្ស៊ី​

2639
ចែករម្លែក

​វីដេអូ​ថ្មី​មួយ​អំពី​យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​រំដោះប្រជាជន​ចិន (PLAAF) ដែល​ហោះហើរ​នៅ​ភាគ​ខាងលិច​ប្រទេស​ចិន​បានធ្វើឱ្យ​ពួក​អ្នកវិភាគ​យោធា​ចិន​វាយតម្លៃថា ប្រទេស​នេះ​កំពុង​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅ​ជិត​ព្រំដែន​ជាមួយ​ឥណ្ឌា​ហើយ​ថា​ប្រទេស​នេះ​បាន​ជម្នះ​កំហុស​បច្ចេកទេស​មួយចំនួន​ដើម្បី​ក្លាយជា​កងកម្លាំង​ប្រយុទ្ធ​នៅ​តំបន់ភ្នំ​ដ៏​មាន​ប្រសិទ្ធិភាព​។​

​កាសែត South China Morning Post បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥​មីនា​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក Xian JH-7 យន្តហោះ​ចម្បាំង​ចម្រុះ​មុខនាទី Chengdu J-10 និង​យន្តហោះ​ចម្បាំង​ដ៏​ខ្លាំងក្លា​បំផុត​លើ​អាកាស J-11 បាន​ហោះហើរ​នៅ​កម្ពស់​ខ្ពស់​លើ​ភ្នំ​ទឹកកក ខណៈ​កំពុង​ធ្វើ​សមយុទ្ធ​នៅ​ភាគ​និរតី​ប្រទេស​ចិន​។ វីដេអូ​នេះ​ត្រូវបាន​ចេញផ្សាយ​ដោយ PLAAF កាលពី​ថ្ងៃ​ចន្ទ ទី​១២ មីនា​។​

​ប្រមុខ​ទីបញ្ជាការ​ភូមិភាគ​ខាងលិច​របស់ PLAAF បាន​និយាយ​នៅក្នុង​វីដេអូ​នោះ​ថា “​យន្ដហោះ​ទាំងនេះ​បានធ្វើ​សមយុទ្ធ​មិន​ត្រឹមតែ​ផ្តោត​សំខាន់​លើ​គូប្រជែង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផ្តោតលើ​ការទទួលបាន​នូវ​ជំនាញ​ប្រយុទ្ធ​ដ៏​មាន​ប្រយោជន៍​និង​មាន​ប្រសិទ្ធភាព​ទៀតផង​”​។​

​អ្នកវិភាគ​ឈ្មោះ​សុង ចុង​ពីង បាន​ប្រាប់​កាសែត SCMP ថា “​វីដេអូ​នេះ​បាន​បង្ហាញថា​ម៉ាស៊ីន​នៅក្នុង​យន្តហោះ​ចម្បាំង​របស់​ចិន​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង ក្នុងន័យ​ស្ថិរភាព​លើ​ភូមិសាស្ត្រ​ដ៏​ស្មុគស្មាញ​។ វា​ក៏បាន​បង្ហាញ​សញ្ញា​ផងដែរ​ថា ចិន​បាន​បង្កើត​យន្តហោះ​ឯកទេស​កម្រិត​ខ្ពស់​នៅ​ភាគ​ខាងលិច​ប្រទេស​”​។​

​កាសែត​នៅ​ហុងកុង​នេះ​បាន​កត់សម្គាល់ថា ការហោះហើរ​ដ៏​ជោគជ័យ​នេះ​បង្ហាញថា ម៉ាស៊ីន​រុស្ស៊ី​ថ្មី​របស់​យន្តហោះ​ទាំងនេះ​បាន​ជួយ​ជម្នះ​កំហុស​បច្ចេកទេស​មុនៗ​នៅពេល​ហោះ​នៅ​កម្ពស់​ខ្ពស់​។​

​កាលពី​ឆ្នាំ ២០១៥ យន្តហោះ J-10 បាន​បាត់បង់​កម្លាំង​ម៉ាស៊ីន​បន្ទាប់ពី​ហោះ​លើ​កម្ពស់ ៣.០០០ ម៉ែត្រ ដោយ​បង្ខំ​ឱ្យ​អ្នកបើក​យន្តហោះ​លោត​ចេញពី​យន្តហោះ​ដើម្បី​សុវត្ថិភាព​។ នេះ​បើតាម​ទូរទស្សន៍​ចិន CCTV និយាយ​នៅ​គ្រានោះ​។​

​យន្តហោះ​ចម្បាំង J-10 និង J-11 ជំនា​ន់ទី​៣ ត្រូវបាន​កែ​ឱ្យ​ទំនើប​ជាមួយនឹង​ម៉ាស៊ីន​យន្តហោះ AL-31F របស់​រុស្ស៊ី​ដើម្បី​អនុញ្ញាតឱ្យ​ហោះហើរ​បាន​កាន់តែ​ខ្ពស់​។​

​យោងទៅតាម​លោក​លឿង ក្វុ​កលឹង បានឱ្យដឹងថា សមត្ថភាព​របស់​យន្ត​ហោះ​ចម្បាំង​ចិន​ក្នុង​ការហោះហើរ និង​ចុះចត​នៅ​កម្ពស់​ខ្ពស់​រំលង​លើ​ភ្នំ​ហេមពាន្ត​ធ្វើឱ្យ​ទ័ពអាកាស​ឥណ្ឌា “​មាន​ប្រសិទ្ធភាព​ទាប​ជាង​ខ្លួន​”​។ កាលពី​ឆ្នាំមុន​កងកម្លាំង​ឥណ្ឌា​និង​ចិន​បាន​ប្រឈមមុខ​ដាក់គ្នា​នៅ​ព្រំដែន​ចិន​-​ឥណ្ឌា​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង​ចិន​ធ្វើ​សមយុទ្ធ​ក្បែរ​ព្រំដែន​ឥណ្ឌា