យន្តហោះ​ចម្បាំង​បំបាំងកាយ​ច្រើន​គ្រឿង​និង​យន្តហោះ​ផ្សេងៗ​ជាច្រើន​ទៀត​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​អាមេរិក​-​កូរ៉េខាងត្បូង​

699

យន្តហោះ​រាប់រយ​គ្រឿង​ដែល​រួមទាំង​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ជាង​២០​គ្រឿង​បានចាប់ផ្តើម​ហ្វឹកហាត់​នៅ​ថ្ងៃ​ចន្ទ​ទី​៤​ខែធ្នូ​នេះ នៅពេលដែល​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងកម្លាំង​អាកាស​រួមបញ្ចូល​គ្នា​ដ៏​ធំ​បំផុត​។ សមយុទ្ធ​នេះ ត្រូវបាន​ធ្វើឡើង គឺ​មួយ​សប្តាហ៍ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM) ដ៏​ខ្លាំង​របស់ខ្លួន ដែល​អាច​បាញ់​ដល់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​សហរដ្ឋ​អាមេរិក​។​

​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា សមយុទ្ធ​ឈ្មោះថា “Vigilant Ace” ដែលមាន​រយៈពេល​៥​ថ្ងៃនេះ គឺ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​សម្ព័ន្ធមិត្ត​ក្នុងពេល​សង្គ្រាម​។​

​កងទ័ពអាកាស​ទី​៧​របស់​សហរដ្ឋអាមេរិក​បាន​បញ្ជូន​គ្រឿង​សព្វាវុធ​យោធា​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ ដែល​រួមទាំង យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 ចំនួន​៦​គ្រឿង និង F-35 ចំនួន​១៨​គ្រឿង សម្រាប់​សមយុទ្ធ​ហ្វឹកហ្វឺន​ប្រចាំ​ឆ្នាំនេះ​នៅ​ឧបទ្វីប​កូរ៉េ​។ កងទ័ព​អាមេរិក​ប្រហែល ១២.០០០ នាក់​កំពុង​ចូលរួម​សមយុទ្ធ​រួមគ្នា​នេះ ។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន​បាន​រាយការណ៍​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក B-1B ជាច្រើន​គ្រឿង​ក៏​នឹងចូលរួម​សមយុទ្ធ​នេះ​ផងដែរ ប៉ុន្តែ​ក្រុមមន្ត្រី មិនអាច​បញ្ជាក់បាន​អំពី​សេចក្តីរាយការណ៍​នេះ​ទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​បាន​និយាយថា “​សមយុទ្ធ​រួមគ្នា​នេះ​រុញ​ឧបទ្វីប​កូរ៉េ​ឱ្យ​ទៅរក​មាត់ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​” ។ ការប្រើ​ភាសា​បែបនេះ គឺ មាន​លក្ខណៈសាមញ្ញ​ទៅហើយ​នៅក្នុង​ការឃោសនា​របស់​កូរ៉េខាងជើង ដោយសារតែ ប្រទេស​នេះ​ចាត់ទុក​ការធ្វើ​សមយុទ្ធ​អាមេរិក​-​កូរ៉េខាងត្បូង​បែបនេះ ថា​ជាការ​ត្រៀមខ្លួន​សម្រាប់​ការឈ្លានពាន​។​

​ខណៈពេលដែល​ប្រជាជន​កូរ៉េខាងត្បូង​ភាគច្រើន​មិន​អើពើ​នឹង​ពាក្យសម្តី​វោហា​សាស្ត្រ​របស់​កូរ៉េខាងជើង​នោះ ក្រុមមន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយចំនួន បាន​សម្តែង​ការព្រួយបារម្ភ បន្ទាប់ពី​មានការ​សាកល្បង មី​ស៊ី​ល​ឆ្លង​ទ្វីប ដែលជា​ការបាញ់​សាកល្បង​លើក​ទី​៣ នៃ​ប្រភេទ​មី​ស៊ី​ល​បែបនេះ​ដោយ​កូរ៉េខាងជើង​។​

​កាលពី​ថ្ងៃអាទិត្យ លោក លីន​សី ហ្គ្រា​ហាំ សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​និយាយថា លោក​ជឿថា វា​ដល់ពេល​សម្រាប់​គ្រួសារ​យោធា​អាមេរិក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ចាកចេញ​ពី​ប្រទេស​នេះហើយ ដោយសារ​ជម្លោះ​ជាមួយ​កូរ៉េខាងជើង កំពុង​ខិត​មក​កាន់តែ​ជិត​៕ ដោយ៖ សុខា

​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 របស់​អាមេរិក ហោះ​ចេញពី​មូលដ្ឋាន​កងទ័ពអាកាស​នៅ​ទីក្រុង​ក្វាង​ជូ ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ចន្ទ​ទី​៤​ខែធ្នូ​នេះ