យន្តហោះ​ចម្បាំង​បំបាំងកាយ J-20 ជំនា​ន់ទី ៥ របស់​ចិន ចូលរួម​ក្នុង​សមយុទ្ធ​ហ្វឹកហាត់​ប្រយុទ្ធ​ជា​លើកដំបូង​

670

​កងទ័ពអាកាស​ចិន​បានដាក់​ពង្រាយ​យន្តហោះ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​របស់ខ្លួន គឺ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនា​ន់ទី​៥ J-20 ដើម្បី​ធ្វើ​សមយុទ្ធ​ហ្វឹកហាត់​ប្រយុទ្ធ​ជាមួយ​យន្ដហោះ​ទំនើប​ផ្សេងទៀត​។​

​កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មករា​ថា​យន្តហោះ J-20 ជាច្រើន​គ្រឿង​បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​ប្រយុទ្ធ​ទល់នឹង​យន្តហោះ​ចម្បាំង​ធុន J-16 និង J-10C​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា សមយុទ្ធ​នេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល ៩ ថ្ងៃ​នៅឯ​មូលដ្ឋាន​អាកាស​មួយ​ដែល​គេ​មិន​ប្រាប់ឱ្យដឹង​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា យោធា​និយាយថា យន្តហោះ J-20 បាន​អនុវត្ត​ការប្រយុទ្ធ​ក្នុង​ចម្ងាយ​ឆ្ងាយ​មើលលែងឃើញ ក្នុងអំឡុងពេល​សមយុទ្ធ​ទាំងនេះ ដោយ​មិន​បញ្ជាក់​ព័ត៌មាន​លម្អិត​លើសពីនេះ​ទៀត​នោះទេ​។​

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​កងទ័ពអាកាស​បាន​បញ្ជាក់ថា យន្តហោះ J-20 បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​ប្រយុទ្ធ​។​

​កាលពី​ខែកក្កដា​ឆ្នាំមុន (​ឆ្នាំ ២០១៧) កងទ័ពអាកាស​បា​នប​ញ្ជូ​ន​យន្តហោះ J-20 ចំនួន ៣ គ្រឿង​ទៅឱ្យ​ហោះ​អម​ក្បួន​ដង្ហែ​យោធា​មួយ​នៅ​មូលដ្ឋាន​បណ្តុះបណ្តាល​ជី​រី​ហឺ​នៅក្នុង​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ហើយ​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​បង្ហាញ​ជា​សាធារណៈ​នូវ​ព័ត៌មាន​លម្អិត​អំពី​ផ្នែក​ខាងក្នុង​នៃ​កាប៊ីន​យន្ដហោះ​នេះ​ជា​លើកដំបូង​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ J-20 ចូលរួម​សមយុទ្ធ​ហ្វឹកហាត់​ប្រយុទ្ធ​ជា​លើកដំបូង