យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 របស់​ជប៉ុន​ទទួលបាន​មី​ស៊ី​ល​ថ្មី​មាន​សមត្ថភាព​ប្រឆាំងនឹង​នាវាចម្បាំង​

3198
ចែករម្លែក

​ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​ការពារជាតិ​របស់​ន័​រ​វែ​ស Kongsberg Defense & Aerospace បាន​ចុះកិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ផ្តល់នូវ “​ការដឹក​បញ្ជូន​ដំបូង​” នៃ​ជំនាន់​ក្រោយ​នៃ​មី​ស៊ី​ល​វាយប្រហារ​រួម​ដែល​អាច​បញ្ជា​ទិស​និង​ហោះ​ចម្ងាយ​ឆ្ងាយ (JSMs) សម្រាប់​កង​យន្តហោះ​ចម្បាំង​បំបាំងកាយ Lockheed Martin F-35 នៃ​កងកម្លាំង​ស្វ័យការពារ​អាកាស​ជប៉ុន (JASDF)​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ១១ ខែមីនា​កន្លងទៅ​។​

​ក្រុមហ៊ុន Kongsberg មិនបាន​បង្ហើប​ពី​តម្លៃ​នៃ​កិច្ចសន្យា​និង​ចំនួន​មី​ស៊ី​ល ដែល​ត្រូវ​ប្រគល់ឱ្យ​នោះទេ​។ ក្រុមហ៊ុន​ក៏​មិនបាន​បង្ហាញ​ពី​ពេលវេលា​នៃ​ការដឹកជញ្ជូន​នោះដែរ​។ ថវិកា​ការពារជាតិ​ជប៉ុន​ឆ្នាំ ២០១៩ បាន​បម្រុង​ទុក​ប្រមាណ ៧១ លាន​ដុល្លារ​ដើម្បី​ទិញ​មី​ស៊ី​ល JSM​។​

​ជប៉ុន​បានប្រកាស​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៧ ថា​ខ្លួន​នឹង​ទិញយក​មី​ស៊ី​ល JSM ។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជំនាន់​នោះ គឺ លោក អ៊ី​ទូ​ណូរី អូ​ណូ​ដេ​រ៉ា បាន​និយាយ​នៅក្នុង​ខែធ្នូ​ឆ្នាំ ២០១៧ ថា “​យើង​គ្រោង​នឹង​ណែនាំ​មី​ស៊ី​ល JSM ដែល​នឹងត្រូវ​បំពាក់​នៅលើ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35A ដើម្បី​ធ្វើជា​មី​ស៊ី​ល​ទប់ទល់ ដែល​អាច​បាញ់​ចេញ​ហួស​ពី​ចម្ងាយ​នៃ​ការគំរាមកំហែង​របស់​សត្រូវ​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 នឹងត្រូវ​បំពាក់​ជាមួយ​មី​ស៊ី​ល​ប្រឆាំង​នាវា JSM
#