យន្តហោះ​ចម្បាំង​រុស្ស៊ី​ចេញទៅ​ការពារ​យន្តហោះ​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ណា​តូ​ហោះ​ចូលមក​កៀក​ពេក​

3630
ចែករម្លែក

​យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ យន្ដហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​បាន​ហោះ​ទៅ​បណ្តេញចេញ​យន្តហោះ​យោធា​ណា​តូ​មួយគ្រឿង ដែល​ហោះ​ឆ្ពោះទៅរក​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង ដែល​ដឹក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​។​

​បណ្តាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Rossiya 24 កាលពី​ថ្ងៃ​អង្គារ​ទី​១៣​សីហា​បាន​ចាក់ផ្សាយ​វីដេអូ​នៃ​ការ​ពើបប្រទះ​លើ​អាកាស​នេះ​នៅលើ​សមុទ្រ​បាល់​ទិ​ក ភ្លាមៗ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​លោក សឺ​ហ្គី សយ​ហ្គូ វិលត្រឡប់​ទៅកាន់​ទីក្រុង​មូ​ស្គូ​វិញ​ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​កាលី​នី​ន​ហ្គា​ដ ភាគ​និរតី​នៃ​ប្រទេស​រុស្ស៊ី​។​

​វីដេអូ​នោះបាន​បង្ហាញ​យន្តហោះ​រុស្ស៊ី Su-27 ប្រញាប់ប្រញាល់​ទៅ​បណ្តេញចេញ​នូវ​យន្តហោះ​ចម្បាំង F-18 ដែល​ហោះ​ក្បែរ​យន្តហោះ​របស់​រដ្ឋមន្ត្រី​រុស្ស៊ី​។​

​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ជាច្រើន​បាន​ផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ណា​តូ​ដោយ​និយាយថា យន្តហោះ​ចម្បាំង​នៃ​សម្ព័ន្ធមិត្ត​យោធា​លោកខាងលិច​មួយគ្រឿង​បាន​ហោះ​ចេញទៅ​មើល​ដើម្បី​កំណត់​អត្តសញ្ញាណ​យន្តហោះ​រុស្ស៊ី​នៅលើ​សមុទ្រ​បាល់​ទិ​ក ដោយ​មិនបាន​ដឹងថា​លោក​សយ​ហ្គូ​ស្ថិតនៅលើ​នោះទេ​។​

​ឧ​ប​ទ្ទ​ហេតុ​ស្រដៀង​គ្នា​នេះ​បាន​កើតឡើង​ក្នុង​ឆ្នាំ ២០១៧ នៅពេលដែល​យន្តហោះ​ចម្បាំង F-16 របស់​ប៉ូឡូញ​បាន​ហោះ​សំដៅ​យន្ដហោះ​របស់លោក​សយ​ហ្គូ​នៅលើ​សមុទ្រ​បាល់​ទិ​ក ហើយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​បាន​ហោះ​បណ្តេញ​វា​ចេញ​ឆ្ងាយ​។​

​មានការ​ពើបប្រទះ​បែបនេះ​ជា​ញឹកញាប់​រវាង​យន្តហោះ​រុស្ស៊ី​និង​យន្ត​ហោះណា​តូ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយសារ​ភាគី​ទាំងពីរ​បាន​បង្កើន​ការ​ល្បាត​យោធា​ចំពេល​ភាព​តានតឹង​កើនឡើង​។​

​ការ​ពើបប្រទះ​ខ្លះ​បង្កឱ្យមាន​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា អ្នកបើក​យន្តហោះ​បើក​ប្រដេញ​គ្នា​ដោយ​គ្មាន​សុវត្ថិភាព​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំងរ​ស្ស៊ី Su-27 ហោះ​បណ្តេញ​យន្ត​ហោះណា​តូ F-18 ដែល​ហោះ​មក​កៀក​យន្តហោះ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី