យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី F-16 មាន DNA របស់​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 និង F-35

814
ចែករម្លែក

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​២០​សីហា​ ឆ្នាំ២០១៩បាន​អនុម័ត​យល់ព្រម​លក់​យន្តហោះ​ប្រយុទ្ធ F-16​ចំនួន​៦៦​គ្រឿង​ទៅ​ឱ្យ​តៃវ៉ាន់។ 

កាលពី​ឆ្នាំ​២០១៨​ ​ក្រុមហ៊ុន Lockheed Martin បានទទួល​កិច្ចសន្យា​តម្លៃ ១,១២ ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អាម៉េរិក​ដើម្បី​ផលិត​យន្តហោះ F-16 Block 70 Fighting Falcons ចំនួន ១៦ គ្រឿង​សម្រាប់​ប្រទេស​បា​រ៉ែ​ន​។​

“​ការផ្តល់ជូន​កិច្ចសន្យា​សកម្ម​មិន​កំណត់​អត្តសញ្ញាណ​នេះ​” មានន័យថា កងទ័ពអាកាស​របស់​បា​រ៉ែ​ន​នឹង​ក្លាយជា​ប្រតិបត្តិ​ករ​ដំបូង​គេ​នៃ​យន្តហោះ F-16 ដែលមាន​លក្ខណៈ​ទំនើប​ជឿនលឿន​និង​មាន​សមត្ថភាព​ខ្ពស់បំផុត​។​

​លើសពីនេះទៅទៀត ខុសពី​យន្តហោះ F-16 ជំនាន់​មុន ដែល​សាងសង់​នៅ​ទីក្រុង​ហ្វ​ត​វុ​ស រដ្ឋ​តិច​សាស យន្តហោះ​ថ្មី​ទាំងនេះ​ត្រូវ​ផលិត​នៅ​ទីក្រុង​ហ្គ្រី​ន​វី​ល រដ្ឋ​សៅ​ខា​រ៉ូ​លី​ណា​។​

​ជាមួយ​ការផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​ស៊េរី​ថ្មី F-35 Joint Strike Fighter របស់​ក្រុមហ៊ុន Lockheed Martin កំពុងមាន​ការកើនឡើង ខណៈ​ផលិតកម្ម​យន្តហោះ F-16 មានការ​ថយចុះ ក្រុមហ៊ុន​បាន​បង្ខំចិត្ត​រើ​ទីតាំង​រោច​ក្រ​ផលិត​យន្តហោះ F-16 ទៅ​រោងចក្រ​តូច​ជាង​មុន ដែល​អាច​គ្រប់គ្រង​បរិមាណ​ទាប​។ ទោះយ៉ាងណា ចំណាត់ការ​នេះ​តំណាងឱ្យ​ការចាប់ផ្តើម​ថ្មី​សម្រាប់​យន្តហោះ F-16 ដែល​នៅតែ​រំពឹង​លក់ដាច់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។​

​យន្តហោះ F-16 Block 70 Fighting Falcons គឺជា​យន្តហោះ​ចម្បាំង​ដ៏​មាន​សមត្ថភាព​ខ្ពស់​មួយ និង​បាន​ទាញយក​បច្ចេកវិជ្ជា​មួយចំនួន​ពី​យន្តហោះ​ចម្បាំង​ទំនើប​ជាង​នេះ ឈ្មោះ F-35​។ ប៉ុន្តែ​ខណៈ​យន្តហោះ F-35 មាន​បច្ចេកវិជ្ជា​ទំនើប​ជាង​និង​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់ជាង​យន្តហោះ F-16 មិនមែន​ប្រទេស​ទាំងអស់​សុទ្ធតែ​ត្រូវការ​យន្តហោះ​បំបាំងកាយ F-35 ឬ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ផ្សេង​នោះទេ​។ ក្នុងស្ថានភាព​បែប​នោះ យន្តហោះ F-16 Block 70 Fighting Falcons គឺ​ត្រូវតែ​ជា​យន្តហោះ​ចម្បាំង​មាន​សមត្ថភាព​បំផុត​មួយ​ដែល​អាច​រកបាន​នៅតាម​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាម៉េរិក​។

​រ៉ា​ដា​ឈ្មោះ Northrop Grumman APG-83 Active Electronically Scanned Array របស់​យន្តហោះ F-16 គឺ​យក​លំនាំ​បច្ចេកវិជ្ជា​ពី​យន្តហោះ​ចម្បាំង F-22 Raptor និង F-35 និង​អាច​តាមដាន​គោលដៅ​ជាង ២០ ក្នុងពេល​តែមួយ​។ រ៉ា​ដា​នេះ​មាន​សមត្ថភាព​គូរវាស​ផែនទី​ដែលមាន​គុណភាព​រូប​ច្បាស់​ល្អ និង​មាន​សមត្ថភាព​ចាប់​គោលដៅ​បាន​ចម្ងាយ​ដល់​ទៅ ៣០០ គីឡូម៉ែត្រ​។ យន្តហោះ​នេះ​ក៏មាន​ប្រព័ន្ធ​អាវុធ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ F-16