យន្តហោះ​ចម្បាំង​អង់គ្លេស​ប្រចាំការ​នៅ​អេ​ស្តូ​នី​ស្ទាក់​រំខាន​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅលើ​សមុទ្រ​បាល់​ទិ​ក​

558
ចែករម្លែក

កងទ័ពអាកាស​អង់គ្លេស (RAF) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​ថា​យន្ដហោះ​ចម្បាំង​ពីរ​គ្រឿង​របស់ខ្លួន​ដែល​ដាក់ពង្រាយ​នៅ​ប្រទេស​អេ​ស្តូ​នី​បាន​ហោះ​ប្រដេញ​ពីរដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដើម្បី​រារាំង​យន្តហោះ​រុស្ស៊ី​។​

RAF បាន​និយាយថា​ឧបទ្ទវ​ហេតុនេះ​បាន​នាំឱ្យ​ចំនួន​នៃ​ការ​ស្ទាក់​រំខាន​យន្តហោះ​របស់​រុស្ស៊ី​កើន​ដល់​៨​លើក​ចាប់តាំងពី​ទទួលយក​បេសកកម្ម​ល្បាត​ដែនអាកាស​ក្នុង​តំបន់​បាល់​តិក​កាលពី​ខែឧសភា​។​

​មិនមាន​ការអត្ថាធិប្បាយ​ពី​ប្រទេស​រុស្ស៊ី​អំពី​ការអះអាង​នេះ​ទេ​ប៉ុន្តែ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា​ខ្លួន​បាន​យក​យន្តហោះ​ចម្បាំង​ធុន Su-27 ដេញ​ស្ទាក់ចាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាម៉េរិក ដែល​កំពុង​ខិតជិត​ព្រំដែន​រុស្ស៊ី​ពី​សមុទ្រ​បាល់​ទិ​ក​និង​សមុទ្រ​ខ្មៅ​។​

​យន្តហោះ​ចម្បាំង​អង់គ្លេស Typhoon ត្រូវបាន​ជូនដំណឹង​ឱ្យ​ប្រុង​ជើងការ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដើម្បី​រារាំង​យន្ត​ចម្បាំង​រុស្ស៊ី Su-30 Flanker ហើយ​បាន​ហោះ​កាត់​យន្តហោះ​ដឹកជញ្ជូន​របស់​យោធា​រុស្ស៊ី​មួយគ្រឿង ខណៈដែល​វា​កំពុង​អម​ជាមួយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅលើ​សមុទ្រ​បាល់​ទិ​ក​។​

​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​មិថុនា ក្រុម​អាកាសយានិក​របស់ RAF បាន​ស្ទាក់​រំខាន​យន្តហោះ​ចម្បាំង​ធុន Su-30 Flanker និង​យន្តហោះ​ដឹកជញ្ជូន Ilyushin Il-76 Candid ដែល​ធ្វើដំណើរ​ពី​ភាគ​ខាងជើង​នៃ​តំបន់​កាលី​នី​ង​ហ្គា​ដ​ទៅកាន់​ដែនអាកាស​អេ​ស្តូ​នី​និង​ហ្វាំ​ង​ឡង់​។ យន្តហោះ​របស់ RAF បាន​ហោះ​អមដំណើរ​យន្តហោះ​ចម្បាំង​រុស្ស៊ី​រយៈពេល ១៥ នាទី​មុនពេល​ប្រគល់​ការទទួលខុសត្រូវ​ដល់​យន្តហោះ​ហ្វាំ​ង​ឡង់​នៅ​ព្រំ​ដែនអាកាស​។​

​ក្រសួង​ការពារ​រុស្ស៊ី​និយាយ​កាលពី​ចុង​សប្តាហ៍​ថា យន្តហោះ​របស់​កងកម្លាំង​អាកាស​បាល់​ទិ​ក​របស់ខ្លួន​គឺ​ឃ្លាំមើល​សមយុទ្ធ​យោធា​របស់​អង្គការ​ណា​តូ​នៅក្នុង​តំបន់​បាល់​ទិ​ក​៕ ដោយ៖ កញ្ញាដាលីស