យន្តហោះ​ចម្បាំង​អង់គ្លេស Typhoon ហោះ​ស្ទាក់​យន្តហោះ​យោធា​រុស្ស៊ី​កុំឱ្យ​ចូលមក​ដែនអាកាស​អេ​ស្តូ​នី​

518
ចែករម្លែក

​ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយថា យន្តហោះ​ចម្បាំង​អង់គ្លេស​មួយគ្រឿង​បាន​ហោះ​ស្ទាក់​យន្តហោះ​រុស្ស៊ី​មួយគ្រឿង​នៅក្បែរ​ប្រទេស​អេ​ស្តូ​នី​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​កក្កដា​។​

​យន្តហោះ Typhoon បាន​ហោះ​កៀក​យន្ដហោះ​ដឹកជញ្ជូន​យោធា IL-76 របស់​រុស្ស៊ី ដែល​កំពុង​ហោះហើរ​នៅ​ជិត​លំហ​អាកាស​របស់​ប្រទេស​អេ​ស្តូ​នី​។​

​ក្រសួងការពារជាតិ​បាន​និយាយថា យន្ដហោះ​អង់គ្លេស​កំពុង​ធ្វើ​ប្រតិបត្តិការ​ពី​មូលដ្ឋាន​ទ័ពអាកាស​អា​ម៉ា​រី​នៅ​អេ​ស្តូ​នី ខណៈ​ក្រសួង​បាន​ចែកចាយ​រូបថត​នៃ​បេសកកម្ម​របស់ខ្លួន​។

​សេចក្តីថ្លែងការណ៍​មួយ​បាន​បន្ថែមថា ការហោះ​ស្ទាក់​នេះ​គឺជា “​បេសកកម្ម​របស់​ណា​តូ​សម្រាប់​យន្តហោះ Typhoon ដែល​ផ្តល់​ការ​ធានាថា ចក្រភព​អង់គ្លេស​គឺ​នៅទីនេះ​ដើម្បី​ធ្វើការ​ជា​ដៃគូ​ជាមួយ​អេ​ស្តូ​នី​”​។​

​អ្នកបើក​យន្តហោះ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​របស់​យន្តហោះ Typhoon បាន​និយាយថា “​យើង​បាន​ប្រញាប់ប្រញាល់​ចេញទៅ​ស្ទាក់​យន្ដហោះ​មួយ​ដែល​កំពុង​ខិតជិត​ចូលមក​លំហ​អាកាស​របស់​អេ​ស្តូ​នី​ពី​ភាគខាងត្បូង​។ យើង​បានកំណត់​និង​ត្រួតពិនិត្យ​វា ខណៈដែល​វា​ឆ្លងកាត់​កៀក​នឹង​ដែនអាកាស​របស់​ណា​តូ​។ យើង​បាន​បន្ត​បើក​អម​យន្តហោះ​ដឹកជញ្ជូន​នោះ​ខណៈ​វា​បែរ​ទិស​ទៅខាង​ជើង ចេញពី​ដែនអាកាស​របស់​អេ​ស្តូ​នី​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ Typhoon ហោះ​ស្ទាក់​យន្តហោះ​ដឹកជញ្ជូន​យោធា IL-76 របស់​រុស្ស៊ី​នៅ​កៀក​ដែនអាកាស​អេ​ស្តូ​នី​កាលពី​ថ្ងៃអាទិត្យ