យន្តហោះ​ចម្បាំង​អាមេរិក​និង​ជប៉ុន​ជិត​ទទួលបាន​មី​ស៊ី​ល ស័ក្តិសម​សម្រាប់​វាយប្រហារ​កូរ៉េខាងជើង​

1242
ចែករម្លែក

​យន្តហោះ F-16 របស់​អាមេរិក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង យន្តហោះ F-35 របស់​ជប៉ុន ជិត​ទទួលបាន​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​វាយប្រហារ​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ចល័ត​របស់​កូរ៉េខាងជើង​។​

កងទ័ព​ជើង​អាកាស​អាមេរិក​ក្នុងប្រទេស​កូរ៉េខាងត្បូង​ថ្មីៗ​នេះ​បាន​បង្កើន​សមត្ថភាពរ​យៈ​ចម្ងាយ និង កម្លាំង​របស់​យន្តហោះ​ខ្លួន ជាមួយ​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​លើដី​រួមគ្នា​ចំនួន ១០ គ្រាប់ ឬ ហៅថា JASSM ដែល​អាច​បាញ់​ក្រុង​ព្យុងយ៉ាង​ជាមួយ​គ្រឿងផ្ទុះ​ទម្ងន់​ជិត ៩១០ គីឡូក្រាម​ពី​ចម្ងាយ ៣២១ គីឡូម៉ែត្រ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​របស់​កូរ៉េខាងត្បូង​។​

មី​ស៊ី​ល JASSM អនុញ្ញាតឱ្យ​យន្តហោះ F-16 របស់​អាមេរិក វាយប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​ដោយ​សុវត្ថិភាព និង​ផ្តោត​គោលដៅ​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​កូរ៉េខាងជើង ចេញពី​ទីតាំង​សុវត្ថិភាព​ក្បែរ​ក្រុង​សេ​អ៊ូ​ល​។​

គ្រាប់​មី​ស៊ី​ល​នេះ​មិន​គ្រាន់តែ​ជា​សញ្ញា​បង្ហាញថា អាមេរិក​កំពុង​បង្កើន​ការឆ្លើយតប​របស់ខ្លួន​ចំពោះ​កូរ៉េខាងជើង​នោះឡើយ​។

មន្ត្រី​ក្រសួងការពារជាតិ​ម្នាក់​បាន​ប្រាប់​យ៉ុ​ន​ហាប់​ថា មេដឹកនាំ​យោធា​អាមេរិក​កំពុង​ពិចារណា “​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតជា​សាធារណៈ ដែល​រួមមាន​គ្រាប់​មី​ស៊ី​ល JASSM ក្នុងករណី​កូរ៉េខាងជើង​អនុវត្ត​ការបង្ក​រឿង​បែប​យុទ្ធសាស្ត្រ​ណាមួយ​ទៀត ដូចជា​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៦​ជាដើម​”​។

ក្រុមហ៊ុន Lockheed Martin ដែល​ផលិត​មី​ស៊ី​ល JASSM កំពុងធ្វើការ​ងារ​ផលិត​មី​ស៊ី​លបាញ់​បាន​ឆ្ងាយ​ជាងនេះទៀត ដែល​គួរតែ​អាច​បាញ់​បាន​ច្បាស់​ចំៗ​គោលដៅ​ពី​ចម្ងាយ ៩៦៥ គីឡូម៉ែត្រ​។​

ទន្ទឹមនេះ យន្តហោះ F-35 របស់​ជប៉ុន​រំពឹង​បំពាក់​ជាមួយ​មី​ស៊ី​ល JSM ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Kongsberg Defence Systems របស់​ន័​រ​វែ​ស​។ នេះ​បើតាម​កាសែត South China Morning Post​។ មី​ស៊ី​ល JSM មាន​សមត្ថភាព​បំបាំងកាយ បាញ់​ចំៗ​គោលដៅ និង​អាច​ហោះ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​រំលង​ពីលើ​ដី ដើម្បី​ដឹក​ក្បាល​គ្រាប់​ទម្ងន់ ២២៦ គីឡូក្រាម មុនពេល​វា​ត្រូវគេ​ចាប់​សញ្ញា​បាន​៕ ដោយ ៖កញ្ញាដាលីស

យន្តហោះ​ចម្បាំង​ជប៉ុន​និង​អាមេរិក​ជិត​ទទួលបាន​គ្រាប់​មី​ស៊ី​ល​ស័ក្តិសម​សម្រាប់​វាយ​កូរ៉េខាងជើង
#