យន្តហោះ​ចិន​បើក​កាត់​ផ្លូវ​វ​ទឹក​ទៅ​ជិត​កោះ​តៃវ៉ាន់​ (វីដេអូ)

106
ចែករម្លែក

​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា យន្តហោះ​របស់​កងទ័ព​អាកាស​ចិន​បាន​បើក​កាត់​ផ្លូវ​ទឹក​មួយ ឆ្ពោះ​ទៅ​ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​នៅក្នុង​ការធ្វើ​សមយុទ្ធ​​ចម្ងាយ​ឆ្ងាយ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មករា ។​វា​ជា​សមយុទ្ធ​ទ័ពអាកាស​ចិន​លើកដំបូង ចាប់តាំងពី​កោះ​តៃវ៉ាន់​បានរៀបចំ​ធ្វើ​ការបោះឆ្នោត​នៅ​ខែ​នេះ​​ដែល​លទ្ធផល​មិន​សម​តាម​បំណង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ចិន​អះអាងថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​និង​អាច​ប្រើ​កម្លាំង​ចាប់​មក​ធ្វើ​ការបង្រួបបង្រួម​ជាតិ​ឡើងវិញ បើ​ចាំបាច់​។​ចិន​តាម​ធម្មតា​បាន​បញ្ជូន​​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​ចម្បាំង​ផ្សេងៗ​ទៅជិតៗ​កោះ​តៃវ៉ាន់ ចាប់តាំងពី​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សាយ អ៊ី​ន​វេន ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៦​។​

​ចិន​ប៉េកាំង​ជឿថា លោកស្រី​សាយ ជំរុញ​ឯករាជ្យភាព​របស់​កោះ​នេះ ដោយ​លោកស្រី​បាន​និយាយថា តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ​មួយ​ដែល​មាន​ឈ្មោះ​ផ្ទាល់ខ្លួន​ថា​​សាធារណរដ្ឋ​ចិន​និង​មិន​ទទួលស្គាល់​គោលការណ៍​«​មាន​ចិន​តែមួយ​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ ក្រសួង​យោធា​តៃវ៉ាន់ បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់​H-6​និង​យន្តហោះ​ព្រមាន​ជា​មុន​KJ-500 របស់​ចិន​បាន​ហោះ​ឆ្ពោះ​​ទៅ​ខាងត្បូង​កោះ​តៃវ៉ាន់ ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ​បា​ស៊ី ឆា​ណែ​ល ដែល​ខណ្ឌ​កោះ​តៃវ៉ាន់​និង​ហ្វីលីពីន​។​ក្រោយ​ធ្វើ​សមយុទ្ធ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក យន្តហោះ​​ទាំងនោះ​បាន​វិល​ទៅ​ចិន​វិញ​។​

​សូមបញ្ជាក់​ថា​ក្រោយ​លោកស្រី​សាយ​ជាប់ឆ្នោត​ជា​ថ្មី​នៅ​ខែ​នេះ សារព័ត៌មាន​រដ្ឋ​ចិន​បាន​និយាយថា ចិន​អាច​បង្ហាញ​សាច់ដុំ​នៅ​ជិត​តៃវ៉ាន់​ដើម្បី​បង្ហាញ​ថា ចិន​​ប៉េកាំង​មិន​សប្បាយចិត្ត​នឹង​លោកស្រី​សាយ​៕​ប្រែ​សម្រួល​៖​វាសនា​

វីដេអូស្តីពីសមយុទ្ធកងទ័ពអាកាសចិនជិតកោះតៃវ៉ាន់នាពេលកន្លងមក

យន្តហោះ​ទម្លាក់​គ្រាប់​H-6​របស់​ចិន​បាន​ហោះ​ឆ្ពោះទៅ​ខាងត្បូង​កោះ​តៃវ៉ាន់