យន្តហោះ​ដឹកទំនិញ​អ៊ីរ៉ង់​ចុះចត​ខុស​អាកាសយានដ្ឋាន​បុក​ផ្ទះ​ប្រជាជន បណ្តាលឱ្យ​ស្លាប់​មនុស្ស​ទាំង ១៣ នាក់​នៅលើ​យន្តហោះ​

669
ចែករម្លែក

​យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​បាន​ចុះចត “​ខុស​អាកាសយានដ្ឋាន​” ចំពេល​កំពុងមាន​អាកាសធាតុ​អាក្រក់​ខ្លាំង​នៅ​អ៊ីរ៉ង់ និង បាន​បំ​បុក​អគារ​លំនៅដ្ឋាន​មុនពេល​ផ្ទុះ​សម្លាប់​មនុស្ស ១៣ នាក់​នៅលើ​យន្តហោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​លើ​សារព័ត៌មាន​ដេលី​មែ​ល​កាលពី​ថ្ងៃទី​១៤​មករា​។​

​យន្តហោះ Boeing 707 ដែល​កំពុង​ដឹក​សាច់​ពី​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​បាន​បើក​ធ្លាក់​ផ្លូវ បន្ទាប់ពី​ធ្វើការ​ចុះចត​ជាបន្ទាន់​នៅ​ទីប្រជុំជន​សា​ហ្វា​ដាស់ (Safadasht) នៅ​ជិត​រដ្ឋធានី​តេ​ហេ​រ៉ង់​របស់​ប្រទេស​អ៊ីរ៉ង់​។​

​យន្ដហោះ​នេះ​បាន​ធ្លា​ក់នៅ​អាកាសយានដ្ឋាន​ហ្វា​ត​នៅពេល​វា​គ្រោង​នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ផា​យ៉ា​ម ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​តេ​ហេ​រ៉ង់​។​

​អាជ្ញាធរ​មិនបាន​ផ្តល់​ហេតុផល​ភ្លាមៗ​ចំពោះ​កំហុស​នេះ​នោះទេ ប៉ុន្តែ​ពួកគេ​បាន​និយាយថា អ្នកបើកបរ​យន្តហោះ​អ៊ីរ៉ង់​បានប្រកាស​អាសន្ន មុនពេល​ចុះចត​។​

​កងទ័ព​បាន​និយាយថា បុគ្គលិក​របស់​យន្តហោះ​ចំនួន ១៣ នាក់​ត្រូវបាន​សម្លាប់​។ របាយការណ៍​នានា​បាន​លើកឡើងថា ប្លុក​ផ្ទះល្វែង ដែល​យន្តហោះ​បាន​បំ​បុក​ចូល​នោះ គឺ​គ្មាន​មនុស្ស​ទេ​នៅ​គ្រា​កើតហេតុ​នោះ​៕ ដោយ៖ កញ្ញាដាលីស