យន្តហោះ​ដឹក​អធិការបតី​អាល្លឺម៉ង់​ទៅ​កិច្ចប្រជុំ G20 ជួប​បញ្ហា​បច្ចេកទេស​លើ​មេឃ ត្រឡប់មក​ចុះចត​បន្ទាន់​នៅ​អាល្លឺម៉ង់​វិញ​

595
ចែករម្លែក

​យន្ដហោះ​ដែល​ដឹក​អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល ទៅ​ចូលរួម​កិច្ចប្រជុំ G20 នៅ​ប្រទេស​អា​ហ្ស​ង់​ទីន បាន​បង្ខំចិត្ត​ចុះចត​ដោយ​ឥត​គ្រោងទុក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​វិច្ឆិកា​នៅ​ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់​។ ប្លុក​យោធា​របស់​អាល្លឺម៉ង់​បាន​រាយការណ៍​ថា វា​គឺ​ដោយសារតែ​បញ្ហា​បច្ចេកទេស​ជាមួយ​វិទ្យុ​របស់ខ្លួន​។​

​ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់ DPA បាន​រាយការណ៍​ថា យន្តហោះ Airbus A340-300 លំដាប់ VIP របស់​រដ្ឋាភិបាល ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ បាន​ហោះ​ក្រវែល​ជុំវិញ​ប្រទេស​ហូ​ឡង់​ប្រហែល​មួយ​ម៉ោង​។ យន្តហោះ​នេះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ទីក្រុង​ខូ​ឡូ​ន​នៅ​ម៉ោង​ប្រហែល ៩ យប់ ជាមួយ​អ្នកកាសែត​នៅលើ​យន្តហោះ​រាយការណ៍​ថា គ្មាន​អ្នករបួស​ទេ​។​

DPA បាន​រាយការណ៍​ថា រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​បាន​ប្រុង​ជើងការ​ជាស្រេច​នៅពេលដែល​យន្តហោះ​របស់​លោកស្រី​មឺ​គែល​បាន​ចុះចត ដោយសារតែ​វា​មាន​ប្រេងឥន្ធនៈ​ច្រើនជាង​យន្តហោះ​ធម្មតា​ក្នុងពេល​ចុះចត​។​

​យន្តហោះ​កងទ័ពអាកាស​ជំនួស​មួយទៀត​របស់​អាល្លឺម៉ង់​បាន​ត្រៀម​ជាស្រេច​ដើម្បី​ដឹក​លោកស្រី​មឺ​គែល និង​ក្រុម​គណៈប្រតិភូ​របស់លោក​ស្រី​ទៅកាន់​កិច្ចប្រជុំ G-20 ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​២០​វិច្ឆិកា​នៅក្នុង​រដ្ឋធានី​របស់​អា​ហ្ស​ង់​ទីន​។​

​យោងតាម​ប្លុក​របស់​យោធា​អាល្លឺម៉ង់ Augengeradeaus.net បានឱ្យដឹងថា យន្ដហោះ​នេះ​បាន​បញ្ជូន​លេខ​កូដ​ទូរលេខ ៧៦០០ រួច​ក៏​បង្ហាញ​សញ្ញា​បញ្ហា​ជាមួយ​វិទ្យុ​របស់ខ្លួន​។​

​យន្តហោះ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​គ្រប់គ្រង​ដោយ​កងទ័ពអាកាស​រប​ស់​ប្រទេស​នេះ​បាន​ញាំញី​ដោយ​បញ្ហា​បច្ចេកទេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ កាលពី​ឆ្នាំ ២០១៥ យន្ដហោះ​ដដែល​នេះ​បាន​គាំង ដោយសារតែ​បញ្ហា​បច្ចេកទេស​ភ្លាមៗ​មុនពេល​លោកស្រី​មឺ​គែល​បម្រុង​នឹង​ហោះ​ទៅ​ទីក្រុង​ញូ​វ​ដេលី ដោយ​បង្ខំ​ឱ្យ​លោកស្រី​ប្តូរ​ទៅរក​យន្តហោះ​ដឹក​យោធា A310 មិនសូវ​ប្រណីត​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ Airbus A340-300 របស់លោក​ស្រី​មឺ​គែល​ចុះចត​បន្ទាន់​នៅ​ទីក្រុង​ខូ​ឡូ​ន​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត៍បណ្តាលអផយលោកស្រីខកការចូលរួមជំនួបកំពូលG-20