យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Lion Air មួយបានរអិលធ្លាក់ចេញពីផ្លូវរត់នៅកោះប័រណេអូ របស់ឥណ្ឌូនេស៊ី ខណៈអាកាសយានិកព្យាយាមចុះចតក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ទី១៦កុម្ភៈ។
យន្តហោះ Boeing 737-800NGបានធ្វើដំណើរពីក្រុងហ្សាការតាទៅក្រុងប៉ុនទទីយ៉ាណាក នៅពេលវារអិលធ្លាក់ចេញពីផ្លូវប៉េតុងចូលវាលស្មៅក្បែរនោះ។យន្តហោះដឹកមនុស្ស១៨២នាក់និងនាវិក៧នាក់ក្នុងពេលកើតហេតុ តែមន្ត្រីអាកាសចរណ៍និយាយថា មិនមានអ្នករងរបួសទេ។
អ្នកដំណើរដែលភ័យរន្ធត់បានស្រែកនិងដើរចេញតាមស្លាប ខណៈកង់យន្តហោះលិបចូលក្នុងដី។
មន្ត្រីក្រសួងគមនាគមន៍បានអះអាងថា យន្តហោះបានរអិលធ្លាក់ចេញពីផ្លូវដោយសារភ្លៀងខ្លាំង តែមិនមានអ្នកស្លាប់ឬរងរបួសទេ។
រំលឹកថា កាលពីខែតុលាឆ្នាំមុន យន្តហោះនៃក្រុមហ៊ុនLion Air មួយទៀតបានធ្លាក់នៅក្នុងសមុទ្រជ្វា ដោយសម្លាប់អ្នកដំណើរ១៨៩នាក់ នៅ១៣នាទីក្រោយពីវាចេញដំណើរ៕ដោយ៖វាសនា