យន្តហោះ​ដឹក​អ្នកដំណើរ​ផលិត​នៅ​ជប៉ុន​ជា​លើកដំបូង​ក្នុង​រយៈពេល​៥០​ឆ្នាំ ប្រជែង​ជាមួយ Boeing និង Airbus

451
ចែករម្លែក

​យន្ដហោះ​ដឹក​អ្នកដំណើរ​បាន​ចំនួន ៨៨ នាក់​ដែល​ពន្យារពេល​ជា​យូរ​មកហើយ​របស់​ជប៉ុន នៅ​ទីបំផុត​អាច​នឹង​ក្លាយជា​យន្តហោះ​ដ៏​ស័ក្តិសម ចំពេល​វេលា​ដ៏​ស័ក្តិសម​។​

​ទីក្រុង​ជាច្រើន​នៅ​ទ្វីបអាស៊ី​និង​ទ្វីបអឺរ៉ុប​កំពុង​ស្វែងរក​ការតភ្ជាប់​គ្នា​និង​បណ្តាញ​ធ្វើដំណើរ​តាម​យន្តហោះ​សកលលោក​។ យន្តហោះ Mitsubishi Regional Jet (MRJ) ដែលជា​យន្តហោះ​ដំបូង​គេ​ដែល​បាន​សាងសង់​នៅ​ប្រទេស​ជប៉ុន​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ បានចាប់ផ្តើម​ការហោះហើ​រ​ដើម្បី​ទទួលបាន​ការបញ្ជាក់​សិទ្ធិ​ហោះហើរ កាលពី​ខែ​មុន​នៅ​ទីក្រុង​ម៉ូ​សេ​សឡេក (Moses Lake) រដ្ឋ​វ៉ាស៊ីនតោន ដើម្បី​បំពេញតម្រូវការ​ដូច​បា​ន​រៀបរាប់​នេះ​។​

​យន្តហោះ​ថ្មី​របស់​ក្រុមហ៊ុន Mitsubishi Heavy Industries នេះ​កំពុងធ្វើការ​សាកល្បង​ហោះហើរ​នៅលើ​ផ្ទៃមេឃ ខណៈដែល​គូប្រជែង​របស់​ពួកគេ​កំពុង​លក់​ចេញ​នូវ​ប្រតិបត្តិការ​សម្រាប់​យន្ដហោះ​ដែលមាន​កៅអី​ចំនួន ១៦០​។​

​ក្រុមហ៊ុន Boeing គ្រោង​នឹង​ទិញ ៨០ ភាគរយ​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​របស់​ក្រុមហ៊ុន Embraer នៅក្នុង​ការរកស៊ី​រួម​ទុន​គ្នា​មួយ ខណៈដែល​ក្រុមហ៊ុន Bombardier កាលពី​ឆ្នាំមុន​បាន​លក់​ការគ្រប់គ្រង​គម្រោង​យន្តហោះ​ប្រភេទ C Series របស់ខ្លួន​ឱ្យទៅ​ក្រុមហ៊ុន Airbus និង​កំពុង​ស្វែងរក​ជម្រើស “​យុទ្ធសាស្ត្រ​” សម្រាប់​ប្រតិបត្តិការ​យន្តហោះ​ក្នុង​តំបន់​របស់ខ្លួន​។​

​យោងតាម​ក្រុម​ឧស្សាហកម្ម​ផលិត​យន្តហោះ​ជប៉ុន​បានឱ្យដឹងថា ទឹកប្រាក់​ដែល​អាច​ទទួលបាន​គឺមាន​ចំនួន ១៣៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ការលក់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​រហូតដល់​ឆ្នាំ ២០៣៧ ជាពិសេស​នៅលើ​ទីផ្សារ​សម្រាប់​យន្ដហោះ​ដែលមាន​កៅអី​តិច​។​

​លោក រី​ឆាត អា​ប៊ូ​ឡា​ហ្វី​យ៉ា អ្នកវិភាគ​អាកាសចរណ៍​នៅ​ក្រុមហ៊ុន Teal Group បាន​និយាយថា “​ចំណាត់ការ​របស់​ក្រុមហ៊ុន Bombardier ពិតជា​បាន​បង្កើត​ឱកាស​សម្រាប់​យន្តហោះ MRJ ។ វា​គឺជា​កត្តា​តែមួយគត់​ដ៏​ធំ​បំផុត​ក្នុង​ជម្រើស​របស់​យន្តហោះ MRJ”​។​

​ជាមួយ​កៅអី​តិចតួច​និង​តួ​តូច​ជាង យន្តហោះ​ក្នុង​តំបន់​គឺជា​ប្រភេទ​យន្តហោះ​ផ្សេងគ្នា​ពី​យន្តហោះ​ខ្នាត​ធំ ដូចជា Boeing 737 ឬ Airbus A320 ។ យន្តហោះ MRJ មាន​ចម្ងាយ​ហោះហើរ​ប្រហែល ៣.២១៩ គីឡូម៉ែត្រ ខណៈដែល​យន្តហោះ​តូច​ជាងនេះទៀត​អាច​ដឹក​មនុស្ស​បាន​រហូតដល់ ៧៦ នាក់​សម្រាប់​ការហោះហើរ​ចម្ងាយ​ដូចគ្នា​។​

​ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​យន្តហោះ​ដល់​ក្រុមហ៊ុន Boeing ជា​យូរ​មកហើយ​នោះ ក្រុមហ៊ុន Mitsubishi Heavy កំពុង​អភិវឌ្ឍ​យន្តហោះ MRJ ដើម្បី​ចាកចេញ​ពី​ស្រមោល​អតិថិជន​របស់​ខ្លួន​។ បន្ទាប់ពី​បាន​ចំណាយ​យ៉ាងហោចណាស់ ២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ ក្រុមហ៊ុន​កំពុង​ស្វែងរក​ការបញ្ជាក់​ការហោះហើរ​របស់​យន្តហោះ​ខ្លួន​និង​ចាប់ផ្តើម​ការដឹកជញ្ជូន​ដើម្បី​បង្កើត​ដៃគូ​ជាមួយ​ក្រុមហ៊ុន ANA Holdings ៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ MRJ របស់​ជប៉ុន​កំពុង​ហោះហើរ​នៅ​អាមេរិក​ដើម្បី​ទទួលបាន​ការបញ្ជាក់​ពី​សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម