យន្តហោះ​ដ្រូ​ន​ដឹក​អ្នកដំណើរ​ដំបូងបង្អស់​របស់​ពិភពលោក​សាកល្បង​ហោះហើរ​ដោយ​ជោគជ័យ​

163

​អ្នកជំនាញ​យន្តហោះ​ដ្រូ​ន​ឆ្លា​តរបស់​ក្រុមហ៊ុន EHang Inc បាន​បញ្ចេញ​វីដេអូ​អំពី​ការធ្វើ​តេស្ត​ហោះហើរ​លើកដំបូង​របស់​យន្តហោះ​ដ្រូ​ន​ដឹក​អ្នកដំណើរ EHang 184 កាលពី​ថ្ងៃ​អង្គារ ទី​៦ កុម្ភៈ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន EHang លោក ហ៊ូ ហួ​ជី (Hu Huazhi) បាន​ជិះ​ដោយផ្ទាល់​ក្នុងការ​សាកល្បង​យន្តហោះ​ឥត​មនុស្ស​បើក​នេះ​នៅ​ក្វាង​ចូ​វ​ដើម្បី​បង្ហាញថា យន្តហោះ​ស្លាបចក្រ​ច្រើន​នេះ​មាន​សុវត្ថិភាព​។ អំឡុងពេល​ហោះហើរ​ជា​សាធារណៈ​លើកដំបូង​នេះ លោក​ហួ​ជី បាន​ចូលទៅ​អង្គុយ​ក្នុង​កាប៊ីន​តូច​របស់​យន្តហោះ​ដ្រូ​ន និង​ដាក់​ខ្សែក្រវាត់​ចង្កេះ បន្ទាប់មក​ប្រព័ន្ធ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ​នេះ​បាន​ជួយ​លើក​គាត់​ហោះ​ចេញដំណើរ​តែម្តង​។​

​យោងតាម​របាយការណ៍​នានា​បានឱ្យដឹងថា យន្តហោះ​ដ្រូ​ន​ដឹក​អ្នកដំណើរ​ធុន EHANG 184 នេះ​ដំណើរការ​ដោយ​ប្រើ​អាគុយ​អគ្គិសនី ហើយ​វា​អាច​ដឹក​មនុស្ស​ម្នាក់​ដែលមាន​ទម្ងន់​រហូតដល់ ១០០ គីឡូក្រាម​ក្នុង​មួយ​ជើងៗ​។ យន្ដហោះ​នេះ​អាច​ហោះហើរ​នៅ​រយៈកម្ពស់ ៥០០ ម៉ែត្រ​និង​ហោះហើរ​ក្នុង​ល្បឿន​អតិបរមា ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ហោះ​បាន ២៥ នាទី​។​

​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន​នេះ​បាន​អះអាងថា​យន្ដហោះ​គ្មាន​អ្នកបើកបរ​នេះ​អាច​ទប់​ទល់នឹង​ខ្យល់​ដែលមាន​ល្បឿន​រហូតដល់​ទៅ ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​កាលពី​ឆ្នាំ ២០១៧ ទីក្រុង​ឌូ​បៃ​បានប្រកាស​ផែនការ​មួយ​ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន EHang ដើម្បី​អភិវឌ្ឍ​តាក់ស៊ី​ហោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ដឹក​មនុស្ស​នៅ​ទូទាំង​ទីក្រុង​៕ ដោយ៖ កញ្ញាដាលីស