យន្តហោះ​ដ្រូ​ន ខ្នាត​ធំ​មួយ បាន​ធ្លា​ក់នៅ​កោះកុង​

277
ចែករម្លែក

** បំណែក​យន្តហោះ​ដ្រូ​ន នឹង​ដោះ​យកមក​ភ្នំពេញ​
​ដោយៈ មុនី​រ័ត្ន​,​សុ​ផានី​តា

ភ្នំពេញៈ កម្លាំង​ជំនាញ​ក្រសួងការពារជាតិ និង​អគ្គស្នងការដ្ឋាន នគរបាលជាតិ រួមទាំង​កម្លាំង​ស៊ីម៉ាក បាន​ចុះទៅ​ខេត្តកោះកុង ដើម្បី​ពិនិត្យ​យន្តហោះ​ដ្រូ​ន ខ្នាត​ធំ​មួយគ្រឿង ដែល​បាន​ធ្លាក់នៅ​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ​។ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ នេះ ខាង​ជំនាញនឹង​ចុះទៅ​ទីតាំង​យន្តហោះ​ដ្រូ​ន ខ្នាត​ធំ​ធ្លាក់ ដើម្បី​ដោះ​បំណែកយកមក​ធ្វើការ​ពិនិត្យ នៅ​រាជធានី​ភ្នំពេញ​។​

អាជ្ញាធរមានសមត្ថកិច្ច បានហ៊ុមព័ទ្ធ និងការពារទីតាំង ដែលយន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​

​យន្តហោះ​ដ្រូ​ន​ខ្នាត​ធំ​នេះ បាន​ធ្លាក់កាលពី​ព្រលប់​ថ្ងៃទី​១៦ ខែមករា ។ ក្រោយ​ហេតុការណ៍ កម្លាំង​សមត្ថកិច្ចបាន​ចុះ​ត្រួតពិនិត្យ និង​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ ដើម្បី​រង់ចាំ​បញ្ជាពី​ថ្នាក់លើ​សម្រេច​។​

​យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច បាន​បញ្ជាក់ថា យន្តហោះ​ដ្រូ​ន ខ្នាត​ធំ​មួយ​នេះ ពណ៌ ស លេខ​សម្គាល់ ១៧០១០០២ មាន​ប្រវែង​បណ្តោយ ប្រាំ​ម៉ែត្រ និង​ទទឹង​ស្លាប ប្រវែង ៩,៧០ ម៉ែត្រ​។ សមត្ថកិច្ចកំពុងតែធ្វើការ​ស្រាវជ្រាវ អំពី​ប្រភព​យន្តហោះ​ដ្រូ​ន​នេះមកពី​ខាង​ណា​។​

​ចំពោះ​ករណី​យន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​នៅ​ខេត្តកោះកុង​នេះ សមត្ថកិច្ចនៅ​មិនទាន់​សន្និដ្ឋានថាជា​ករណី​អ្វី ពិតប្រាកដ​នៅឡើយ​ទេ​។​

អាជ្ញាធរមានសមត្ថកិច្ច បានហ៊ុមព័ទ្ធ និងការពារទីតាំង ដែលយន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀត ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ថា នៅ​ថ្ងៃទី​១៨ ខែមករា ក្រុមការងារខាង​ក្រសួងការពារជាតិ និង​អគ្គស្នងការដ្ឋាន នគរបាលជាតិ រួមទាំង​កម្លាំង​ស៊ីម៉ាក ចុះទៅពិនិត្យ​យន្តហោះ​ដ្រូ​ន ខ្នាត​ធំ​មួយគ្រឿង ដែល​បាន​ធ្លាក់ នៅ​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ កាលពី​វេលា​ម៉ោងជាង ៦ ល្ងាច កាលពី​ថ្ងៃទី​១៦ ខែមករា ។​

​លោកស្នងការ​ខេត្ត បាន​បញ្ជាក់ថា ” ក្រុមការងារនឹង​ដោះ​បំណែក​ដ្រូ​ន ខ្នាត​ធំ​នេះ យកមក​ភ្នំពេញ ដើម្បី​ពិនិត្យ ហើយ​ខាង​ស៊ីម៉ាកក៏​ចុះទៅពិនិត្យ រកមើល​ជាតិ​ផ្ទុះ​ផងដែរ​”​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀត ស្នងការ​នគរបាល​ខេត្តកោះកុង ផ្ដល់​បទសម្ភាសន៍

​លោកស្នងការនគរបាល​ខេត្តកោះកុង បានបញ្ជាក់​ទៀតថា ចំពោះ​ករណី​ដ្រូ​ន​ខ្នាត​ធំធ្លាក់​នេះ គឺ​សមត្ថកិច្ច នៅ​មិនទាន់​សន្និដ្ឋានថា មកពី​ខាង​ណា​នៅឡើយ​ទេ ដោយ​ខាង​ជំនាញមកពី​ក្រសួងការពារជាតិ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹង​ចុះទៅពិនិត្យ នៅ​ថ្ងៃទី​១៨ ខែមករា​។​

​គួរ​ជម្រាប​ថា ពលរដ្ឋ​ម្នាក់​ឈ្មោះ ប៊ុត សូ​ណែ​ត ជា​អ្នករស់នៅ​ភូមិ​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង បាន​ប្រទះឃើញ​យន្តហោះ​ដ្រូ​ន​មួយគ្រឿង ទំហំ ៩,៧០ ម៉ែត្រ បាន​ធ្លា​ក់នៅ​វាលស្មៅ ក្បែរ​ផ្ទះ កាលពី​វេលា​ម៉ោង ៦ ល្ងាច​ថ្ងៃទី​១៦ ខែមករា ហើយ​ក៏បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ចុះមក​ពិនិត្យ​បន្ទាន់​។​

យន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​នៅ​ខេត្តកោះកុង​

​លោក ឃឹម ច័ន្ទ​ឌី អភិបាលស្រុក​គិរីសាគរ​បាន​និយាយថា ដោយយោង​តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា យន្តហោះ​ដ្រូ​ន​ធ្លាក់ ឬ​ចុះចត មិនមាន​សំឡេង​អ្វី​ទេ អ្វីដែល​បានដឹង ពលរដ្ឋ​ប្រទះឃើញ រួចមក ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​មេភូមិ​ឃុំ​។ ការពិនិត្យ​ស្វែង​ប្រភព​ដ្រូ​ន វា​ហួស​ពី​សមត្ថភាព របស់​អាជ្ញាធរ រដ្ឋបាល​ស្រុក ដូច្នេះ​មានតែ​ខាង​កម្លាំង​ជំនាញ​ទេ ទើប​អនុវត្ត​ទៅបាន​៕v/Ha

យន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​នៅ​ខេត្តកោះកុង​
យន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​នៅ​ខេត្តកោះកុង​
យន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​នៅ​ខេត្តកោះកុង​
យន្តហោះ​ដ្រូ​ន ខ្នាត​ធំ ធ្លាក់​នៅ​ខេត្តកោះកុង​