យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95MS របស់​រុស្ស៊ី ធ្វើការ​ហោះហើរ​តាម​ទម្លាប់​ជុំវិញ​ដែនសមុទ្រ​អន្តរជាតិ​នៅ​ទ្វីបអាស៊ី​

1238
ចែករម្លែក

​សេវា​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​សីហា​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95MS របស់​រុស្ស៊ី​បានធ្វើ​ការហោះហើរ​តាម​ទម្លាប់​ជុំវិញ​ដែនសមុទ្រ​អន្តរជាតិ​នៃ​សមុទ្រ​ជប៉ុន​និង​សមុទ្រ​ចិន​ខាងកើត​។​

​យន្តហោះ​បើកបរ​ចម្ងាយ​ឆ្ងាយ​នេះ​ត្រូវបាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង Su-35S មួយគ្រឿង របស់​យោធភូមិភាគ​ខាងកើត និង យន្តហោះ​ផ្តល់​ការព្រមាន​ជាមុន​និង​ត្រួតពិនិត្យ​របស់​អាកាសច​រណ៍​ដឹកជញ្ជូន​យោធា​ប្រភេទ A-50 មួយគ្រឿង​។​

​យោងតាម​ក្រសួង​បានឱ្យដឹងថា អំឡុងពេល​នៃ​ការហោះហើរ​នោះ ក្រុម​អាកាសយានិក​របស់​យន្ត​ហោះ Tu-95MS បាន​អនុវត្ត​ការចាក់​សាំង​លើ​អាកាស​។​

​ក្រសួង​បាន​កត់សម្គាល់ថា​នៅ​ដំណាក់កាល​ខ្លះ​នៃ​ផ្លូវ​ហោះហើរ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នេះ​ត្រូវបាន​អមដំណើរ​ដោយ​យន្តហោះ​នៃ​កងកម្លាំង​អាកាស​របស់​កូរ៉េ​និង​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី Tu-95MS បាន​ចូលរួម​ក្នុង​យុទ្ធនាការ​តាម​អាកាស​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​ដ៏​ជោគជ័យ ដោយបាន​ធ្វើការ​វាយប្រហា​រ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​អាយ​ស៊ី​ស ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​មជ្ឈិមបូព៌ា​។​

​ក្រសួង​បាន​និយាយថា​យន្ដហោះ​យោធា​រុស្ស៊ី​បានធ្វើការ​ហោះហើរ​ជា​ទៀងទាត់​លើ​ដែនទឹក​អព្យាក្រឹត​នៃ​តំបន់​អាក់​ទិ​ក មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក សមុទ្រ​ខ្មៅ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ រាល់​ការហោះហើរ​បែបនេះ​ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង អនុលោម​តាមច្បាប់​អន្តរជាតិ​ទាក់ទង​នឹង​ការប្រើ​ដែនអាកាស​លើ​ផ្ទៃ​ទឹក​ដោយ​មិន​រំលោភ​លើ​ព្រំដែន​នៃ​រដ្ឋ​ដទៃ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95MS របស់​រុស្ស៊ី