យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ ហោះ​លើ​ឧបទ្វីប​កូរ៉េ ស្របពេល ដូ​ណា​ល់ ត្រាំ ពិភាក្សា​ជម្រើស​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​

509

​កងទ័ព​អាមេរិក​បាន​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​២​គ្រឿង នៅលើ​ឧ​ប​ទ្វី​កូរ៉េ ដើម្បី​ជាការ​បង្ហាញ​កម្លាំង​កាលពី​ថ្ងៃ​អង្គារ ទី​១០​តុលា ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​ក្រុមមន្ត្រី​ការពារជាតិ​កំពូលៗ​ដើម្បី​ពិភាក្សា​ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការគំរាមកំហែង​ណាមួយ​ពី​កូរ៉េខាងជើង​។​

​ភាព​តានតឹង​បាន​កើនឡើង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង បន្ទាប់ពី​មានការ​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​ការ​គំរាម​ពាក្យសម្តី​ដាក់គ្នា​ទៅវិញទៅមក​រវាង ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម​ជុង អ៊ុន​។​

​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់ ហោះ​រំលង​ប្រទេស​ជប៉ុន និង បានធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ទី​៦​របស់ខ្លួន ហើយ កូរ៉េខាងជើង​បង្កើន​ការអភិវឌ្ឍន៍​មី​ស៊ី​ល​បំពាក់​ក្បាល​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​នាយអគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​នៅ​ថ្ងែ​ពុធ​ទី​១១​ខែតុលា​ថា​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B ចំនួន​២​គ្រឿង​របស់​កងទ័ពអាកាស​អាម​រិ​ក​នេះ ត្រូវបាន​ហោះ​អម​ការពារ​ដោយ​យន្តហោះ​ចម្បាំង​F-15K​ចំនួន​២​គ្រឿង​មកពី​កងទ័ព​កូរ៉េខាងត្បូង បន្ទាប់ពី​បាន​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ព​នៅ​កោះ​ក្វាម​របស់​សហរដ្ឋអាមេរិក នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​សេចក្តី​ថ្លៃ​ង​ការណ៍​នេះ បាន​និយាយថា បន្ទាប់ពី​ហោះចូល​ដែល​អាកាស​កូរ៉េខាងត្បូង​មក​នោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំង​២​នេះ​បាន​ហ្វឹកហាត់​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់ ចេញពី​យន្តហោះ ហើយ ធ្លាក់ចូល​សមុទ្រ នៅឯ​នាយ​ឆ្នេរសមុទ្រ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងត្បូង ហើយ​បាន​ហោះ​ពីលើ​ប្រទេស​កូរ៉េខាងត្បូង​ទៅកាន់​ដែនសមុទ្រ​រវាង​កូរ៉េខាងត្បូង​និង​ចិន​ដើម្បី​បន្ត​ការធ្វើ​សមយុទ្ធ​ហ្វឹកហាត់​នេះ​។​

​កងទ័ព​អាម​រិ​ក បាន​និយាយថា យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​របស់​ជប៉ុន ក៏បាន​ចូលរួម​ការធ្វើ​សមយុទ្ធ​នេះ ផងដែរ​៕ ដោយ៖ សុខា

​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B របស់​អាមេរិក