យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ H-20 របស់​ចិន នឹងធ្វើ​ការហោះហើរ​ជា​លើកដំបូង​ក្នុងពេល​ឆាប់ៗ​នេះ​

619

​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ Hong-20 របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ត្រៀម​រៀបចំ​ការហោះហើរ​សាកល្បង​លើកដំបូង​របស់ខ្លួន បន្ទាប់ពី​អភិវឌ្ឍ​ជាង​មួយ​ទសវត្សរ៍​។​

​ទូរទស្សន៍​រដ្ឋ​ចិន​បាន​បញ្ជាក់ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ H-20 នឹង​ហោះ​ទៅលើ​មេឃ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Asia Times​។ កាលបរិច្ឆេទ​នៃ​ការហោះហើរ​មិនត្រូវ​បានបញ្ជាក់​ទេ​។ ទោះយ៉ាងណា កាសែត Global Times បាន​រាយការណ៍​ថា ព្រឹត្តិការណ៍​សំខាន់​នៃ​ការហោះហើរ​ជា​លើកដំបូង​ចង្អុល​បង្ហាញថា​ក្រុមហ៊ុន Aviation Industry Corp of China បានបញ្ចប់​រួចរាល់​នូវ​ការធ្វើ​តេស្ត​ឧបករណ៍​អេឡិចត្រូនិក ប្រព័ន្ធ​មេកា​និក និង​អេឡិចត្រូនិក​។​

​ម៉ូត​របស់​យន្តហោះ H-20 គឺ​យក​ស្ទីល​ស្រដៀង​គ្នា​ទៅនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​រប​ស់​អាមេរិក B-2​។​

​ប្រទេស​ចិន​មិនទាន់​អាច​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ដែលមាន​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​គោល​ដៅ​នៅ​ចម្ងាយ​ឆ្ងាយ​នៅឡើយ​ទេ​។ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់​កងកម្លាំង​អាកាស​របស់​ចិន​គឺ យន្តហោះ​ស៊េរី H-6 ដែល​កែ​ឱ្យ​ទំនើប​ឡើងវិញ ដោយ​ផ្អែក​តាម​ម៉ូត​យន្តហោះ Tu-16 Badger សម័យ​សូ​វៀត​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ H-20 របស់​ចិន