យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នឹង​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​អាមេរិក​ដែល​បញ្ជូនទៅ​មជ្ឈិមបូព៌ា​ជុំវិញ​ការបារម្ភ​អំពី​អ៊ីរ៉ង់​

692
ចែករម្លែក

​កង​យោធា​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នឹង​ជា​ផ្នែក​មួយ​នៃ​កម្លាំង​បន្ថែមទៀត​ដែល​បញ្ជូនទៅ​មជ្ឈិមបូព៌ា​ដើម្បី​ទប់ទល់​នឹង​អ្វីដែល​រដ្ឋបាល​ត្រាំ​និយាយថា​ជា “​ការចង្អុលបង្ហាញ​យ៉ាងច្បាស់​” ពី​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​ចំពោះ​កងកម្លាំង​អាមេរិក​នៅ​ទីនោះ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោ​កច​ន បូល​តុ​ន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​កំពុង​ដាក់ពង្រាយ​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ​និង​កងកម្លាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​មជ្ឈិមបូព៌ា​។​

​មេបញ្ជាការ​លោក​ប៊ី​ល អឺ​បាន (Bill Urban) អ្នកនាំពាក្យ​ទីបញ្ជាការ​កណ្ដាល​សហរ​ដ្ឋ​អាមេរិក​បាន​និយាយថា កងកម្លាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​នឹងមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B-52 ។​

​មន្ត្រី​អាមេរិក​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា យន្តហោះ B-52 ចំនួន ៤ គ្រឿង​នឹងត្រូវ​ដាក់ពង្រាយ ទោះបីជា​ចំនួន​នេះ​អាច​នឹងមាន​ការផ្លាស់ប្តូ​រ​ក៏ដោយ​។ សហរដ្ឋអាមេរិក​បាន​រក្សា​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជា​ទៀងទាត់​នៅក្នុង​តំបន់​នេះ ហើយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 បាន​ស្ថិតនៅ​ទីនោះ​ក្នុងពេល​ថ្មីៗ​នេះ​។ យន្តហោះ B-52 គឺជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​បើក​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​។​

​យោធា​អាមេរិក​ក៏បាន​បញ្ជាក់ដែរថា ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ Abraham Lincoln បានគ្រោង​ធ្វើដំណើរ​ទៅកាន់​មជ្ឈិមបូព៌ា​រួចហើយ ប៉ុន្តែ​ចលនា​បំលាស់​ទី​រប​ស់វា​ត្រូវបាន​ព​ន្លឿ​ន​ដោយសារតែ​ភាព​តានតឹង​កាន់តែខ្លាំង​ឡើងជា​មួយ​អ៊ីរ៉ង់​។​

​ស្ថាប័ន​សន្តិសុខ​កំពូល​របស់​អ៊ីរ៉ង់​បាន​ច្រានចោល​ផែនការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការបញ្ជូន​កងកម្លាំង​ទៅ​តំបន់​នេះ​ថា​ជា “​សង្គ្រាមចិត្តសាស្ត្រ​”​។​

​ដោយ​ប្រកាស​លម្អិត​នៃ​កម្លាំង​នេះ​កាលពី​ថ្ងៃ​អង្គារ យោធា​អាមេរិក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​ការ​ស៊ើបការណ៍​សម្ងាត់​ដែល​ខ្លួន​អាចមាន​អំពី​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​ទេ​។​

​លោក​អឺ​បាន បាន​និយាយថា មេបញ្ជាការ​កណ្តាល​អាមេរិក​ដែល​ទទួលខុសត្រូវ​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​មជ្ឈិមបូព៌ា​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ស្នើសុំ​ឱ្យមាន​កងកម្លាំង​បន្ថែមទៀត បន្ទាប់ពី​មាន “​ការចង្អុលបង្ហាញ​ថ្មីៗ​និង​ច្បាស់លាស់​” ថា​កងកម្លាំង​ធម្មតា​និង​កងកម្លាំងប្រដាប់អាវុធ​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​កំពុង​ប្រុងប្រៀប​ខ្លួន​វាយប្រហារ​កងកម្លាំង​អាមេរិក​នៅក្នុង​តំបន់​នេះ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក B-52