យន្តហោះ​ទម្លាក់​ទឹក​ពន្លត់ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ខណៈដែល​យោធា​ប្រេ​ស៊ីល​ចាប់ផ្តើម​ប្រយុទ្ធប្រឆាំ​ង​ភ្លើង​ឆេះ​ព្រៃ​នេះ​

1818
ចែករម្លែក

​យន្ដហោះ​ចម្បាំង​ប្រេ​ស៊ីល​ច្រើនគ្រឿង​កំពុង​ស្រោច​ទឹកព​ន្ល​ត់​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆេះ​នៅ​រដ្ឋ​រ៉ុន​ដូនា (Rondonia )​នៃ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​​ជា​អន្តរជាតិ​ជុំវិញ​ភ្លើង​ឆេះ​បំផ្លាញ​ព្រៃ​ត្រូពិច​ដ៏​ធំ​បំផុត​ដែល​ទាក់ទាញ​ភ្លៀង​បំផុត​ច្រើន​របស់​ពិភពលោក​នេះ​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​ខែ​សីហា​នេះ លោក Jair Bolsonaro ប្រធានាធិបតី​ប្រេ​ស៊ីល បានអនុញ្ញាត​ឱ្យ​មាន​ប្រតិបត្តិការ​យោធា​នៅក្នុង​រដ្ឋ​ចំនួន​៧ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​​អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដោយ​ឆ្លើយតប​ទៅ​នឹង​ការស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ក្នុង​តំបន់​របស់​ពួកគេ​។​

​ក្រុម​អ្នក​ពន្លត់ភ្លើង បាន​កំពុងស្ថិត​នៅ​ជិត​រដ្ឋ​Porto Velho ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ជាច្រើន​ក្នុង​រដ្ឋ​នេះ ។ ពួកគេ​បាន​កំពុង​ធ្វើការ​ពន្លត់ភ្លើង ដោយ​មាន​យន្តហោះ​​ច្រើន​គ្រឿង​ទម្លាក់​ទឹក​ពន្លត់ភ្លើង​ឆេះ​នេះ​។

​កាលពី​ថ្ងៃ​សៅរ៍ យន្តហោះ​យោធា​ដ៏​ធំ​ចំនួន​២​គ្រឿង​បាន​ស្រោច​ទឹក​រាប់ពាន់​លីត្រ​ទៅ​លើ​ភ្លើង​ឆេះ​ព្រៃ ដែល​មាន​អណ្តាតភ្លើង​និង​ផ្សែងហុយ​ឡើង​នេះ​។​

​ការឆ្លើយតប​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​មេដឹកនាំ​ប្រទេស​នៃ​ក្រុម​ប្រទេស​G-7​ដែល​កំពុង​ជួបប្រជុំគ្នា​នៅ​ប្រទេស​បារាំង​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​និង​សន្យា​ជួយ​​ពន្លត់​អគ្គិភ័យ​នេះ​។​

​ប្រធានា​ធិបតិ​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ក្រុម​ប្រទេស​G-7 នេះ​បាន​កំពុង​ឆ្ពោះទៅរក​ការសម្រេច​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្តល់​​ជំនួយ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ទាំងឡាយ​ដែល​បាន​រង​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នេះ​។​

​គិត​ត្រឹម​ថ្ងៃទី​២៤​ខែ​សីហា​នេះ ភ្លើង​ឆេះ​ជិត​៨០.០០០​កន្លែង ត្រូវបាន​រាយការណ៍​ថា​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេសប្រេ​ស៊ីល ក្នុង​កម្រិត​ច្រើន​បំផុត ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។​

​លោក Jair Bolsonaro បានប្រកាសថា​យោធា​នឹង​ត្រូវ​បញ្ជូន​ទៅ​នៅ​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​ការរិះគន់​ជាច្រើន​ថ្ងៃ​មក​នេះ​ពី​ក្រុម​មេដឹកនាំ​សាធារណៈ​និង​ពិភពលោក​ថា​រដ្ឋា​ភិ​​បាល​ប្រេ​ស៊ីល​មិនបាន​ធ្វើ​អ្វី​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អគ្គិភ័យ​នេះ​ទេ​៕​ដោយ​៖​សុខា​/sn