យន្តហោះ​បំបាំងកាយ F-35 របស់​អង់គ្លេស​ហោះហើរ​និង​ចុះចត​សាកល្បង​លើកដំបូង​លើ​នាវា​ផ្ទុក​យន្តហោះ HMS Queen Elizabeth នៅ​ឆ្នេរ​ខាងកើត​របស់​អាម៉េរិក​

598
ចែករម្លែក

​យន្ដហោះ​បំបាំងកាយ​លឿន​ជាង​សំឡេង​របស់​អង់គ្លេស​បាន​ហោះ​ឡើង​និង​ចុះចត​លើ​នាវា​ផ្ទុក​យន្តហោះ HMS Queen Elizabeth ជា​លើកដំបូង ដែលជា​ផ្នែក​មួយ​នៃ​ការហោះហើរ​សាកល្បង​ជាមួយ​យោធា​អាម៉េរិក​។​

​ក្រសួងការពារជាតិ​អង់គ្លេស​និយាយថា យន្ដហោះ F-35 Lightning ដ៏​ទំនើប​បំផុត​នៅលើ​ពិភពលោក នឹង​អនុវត្ត​បេសកកម្ម​និង​សមយុទ្ធ​ហោះហើរ​នៅឯ​ឆ្នេរ​ខាងកើត​របស់​សហរដ្ឋ​អាម៉េរិក​។​

​ក្រសួងការពារជាតិ​បានចេញ​ផ្សាយ​រូបភាព​នៃ​យន្ដហោះ​ទំនើប​ពហុមុខ​ងារ​នេះ​ហោះ​សំកាំង​ពីលើ​និង​ចុះចត​លើ​នាវា​ផ្ទុក​យន្តហោះ​ទម្ងន់ ៦៥.០០០ តោន​ជា​លើកដំបូង​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​តុលា​។​

​ការហោះហើរ​និង​ចុះចត​លើ​នាវា​នេះ​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​ជោគជ័យ​កាលពី​ឆ្នាំមុន​ជាមួយ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​របស់​យោធា​អាម៉េរិក​។ យន្ដហោះ F-35B Lightning គឺជា​ប្រភេទ​ដំបូងបង្អស់​ដែល​បញ្ចូល​គ្នា​នូវ​បច្ចេកវិជ្ជា​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា​ជាមួយនឹង​ល្បឿន​លឿន​ជាង​សំឡេង និង សមត្ថភាព​ហោះហើរ​ចំណាយពេល​ខ្លី​និង​ចុះចត​បញ្ឈរ​ត្រង់​។​

​យន្តហោះ​ចម្បាំង​ទាំងនេះ​នឹងត្រូវ​បញ្ជា​ហោះហើរ​រួមគ្នា​ដោយ​កងទ័ពអាកាស​និង​កងទ័ពជើងទឹក​រប​ស់​អង់គ្លេស និង អាចធ្វើ​ប្រតិបត្តិការ​ពី​ដីគោក​និង​សមុទ្រ​បាន​៕ ដោយ៖ កញ្ញាដាលីស