យន្តហោះ​យកការណ៍​អាមេរិក​នៅ​ពីលើ​កូ​ឡុំ​ប៊ី ខណៈ​អាមេរិក​ជំរុញ​រដ្ឋប្រហារ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​

412
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​និង​កំពុង​គាំទ្រ​រដ្ឋប្រហារ​មួយ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​អំពាវនាវ​អោយ​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ចុះ​ចេញពី​អំណាច​និង​គាំទ្រ​មេដឹកនាំ​​ប្រឆាំង ហ្ស័​ន ក្វា​យ​ដូ ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

​បើតាម​សារព័ត៌មាន​រុស្ស៊ី ស្ពុ​ត​និក វា​ជា​លើក​ទី​២​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ដែល​យន្តហោះ​ឈ្លបយកការណ៍​អាមេរិក​ត្រូវបាន​គេ​ឃើញ​នៅ​ពីលើ​ប្រទេស​កូ​ឡុំ​ប៊ី និង​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​Aircraft Spots​វា​ជា​ប្រភេទ​យន្តហោះ​យកការណ៍​EO-5C N177RA PLOMO27 ។​

​អ្នកកាសែត​ម្នាក់​បាន​និយាយថា​យន្តហោះ​យោធា​នេះ​ទំនងជា​ប្រើ​សំរាប់​ចាប់​ការទាក់ទង​មកពី​ប្រទេស​ក្បែរ​ខាង​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​​បង្កឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​វិទ្យុ​កូ​ឡុំ​ប៊ី​មួយ The FM បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មករា​ថា យន្តហោះ​មួយចំនួន​រួមមាន​យន្តហោះ​ដឹកជញ្ជូន​យោធា​C17A​និង​បូ​អ៊ីង​737​បាន​ចុះចត​នៅ​ជាយ​​ក្រុង​បូ​ហ្គោ​តា នៅ​អាកាសយានដ្ឋាន​យោធា​Catam​។​

​ដំណើរ​វិវត្តន៍​សភាព​ការណ៍​ចុង​ក្រោយនេះ​បាន​កើតឡើង​ក្រោយពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បុល​ថុ​ន ត្រូវគេ​ថត​បាន​ពេល​លោក​កំពុងកាន់​ឯកសារ​ជា​​មួយ​នឹង​ចំណារ​សរសេរថា​«​ទាហាន​៥.០០០​នាក់​ទៅកាន់​កូ​ឡុំ​ប៊ី​» ក្នុងពេល​លោក​ធ្វើ​សន្និសីទកាសែត​មួយ​ស្តីពី​វេ​ណេ​ស៊ុយ​អេ​ឡា​។​

​ជុំវិញ​វិបត្តិ​នៅ​ប្រទេស​អាមេរិក​ឡាទីន​នេះដែរ មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​ប្រជែង​អំណាច​ជាមួយ​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ បាន​អះអាងថា ពួក​ភ្នាក់ងារ​របស់លោក​ម៉ា​ឌូ​រ៉ូ ទំនង​​ជា​ប៉ូលិស​ពិសេស​បាន​ទៅដល់​ផ្ទះ​របស់លោក​ដើម្បី​គំរាម​គ្រួសារ​លោក​។​

​ហ្ស័​ន ក្វា​យ​ដូ មិនបាន​ស្ថិតនៅក្នុង​ផ្ទះល្វែង​ក្នុង​ក្រុង​កា​រ៉ា​កាស​ទេ​នៅពេល​ទាហាន​ទៅដល់​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ដើម្បី​សាកសួរ​ប្រពន្ធ​លោក​។​កូនស្រី​អាយុ​២០​ខែ​និង​​ជីដូន​របស់​នាង​បាន​ស្ថិតនៅ​ក្នុងផ្ទះ​នោះដែរ​និង​ត្រូវ​បំភិតបំភ័យ​ដោយ​មន្ត្រី​សន្តិសុខ​,​នេះ​បើតាម​ការអះអាង​ចោទប្រកាន់​របស់​ក្វា​យ​ដូ​។​

​មេដឹកនាំ​ប្រឆាំង​រូបនេះ​បាន​ព្រមាន​អោយ​ពួក​មន្ត្រី​សន្តិសុខ​នៅ​អោយ​ឆ្ងាយ​ពី​គ្រួសារ​លោក​និង​ទាមទារ​អោយ​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ ទទួលខុសត្រូវ​បើ​មានរឿង​អ្វី​កើតឡើង​​ចំពោះ​គ្រួសារ​លោក​។​

​ទោះជា​យ៉ាងណា នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ប៉ូលិស​វេ​ណេ​ស៊ុយ​អេ​ឡា បាន​បដិសេធថា​មិនមាន​ភ្នាក់ងារ​ពិសេស​ណា​ទៅផ្ទះ​លោក​ក្វា​យ​ដូ​ទេ និង​ថា​ការ​អះ​​អាង​នេះ​«​មិន​ពិត​ទាំងស្រុង​»​។​

​មេដឹកនាំ​ប្រឆាំង​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​ស្ថិត​កណ្តាល​នៃ​ភាពវឹកវរ​នយោបាយរ​បស់​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​លោក​បន្ត​ជំរុញ​បង្កើត​រដ្ឋាភិបាល​អន្តរ​កាល​មួយ​ដោយមាន​រូប​​លោក​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ក្រោយ​ការគាំទ្រ​ពី​អាមេរិក​ខណៈ​មហាអំណាច​ចិន​និង​រុស្ស៊ី​នៅតែ​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វេ​ណេ​ស៊ុយ​​អេ​ឡា​៕

យន្តហោះ​យកការណ៍​EO-5C N177RA PLOMO27​ត្រូវបាន​ប្រទះឃើញ​នៅលើ​កូ​ឡុំ​ប៊ី ចំពេល​មាន​ពាក្យ​លេច​ឮថា​អាមេរិក​ប្រុង​បញ្ជូន​ទ័ព​ចូល​

កាលពី​ថ្ងៃ​៣១​មករា មេដឹកនាំ​ប្រឆាំង​បានធ្វើ​សន្និសីទកាសែត​នៅមុខ​ផ្ទះ​ជាមួយ​ប្រពន្ធ​និង​កូនស្រី​ដោយ​ចោទ​រដ្ឋាភិបាល​របស់លោក​ម៉ា​ឌូ​រ៉ូ​ថា​បាន​បញ្ជូន​ភ្នាក់ងារ​មក​
​បំភិតបំភ័យ​គ្រួសារ​លោក​