យន្តហោះ​យោធា​ប៉ា​គី​ស្ថាន​ធ្លាក់ចូល​ផ្ទះ​អ្នកស្រុក​ សម្លាប់​មនុស្ស​១៧​នាក់​

463
ចែករម្លែក

​យន្តហោះ​យោធា​ប៉ា​គី​ស្ថាន​មួយ​ដែល​កំពុង​ហោះ​ហ្វឹកហាត់ បាន​ធ្លាក់​ចូល​ផ្ទះ​ប្រជាជន​នៅក្នុង​ទីក្រុង​រ៉ា​វ៉ា​ល់ពី​ន​ឌី​ នៅមុន​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ​ដោយ​សម្លាប់ មនុស្ស​យ៉ាង​តិច​១៧​នាក់ ភាគច្រើន​ជា​មនុស្ស​នៅលើ​ដី​។​

​អគ្គិភ័យ ផ្ទះ​ខូចខាត​និកម្ទេច​កម្ទីផ្ទះ ​រួម​ទាំង​យន្តហោះ​ត្រូវបាន​មើលឃើញ​នៅក្នុង​ភូមិ​ម៉ូ​រ៉ា កា​លូ នៅ​ជាយក្រុង​រ៉ា​វ៉ា​ល់ពី​ន​ឌី​។​ទាហាន​និង​ប៉ូលិស​បាន​បិទ​តំបន់​កើតហេតុ​ដើម្បី​រើស​​បំណែក​យន្តហោះ​និង​ស៊ើបអង្កេត​រក​ភស្តុតាង​នៃ​មូលហេតុ​ធ្លាក់​មុន​ការងារ​ជួយសង្គ្រោះ​បាន​ចប់​។​

​យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទាហាន​៥​នាក់ រួម​មាន​អាកាសយានិក​យោធា​២​នាក់ និង​យ៉ាងតិច​ជន​ស៊ីវិល​១២​នាក់​ត្រូវបាន​សម្លាប់​។​

​មន្ត្រី​នៅ​សេវា​គ្រោះមហន្តរាយ​ម្នាក់​បាន​និយាយថា មនុស្ស​១៥​នាក់​បាន​រងរបួស ហើយ​ចំនួន​មនុស្ស​ស្លាប់​អាច​កើនឡើង​ដោយសារ​អ្នក​របួស​ខ្លះ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។​

​ពួក​អ្នកស្រុក​បាន​និយាយថា ពួកគេ​បាន​ភ្ញាក់​ក្រញាង​ឡើង នៅ​ពេល​ឮ​ការផ្ទុះ​ដ៏​ខ្លាំង​និង​បាន​ឃើញ​បំណែក​យន្តហោះ​ដែល​ឆេះ​ហុយ​នៅ​ជិត​ផ្ទះ​របស់​គេ​។​ឧទ្ធម្ភាគចក្រ​យោធា​ក៏ត្រូវ​​បានឃើញ​ហោះ​លើ​តំបន់​កើតហេតុ​។​

​យោធា​ប៉ា​គី​ស្ថាន​បាន​និយាយថា យន្តហោះ​នេះ​បាន​កំពុង​ហោះ​ហ្វឹកហាត់​តាម​ទម្លាប់​ធម្មតា​នៅពេល​វា​ធ្លាក់​ តែ​នៅ​មិនទាន់​មាន​ព័ត៌មាន​អំពី​មូលហេតុ​​នៃ​ការធ្លាក់​នេះ​នៅឡើយ​​ទេ​៕​ដោយ​៖​វាសនា​/Ha

​ទាហាន​ ប៉ូលិសនិង​អ្នកស្រុក​ប៉ា​គី​ស្ថាន​ឈរ​មើល​កន្លែង​ដែល​យន្តហោះ​ធ្លាក់ កាលពី​ថ្ងៃ​៣០​កក្កដា