អាជ្ញាធរនិយាយថាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ដែលធ្វើដំណើរទៅកាន់ទីក្រុងម៉ានីលបានជួបបញ្ហាគាំងម៉ាស៊ីនកាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងឡូសអ៊ែនជេឡេស ហើយបានចុះចតបន្ទាន់។
អាកាសយានដ្ឋានអន្តរជាតិឡូសអ៊ែនជេឡេសនិយាយថា អ្នកបើកយន្តហោះនៃជើងហោះហើរលេខ ១១៣ បានប្រកាសអាសន្នហើយបានរាយការណ៍ពីការគាំងម៉ាស៊ីននៅលើយន្តហោះ Boeing 777។ សាក្សីនៅលើដីនិយាយថាបានឃើញ “ការផ្ទុះឆេះចេញអណ្តាតភ្លើង” ពីម៉ាស៊ីន។
ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីការរងរបួសនោះទេ ហើយគេមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ជិះនៅលើយន្ដហោះនេះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថាយន្ដហោះបានវិលត្រឡប់មកវិញហើយចុះចតដោយគ្មានឧបទ្ទវហេតុ។ ស្ថានីយទូរទស្សន៍ ABC-7 នៅទីក្រុងឡូសអ៊ែនជេឡេសបានចាក់ផ្សាយវីដេអូនៃយន្ដហោះនេះបន្ទាប់ពីហោះឡើង ដោយបង្ហាញអណ្តាតភ្លើងនិងផ្សែងចេញពីម៉ាស៊ីនខាងស្តាំ។
អាកាសយានដ្ឋានបាននិយាយថា យន្តហោះបានចុះចតនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ម៉ោងក្នុងស្រុក ហើយនាយកដ្ឋានពន្លត់អគ្គីភ័យក្រុងឡូសអ៊ែនជេឡេសបានរង់ចាំជាស្រេចដើម្បីពន្លត់ភ្លើង។
មិនមានការប៉ះពាល់ដល់ជើងហោះហើរផ្សេងនោះទេ៕ ដោយ៖ កញ្ញាដាលីស