យន្តហោះ​អវកាស​អា​ថ៍កំ​បាំង​របស់​កងទ័ព​អាកាស​អាម៉េរិក​ចុះចត​លើ​ផែនដី ក្រោយ​បញ្ចប់​បេសកកម្ម​រយៈពេល​២​ឆ្នាំ​នៅ​ដង​តារាវិថី​

770
ចែករម្លែក

​យន្ដហោះ​អវកាស X-37B របស់​កងទ័ពអាកាស​អាម៉េរិក​បាន​ចុះចត​នៅលើ​ផែនដី​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​តុលា បន្ទាប់ពី​ចំណាយពេល ៧៨០ ថ្ងៃ​លើ​ដង​តារាវិថី ដែលជា​បេសកកម្ម​យូរ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី​សាកល្បង​យោធា​អាថ៌កំបាំង​របស់​អាម៉េរិក​។ យន្តហោះ​នេះ​បាន​ចុះចត​នៅ​មណ្ឌល​អវកាស​កេ​ណ្ណី​ឌី​របស់​អង្គការ​ណា​សា​នៅ​រដ្ឋ​ផ្លរីដា​។​

​យោងតាម​កងទ័ពអាកាស​អាម៉េរិក​បានឱ្យដឹងថា យន្ដហោះ​គ្មាន​អ្នកបញ្ជា​ដែល​មើលទៅ​ដូចជា​យានអវកាស​តូច​មួយ​នេះ បានធ្វើការ​ពិសោធន៍​ក្នុង​គន្លង​គោចរ ដែល​ឥឡូវ​ត្រូវបាន​នាំយកមក​ផែនដី​វិញ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។​

​ព័ត៌មាន​លម្អិត​ពិតប្រាកដ​នៃ​ការពិសោធន៍​ទាំងនេះ​គឺជា​ការសម្ងាត់​ដែល​បានការ​ពារ​យ៉ាង​ជិតដិត​បំផុត​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ពអាកាស​បានត្រឹមតែ​បង្ហាញថា​កម្មវិធី​នេះ​ជា “​ការអនុវត្ត​ការកាត់បន្ថយ​ហានិភ័យ ការពិសោធន៍ និង​គំនិត​នៃ​ការអភិវឌ្ឍ​ប្រតិបត្តិការ​សម្រាប់​បច្ចេក​វិជ្ជា​យានអវកាស ដែល​អាច​ប្រើ​ឡើងវិញ​បាន​”​។​

​នេះ​ជា​យន្ដហោះ​អវកាស X-37B ទី ៥ ដែល​ត្រូវបាន​បាញ់​បង្ហោះ​ទៅកាន់​ដង​តារាវិថី​នា​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​ការហោះហើរ​នីមួយៗ​មាន​រយៈពេល​យូរ​ជាង​ការហោះហើរ​មុនៗ​របស់​វា​៕ ដោយ៖កញ្ញាដាលីស

យន្ដហោះ​អវកាស X-37B ចុះចត​លើ​ផែនដី​កាលពី​ថ្ងៃអាទិត្យ