យន្តហោះ​អាម៉េរិក​ទម្លាក់​គ្រាប់​ដោយ​ចៃដន្យ​នៅ​ជប៉ុន​ក្នុងពេល​ហ្វឹកហាត់​

2883
ចែករម្លែក

​យន្តហោះ​ប្រយុទ្ធ​អាម៉េរិក​មួយ​បាន​ទម្លាក់​គ្រាប់​ស្អុយ​(​អត់​រំសេវ​)​មួយ​ដោយ​ចៃដន្យ​ក្នុងអំឡុងពេល​ហោះ​ហ្វឹកហាត់​មួយ​នៅ​ជប៉ុន ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ចេញប្រ​តិ​​កម្ម​ទាំង​កំហឹង​។​

​ការស៊ើបអង្កេត​មួយ​ឡូ​វ​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​យន្តហោះ F-16​មួ​ទម្លាក់​គ្រាប់​មិន​ផ្ទុះ​មួយ​លើ​តំបន់​អា​អូ​ម៉ូ​រី នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន ហើយ​យន្តហោះ​អាម៉េរិក​​នៅ​មូលដ្ឋាន​មី​សាវ៉ា ក្បែរ​នោះ​បាន​ផ្អាក​ការហាត់​ទម្លាក់​គ្រាប់​រហូតដល់​មាន​ការជូន​ដំណឹង​ថ្មី​។​

​សារព័ត៌មាន NHK​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា​ថា ក្រសួង​ការពារជាតិ​ជប៉ុន​បាន​ទទូច​អោយ​យោធា​អាម៉េរិក​នៅ​ជប៉ុន​ធានា​សុវត្ថិភាព​ពេញលេញ​ក្នុងអំឡុង​​ពេល​ប្រតិបត្តិការ​ដោយ​យន្តហោះ​។​

​នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​«​វត្ថុ​ដែល​ទម្លាក់​នោះ​ធ្ងន់​ណាស់ និង​វា​មិន​ត្រូវ​អោយ​កើតឡើង​ទេ​។​យើង​នឹង​ស្នើ​​សុំ​ភាគី​អាម៉េរិក​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​រារាំង​កុំអោយ​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​កើត​ឡើង​ជា​ថ្មី​»​។​

​ឧបទ្ទវហេតុ​យន្តហោះ​តិចតួច​ចេះតែ​កើន​ឡើង​នៅ​ជប៉ុន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ហើយ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​យន្តហោះ​អាម៉េរិក ដោយ​បង្ក​ការព្រួយបារម្ភ​ក្នុងចំណោម​ប្រជា​​ជន​ជប៉ុន​។​

​កងកម្លាំង​ជប៉ុន​បាន​និយាយថា «​ក្នុងពេល​ហ្វឹកហាត់ យន្តហោះ F-16 មួយ​មក​ពី​មូលដ្ឋាន​មី​សាវ៉ា បាន​បញ្ចេញ​ចោល​ឧបករណ៍​មួយ​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ទីលាន​ទម្លាក់​គ្រាប់​​កាលពី​យប់​ថ្ងៃ​ពុធ តែ​មិន​មាន​របាយការណ៍​អំពី​មនុស្ស​រងរបួស​ទេ ឬ​ការខូចខាត​ទេ​។​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ​កំពុង​ត្រូវ​ស៊ើបអង្កេត​»៕​ដោយ​៖​វាសនា​

នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ប្រតិកម្ម​ក្រោយ​ពី​យន្តហោះ​អាម៉េរិក​ទម្លាក់​គ្រាប់​មិន​ផ្ទុះ​ខុស​ទីតាំង​ហ្វឹកហាត់​