យន្តហោះ​អេត្យូ​ពី​ជាមួយ​មនុស្ស​១៥៧​នាក់ ធ្លាក់​ក្រោយ​ចេញដំណើរ​បន្តិច​

513
ចែករម្លែក
  • 120
    Shares

​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី ជាមួយ​មនុស្ស​១៥៧​នាក់​នៅក្នុង​នោះ បាន​ធ្លាក់​ក្រោយពី​ចេញដំណើរ​បាន​បន្តិច​ពី​រដ្ឋធានី​​របស់​អេត្យូ​ពី​ក្នុង​ដំណើរ​ទៅ​កាន់​ក្រុង​ណៃ​រ៉ូ​ប៊ី របស់​គេ​ន​យ៉ា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​Ethiopian Airlines​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា អ្នកដំណើរ​១៤៩​នាក់​និង​សមាជិក​នាវិក​៨​នាក់​ត្រូវបាន​គេ​គិត​ថា​ស្ថិតនៅ​​ក្នុង​យន្តហោះ Boeing 737​ដែល​ធ្លាក់​នៅ​៦​នាទី​ក្រោយ​ចេញដំណើរ​ពី​ក្រុង​អាត​ឌី​ស អា​បា​បា​។​

​ការិយាល័យ​នាយករដ្ឋមន្ត្រី តាងនាម​អោយ​រដ្ឋាភិបាល​និង​ប្រជាជន​អេត្យូ​ពី បាន​សម្តែង​ការចូលរួម​ទុក្ខសោក​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​បាន​ស្ថិតក្នុង​​យន្តហោះ​ដែល​ធ្លាក់​។​

​ក្រុមហ៊ុន​បាន​និយាយថា យន្តហោះ​បាន​ធ្លាក់​នៅ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពី​រដ្ឋធានី​ក្រោយ​ចេញដំណើរ​បាន​បន្តិច​។​ប្រតិបត្តិ​ការស្វែងរក​និង​ជួយសង្គ្រោះ​កំពុង​ប្រព្រឹត្តទៅ​​និង​មិន​ទាន់​មាន​ព័ត៌មានផ្លូវការ​អំពី​ការស្លាប់ រងរបួស ឬ​អ្នក​នៅ​មាន​ជីវិត​ទេ​។​តែទីភ្នាក់ងារសារព័ត៌មានអេត្យូពី បានស្រង់ប្រភពព័ត៌មានមិនបញ្ជាក់អត្តសញ្ញាណមួយដែលថា«មិនមានអ្នកនៅមានជីវិតទេ ក្នុងចំណោមអ្នកដំណើរមកពី៣៣ប្រទេស»។

​ការធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស​លើកចុងក្រោយ​បំផុត​នៅ​អេត្យូ​ពី​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១០ នៅពេល​យន្តហោះ​ធ្លាក់​នៅ​ប៉ុន្មាន​នាទី​ក្រោយ​ចេញដំណើរ​ពី​ក្រុង​បេរូត ដោយ​​សម្លាប់​មនុស្ស​ទាំង​៩០​នាក់​នៅក្នុង​យន្តហោះ​។​

​ការធ្លាក់​កាលពី​ថ្ងៃអាទិត្យ កើតឡើង​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អេត្យូ​ពី បាន​ប្តេជ្ញា​បើកចំហ​ក្រុមហ៊ុន​អាកាសចរណ៍ និង​វិស័យ​ផ្សេងៗ​សំរាប់​ការវិនិយោគ​បរទេស​ដើម្បី​ផ្លាស់ប្តូរ​​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​រដ្ឋ​។​

​ក្រុមហ៊ុន​Ethiopian Airlines កាលពី​ពេល​ថ្មីៗ​បាន​ពង្រីក​ជើងហោះហើរ​ទៅ​កាន់​ក្រុង​មូ​ស្គូ និង​កាលពី​ខែ​មករា បានដាក់​ដំណើរការ​ចំណត​អ្នកដំណើរ​ថ្មី​មួយ​នៅ​ក្រុង​អាត​ឌី​ស​​អា​បា​បា​៕​ដោយ​៖​វាសនា​