យន្តហោះ​អ៊ីស្រាអែល​វាយប្រហារ​លើ​គោលដៅ​៩​នៅ​ហ្កា​ហ្សា​ស្ទ្រី​ប​

543

កងយោធាអ៊ីស្រាអែល(IDF)ត្រូវបានគេរាយការណ៍ថា បានវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធាចំនួន៩នៅទីតាំង៣នៅហ្កាហ្សាស្រ្ទីបខាងជើង។

យោងតាមIDF គោលដៅត្រូវវាយប្រហារទាំងនេះជារបស់ពួកសកម្មប្រយុទ្ធហាម៉ាស និងថាគោលដៅទាំង៩នោះស្ថិតនៅបរិវេណយោធាចំនួន២និងទីតាំងផលិតគ្រាប់រំសេវចំនួនមួយ។

ការវាយប្រហារតាមផ្លូវអាកាសនេះជាការឆ្លើយតបទៅនឹងការបង្ហោះ”ប៉ោងៗ ខ្លែងភ្លើងនិងខ្លែងបំពាក់គ្រាប់ផ្ទុះចូលអ៊ីស្រាអែល”។

ភាពតានតឹងនៅតាមព្រំដែនហ្កាហ្សាបានកញ្ជ្រោលឡើងចំពេលពួកប៉ាឡេស្ទីនធ្វើយុទ្ធនាការមហាដំណើរវិលទៅទីកំណើត(Great March of Return)ចាប់ពីថ្ងៃ៣០មីនាមក។ភាគីអ៊ីស្រាអែលបាននិងកំពុងប្រើសព្វាវុធប្រល័យជីវិតដើម្បីបង្រ្កាបលើការជួបជុំតាមព្រំដែន ដោយសំអាងលើការព្រួយបារម្ភអំពីសន្តិសុខនិងបន្ទោសក្រុម
ហាម៉ាសចំពោះកំណើននៃអំពើហិង្សានៅព្រំដែនហ្កាហ្សា។

អ៊ីស្រាអែលនិយាយថា ខ្លួនឆ្លើយតបចំពោះការបង្ហោះខ្លែងភ្លើងដែលរំខានដល់កសិកររបស់ខ្លួន

ក្នុងពេលជាមួយគ្នានៅប្រទេសស៊ីរីជាប់គ្នាឯណោះវិញ ទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថា ក្រុមចំរុះដឹកនាំដោយអាមេរិកបានវាយប្រហារទីតាំងយោធាមួយនៅភាគខាងកើតប្រទេសបណ្តាលអោយស្លាប់និងរបួសទាហានជាច្រើននាក់។

របាយការណ៍កាលពីថ្ងៃចន្ទទី១៨មិថុនានិយាយថា ការវាយប្រហារតាមផ្លូវអាកាសបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យនៅភូមិអាល់-ហារី ជិតទីប្រជុំជនបូកាម៉ាល់។

ទាហានស៊ីរីនិងសម្ពន្ធមិត្តបាននិងកំពុងធ្វើប្រតិបត្តិការប្រឆាំងក្រុមរដ្ឋអ៊ីស្លាម នៅខាងកើតទន្លេអឺហ្វ្រាត ខណៈកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិកក៏វាយប្រឆាំងក្រុមរដ្ឋអ៊ីស្លាមនៅច្រាំងខាងកើតទន្លេផងដែរ។

ក្រុមចំរុះដឹកនាំដោយអាមេរិកបានវាយប្រហារកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីនៅពេលពួកគេបានព្យាយាមឆ្លងកាត់ទន្លេ តែពេលនេះវាមិនទាន់ច្បាស់ថាតើការវាយប្រហារលើកនេះជាស្នាដៃរបស់ពួកគេឬយ៉ាងណា។

ក្រុមរដ្ឋអ៊ីស្លាមកាន់កាប់តំបន់តូចៗនៅខាងកើតស៊ីរីជាប់នឹងព្រំដែនអ៊ីរ៉ាក់៕ដោយ៖វាសនា