យន្តហោះ​Boeing ដឹក​មនុស្ស​១៤៣​នាក់​រអិល​ធ្លាក់ចូល​ទន្លេ តែ​សំណាង​អត់​មាន​ជនរងគ្រោះ​

851
ចែករម្លែក

​យន្តហោះ​Boeing 737​មួយ​គ្រឿង​រអិល​ធ្លាក់​ចូល​ក្នុង​ទន្លេ​ក្រោយ​ពី​វា​ចុះចត​បុក​ផ្ទប់​ដី​នៅ​ស្ថានីយ​ទ័ពជើងទឹក​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃ​សុក្រ​ទី​៣​ឧសភា តែ​មិន​មាន​អ្នកស្លាប់​ឬ​រងរបួស​​ធ្ងន់ធ្ងរ​ត្រូវបាន​រាយការណ៍​ទេ​។​

​យន្តហោះ​ដឹក​មនុស្ស​១៤៣​នាក់ រួម​មាន​នាវិក​មក​ពី​ហ្កាន​តាណា​ម៉ូ បេ នៅក្នុង​ប្រទេស​គុយបា បានបញ្ចប់​ដំណើរ​នៅក្នុង​ទឹក​រា​ក់ជាប់​នឹង​ស្ថានីយ​អាកាស​ក្នុង​ក្រុង​ជែក​​សាន់​វី​ល ដោយ​អ្នកដំណើរ​ទាំងអស់​មាន​សុវត្ថិភាព​។​

​ស្ថានីយ​អាកាស​នៃ​ទ័ពជើងទឹក​Jacksonville​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« មាន​អ្នកដំណើរ​១៣៦​នាក់​និង​នាវិក​៧​នាក់ ។​ទាំងអស់គ្នា​មាន​សុវត្ថិភាព​ទេ​​តែ​មនុស្ស​ពេញវ័យ​២១​នាក់​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​មូលដ្ឋាន​ទោះជា​មិន​មាន​នរណា​ម្នាក់​រងរ​បួស​ធ្ងន់​»​។​

​មនុស្ស​មួយចំនួន​ទៀត​ត្រូវបាន​ព្យាបាល​របួស​តិចតួច​នៅ​កន្លែងកើតហេតុ​។​

​ការឆ្លើយតប​របស់​ទីភ្នាក់ងារ​គ្រាអាសន្ន​និង​សន្តិសុខ​កងទ័ពជើងទឹក រួម​មាន​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​៩០​នាក់​៕ដោយ៖វាសនា

​​រូបភាព​បង្ហាញ​យន្តហោះ​ដេក​លើ​ទឹក​ដោយ​លិច​មួយ​ផ្នែក​ក្រោយ​ការ​រអិល​ចូល​ក្នុង​ទន្លេ​