យន្តហោះ​J-15​របស់​ចិន បញ្ចប់​ការហាត់​ចុះចត​ទាំងយប់​លើ​នាវា​ផ្ទុក​យន្តហោះ​

1106
ចែករម្លែក

អាកាស​នា​និក​នៃ​យន្តហោះ​ប្រយុទ្ធ​ចិន​បានធ្វើការ​ចុះចត​ទាំងយប់​នៅលើ​នាវា​ផ្ទុក​យន្តហោះ​ដំបូង​របស់ខ្លួន នេះ​បើតាម​កាសែត​China Daily​បាន​រាយការណ៍​កាលពី​ថ្ងៃ​​សៅរ៍​ទី​២៦​ឧសភា​។​

​កាសែត​ផ្លូវការ​នេះ​បាន​និយាយ​ដោយយោង​តាម​វីដេអូ​បង្ហោះ​ដោយ​កងទ័ពជើងទឹក​ចិន​ថា ពួក​អាកាសយានិក​បាន​ហោះ​យន្តហោះ​J-15​ចុះ​នៅពេល​យប់​លើ​នាវា​Liaoning​។​នេះ​ជាការ​ហ្វឹកហាត់​ដ៏​ស្មុគស្មាញ​មួយ​ដែល​កត់​សំគាល់ការ​លោត​ផ្លោះ​ដ៏​ធំ​មួយ​ឆ្ពោះទៅ​ការទទួលបាន​សមត្ថភាព​ប្រយុទ្ធ​ពេញលេញ​។​

​ចិន​មាន​ផែនការ​រុះរើ​ធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន​ទាំងមូល ខណៈ​ខ្លួន​កាន់តែ​បង្កើន​វត្តមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​ជុំវិញ​កោះ​តៃវ៉ាន់​។​

​នាវា​ផ្ទុក​យន្តហោះ​ផលិត​ដោយ​ចិន​ជា​លើកដំបូង​ត្រូវបាន​បញ្ជូន​ចូលក្នុង​សមុទ្រ​ដើម្បី​សាកល្បង​នៅ​ខែ​នេះ​។ Liaoning ដែល​ត្រូវគេ​រំពឹងថា​នឹង​ប្រើ​ជានា​វា​ហ្វឹកហាត់​ច្រើន​​ជាង ត្រូវបាន​ទិញ​មកពី​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​១៩៩៨​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ស្រង់​សម្តី​អ្នកជំនាញ​ដែលថា ចិន​ត្រូវការ​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច​ចំនួន​៦​គ្រឿង ខណៈ​អាមេរិក​មាន​១០​គ្រឿង​និង​កំពុង​សាងសង់​២​គ្រឿង​​បន្ថែម​៕ដោយ៖វាសនា

J15 ចុះ​លើ​នាវា​ផ្ទុក​យន្តហោះ​Liaoning​ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅ​សមុទ្រ​កាលពី​ខែមេសា​ឆ្នាំ​២០១៨