យន្តហោះ Su-35 របស់​ចិន​ហ្វឹកហាត់​សម្រាប់​លក្ខខណ្ឌ​ប្រយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

257

​កាលពី​ថ្ងៃ​ពុធ ទី​៧ កុម្ភៈ កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បានប្រកាសថា យន្តហោះ​ចម្បាំង Su-35 ត្រូវបាន​បញ្ជូន​ចេញ​សម្រាប់​បេសកកម្ម​ល្បាត​ប្រយុទ្ធ​រួមគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​យោងតាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ដោយ​ក្រុមមន្ត្រី​បានឱ្យដឹងថា ការដាក់​ពង្រាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងទ័ពអាកាស​ក្នុងការ​ហ្វឹកហាត់​ខាង​យោធា​ក្រោម​លក្ខខណ្ឌ​ប្រយុទ្ធ​។ នេះ​បើ​យោងតាម​កាសែត China Daily​។ ការហ្វឹកហ្វឺន​នេះ​ក៏​ត្រូវគេ​រំពឹងថា​នឹង​បង្កើន​សមត្ថភាព​របស់​យន្តហោះ​នៅក្រោម​លក្ខខណ្ឌ​ផ្លូវ​ឆ្ងាយ​ឬ​ទី​ឆ្ងាយ​នៅ​តំបន់​សមុទ្រ​ដែរ​។​

​ក្រុមមន្ត្រី​មិនបាន​បញ្ជាក់​ពី​ចំនួន​យន្តហោះ​ចម្បាំង​ដែល​បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​នោះទេ​។​

​ថ្លែង​ទៅកាន់​កាសែត Global Times លោក ស៊ូ ក្វាង​យូ ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​គ្រប់គ្រង​និង​រំសាយ​អាវុធ​ចិន​បាន​កត់សម្គាល់ថា ការហ្វឹកហាត់​សាកល្បង​សម្រាប់​យន្តហោះ​ថ្មី​នេះ​គឺធ្វើឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​។​

​លោក​ស៊ូ​និយាយថា “​ក្រៅពី​យន្ដហោះ​ចម្បាំង J-20 ដែលជា​យន្តហោះ​បំបាំងកាយ​ជំនា​ន់ទី​៤​ផលិត​នៅ​ប្រទេស​ចិន យន្តហោះ​ចម្បាំង Su-35 គឺមាន​លក្ខណៈ​ទំនើប​ជាង​យន្ដហោះ​ចម្បាំង​ណាៗ​ទាំងអស់​របស់​ចិន​នៅពេល​បច្ចុប្បន្ននេះ​។ យើង​ទើបតែ​ទទួលបាន​យន្ដហោះ​ចម្បាំង​ច្រើន​គ្រឿង​ពី​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំមុន​ហើយ​ឥឡូវនេះ​យើង​អាចដាក់​វា​ចូលទៅក្នុង​បេសកកម្ម​ប្រយុទ្ធ​ពិតប្រាកដ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​”​។​

​លោក​បាន​បន្ថែមថា “​វា​ក៏​បង្ហាញ​ផងដែរ​ថា​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ចិន​និង​រុស្ស៊ី​គឺ​រឹងមាំ មាន​ប្រយោជន៍​ទៅវិញទៅមក និង​អាច​ជឿទុកចិត្ត​បាន​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ Su-35 របស់​ចិន