យល់ដឹង​ពី ជំងឺ​អេ​បូ​ឡា ដើម្បី ទប់ស្កាត់ និង បញ្ចៀស​ការស្លាប់​

1287
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ជំងឺ​អេ​បូ​ឡា បង្កឡើង​ដោយ វី​រូស អេ​បូ​ឡា គឺជា​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង មាន​អត្រា នៃ ការស្លាប់​ខ្ពស់ ។ ជំងឺ​អេ​បូ​ឡា អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​អ្នកដទៃ​បាន​ដោយ​ងាយ ហើយ​អ្វីដែល​គ្រោះថ្នាក់​ជាងនេះទៅទៀត​នោះ គឺ​ជំងឺ​អេ​បូ​ឡា នេះ ពុំទាន់​មាន​ឱសថ​ណា​ពិតប្រាកដ​អាច​ព្យ​បាល ឬ វ៉ាក់សាំង​សម្រាប់​បង្ការ​នៅឡើយ ។ ទោះយ៉ាងណា ប្រសិនបើ​គេ​បានដឹង និង ស្វែងរក​ការព្យាបាល​ឱ្យបាន​ឆាប់រហ័ស និង ទាន់ពេលវេលា​នោះ ឱកាស នៃ ការ​ជាសះស្បើយ នៅមាន​ច្រើន​ដែរ ។ នេះ​បើ​យោងតាម​សារ​អប់រំ​របស់​ក្រសួងសុខាភិបាល ។​

​ ​ជំងឺ​អេ​បូ​ឡា អាច​ឆ្លង​ពី​ម្នាក់​ទៅ​អ្នកដទៃ​តាមរយៈ​ការប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ ប៉ះពាល់​ផ្ទាល់​នូវ​ឈាម និង ទឹករំអិល​សរីរាង្គ នៃ អ្នកជំងឺ ដូចជា ទឹកនោម ញើស ក​ម្អូ​ត ទឹកមាត់ ទឹកកាម សំបោរ និង ទឹកភ្នែក ។​

​ ​រោគសញ្ញា នៃ ជំងឺ​អេ​បូ​ឡា​

​ ​រោគសញ្ញា នៃ ជំងឺ​អេ​បូ​ឡា នឹង​ចាប់ផ្តើម​បង្ហាញខ្លួន​ចាប់ពី ២ ទៅ ២១ ថ្ងៃ បន្ទាប់ពី​បុគ្គល​ណា​ម្នា​ក់បាន​ប៉ះ​នពាល់​​អ្នកជំងឺ​អេ​បូ​ឡា ឬ សាកសព​អ្នក​កើត​ជំងឺ​អេ​បូ​ឡា ។ ជំងឺ​អេ​បូ​ឡា អាច​ឆ្លងទៅ​អ្នកដទៃ​បាន​បន្ទាប់ពី​វា​បានបង្ហាញ​រោគសញ្ញា​នេះ​តទៅ ។​

​រោគសញ្ញា នៃ ជំងឺ​អេ​បូ​ឡា គឺ​ពីដំបូង អ្នកជំងឺ​ក្តៅខ្លួន លើសពី ៣៨,៥ អង្សា​សេ អស់​ក​ម្លាំ ឈឺក្បាល និង ឈឺ ក ។ បន្ទាប់មក​អ្នកជំងឺ​អាច​ក្អួត រាគ ចេញ​កន្ទួល​ក្រហម ចេញឈាម និង ឈឺ​សាច់ដុំ ។​

​វិធី​បង្ការ​ជំងឺ​អេ​បូ​ឡា


​ ​វិធី​បង្ការ​ជំងឺ​អេ​បូ​ឡា គឺ​ត្រូវ​ចៀសវាង​ប៉ះពាល់​រាងកាយ​អ្នកជំងឺ​ដោយផ្ទាល់ និង ចៀសវាង​ប៉ះពាល់​ទឹក​សរីរាង្គ នៃ អ្នកជំងឺ , ឧស្សាហ៍​លាង​ដែ​នឹង​សាប៊ូ ឬ អាល់កុល , កុំ​ប៉ះពាល់​ដោយផ្ទាល់​នូវ​សាកសព​អ្នកជំងឺ​អេ​បូ​ឡា ហើយ​ប្រសិនបើ​លោកអ្នក​មាន​អក្កា​រៈ​ដូចដែល​បានលើកឡើង​ខាងលើ ចូរ​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ។​

​ ​នៅពេល​លោកអ្នក ឬ ឃើញ​បុគ្គល​ណា​ម្នា​ក់មាន​រោគសញ្ញា ដូចដែល​បានលើកឡើង​ខាងលើ គេ​គួរតែ​សង្ស័យថា ជា​ជំងឺ​អេ​បូ​ឡា ។ នៅពេលដែល​លោកអ្នក​មាន​ជំងឺ​អេ​បូ​ឡា ជាដំបូង​អ្នក​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ហើយ​បន្ទាប់មក​ត្រូវ​នៅ​ឱ្យដាច់​ដោយឡែក​ពី​អ្នកដទៃ ដើម្បី កុំឱ្យ​ឆ្លង​ដល់​គេ ហើយ​ចូរ​ចងចាំ​ថា ការព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ​ឱ្យបាន​ឆាប់រហ័ស បង្កើន​ឱកាសរ​ស់រួច​ជីវិត ។​

​ ​ដំណឹង​ល្អ​នៅ​កម្ពុជា

​ ​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា ជំងឺ​អេ​បូ​ឡា នេះ មិនទាន់​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ គឺ​វា​បាន​វាយប្រហារ​នៅ​ទ្វីបអាហ្វ្រិក ។ នេះ​បើតាម​ការអះអាង​របស់​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។​

​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ចង់​បញ្ញា​ក់ថា សា​ធារ​ជន​នៅ​កម្ពុជា គប្បី យល់ដឹង​អំពី​ជំងឺ​អេ​បូ​ឡា ជាមុន ដើម្បី ការពារ​ខ្លួន និង អ្នក​នៅ​ជុំវិញខ្លួន ក៏ដូចជា​សង្គមជាតិ​ទាំងមូល ដោយហេតុថា សម័យកាល​នេះ មនុស្ស​ធ្វើដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​គ្មាន​ដែន​កំណត់ ដូច្នេះ​ជំងឺ​អេ​បូ​ឡា ក៏​អាច​ត្រូវបាន​នាំយកមក​ចម្លង​នៅ​កម្ពុជា​បាន​គ្រប់ពេលវេលា ប្រសិនបើ​យើង​មិនបាន​ស្គាល់​អំពី​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​ន​ទេនោះ ។


​ត្រូវការ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេស ១១៥ , ០១២ ៤៨៨ ៩៨១ ឬ ០៨៩ ៦៦៩ ៥៦៧ ៕ Kh

ប្រសិនបើ​លោកអ្នក​មាន​អក្កា​រៈ និង រោគ​ស​ញ្ញ បែបនេះ គប្បី​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ (​រូបៈ ក្រសួងសុខាភិបាល​)