យល់ដឹង​អំពី​ខែធ្នូ និង​ធម្មជាតិ​របស់​ធនុរាសី​បុគ្គល​

406

(​ភ្នំពេញ)​៖ ពាក្យ​ថា “​ធ្នូ​“ មក ពី​ភាសាបាលី​ថា “​ធនុ​“ (​ធៈ នុ​) ដែលជា អាវុធ​ម្យ៉ាង​សម្រាប់​បាញ់​ព្រួញ គឺ ធ្នូ ។ គេ អាច​ហៅ​ខែធ្នូ ថា ធនុរាសី ក៏បាន ហើយ វា​គឺជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង ប្រាំពីរ ដែលមាន​រយៈពេល ៣១​ថ្ងៃ ។ ខែធ្នូ គឺជា​ខែ​ទី​១២ ឬ ជា​ខែ​ចុងក្រោយ បំផុត នៃ​ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា ប្រតិទិន​សកល ប៉ុន្តែ​វា​ជា​ខែ​ទី​៩ តាម សុរិយគតិ ស្ថិតនៅក្នុង ហេមន្តរដូវ គឺ​រដូវ​មាន ទឹកសន្សើម ឬ រដូវរងា នៃ​ចន្ទគតិ ។​
​ ​
​ខែធ្នូ ចាប់ផ្តើម​នៅ​ថ្ងៃ​ដូចគ្នា នឹង​ខែកញ្ញា និង​បញ្ចប់ទៅ​ដូចគ្នា​នឹង​ខែ មេសា រៀងរាល់ឆ្នាំ ។ ខែធ្នូ គឺជា​ខែ ដែលមាន​ពេល​ថ្ងៃ​ខ្លី​ជាងគេ​បំផុត​នៅ តំបន់​អឌ្ឍគោល​ខាងជើង ប៉ុន្តែ​វា​ជា​ខែ​ដែលមាន​ពេល​ថ្ងៃ​យូរ ជាងគេ​បំផុត​នៅ តំបន់​អឌ្ឍគោល​ខាងត្បូង ។​
​ ​
​ខែធ្នូ ជា​ភាសា​អង់គ្លេស​ថា December មកពី​ភាសាឡាតាំង​ថា decem មានន័យថា ១០ ដ្បិត​ខែធ្នូ ជា ខែ​ទី​១០ នៅក្នុង​ប្រតិទិន​រ៉ូ​ម៉ាំង ឈ្មោះ ថា ប្រតិទិន​រ៉ូ​មូ​លូ​ស ដែលជា​បុ​ព្វា​ធិ​ការី នៃ​ប្រតិទិន​សកល​បច្ចុប្បន្ននេះ ហើយ ប្រិត​ទិន​រ៉ូ​មូ​លូ​ស នោះ រៀបរៀង​បង្កើត ឡើង​ដោយ​លោក​រ៉ូ​មូ​លូ​ស ជា​សហ ស្ថាបនិក​ទីក្រុង​រ៉ូម នៅ​៧៥៣​ឆ្នាំមុន គ្រិស្តសករាជ ហើយ​ប្រតិទិន​នោះ ក្នុង មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ចាប់ផ្តើម ពី​ខែមីនា ដោយ​កាលណោះ​ពុំទាន់​មាន ខែមករា និង​ខែកុម្ភៈ នៅឡើយ ។
​ ​
៤០​ឆ្នាំ​ក្រោយមក ពោលគឺ នៅ ឆ្នាំ​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យឺ​ស (Numa Pompilius) បាន កែប្រែ​ប្រតិទិន​រ៉ូ​មូ​លូ​ស​ឱ្យទៅជា​ប្រតិទិន ថ្មី​មួយ​ផ្សេងទៀត ដោយ​ការ បញ្ចូល​ខែ ចំនួន​ពីរ​នៅ​ខាងដើម គឺ​ខែ មករា (January) និង​ខែកុម្ភៈ (February) ។ ខែមករា និង ខែកុម្ភៈ ក៏បាន​ចាប់ផ្តើម មាន​វត្តមាន​ក្នុង​លោក​តាំងពី ពេលនោះ មក ហើយ​ខែធ្នូ​ក៏បាន​ក្លាយទៅជា​ខែ​ទី ១២ (​នៅតែ​ជា​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​) តាំងពី​ពេលនោះ​មក​ដែរ ។ គេ បានឱ្យ​ឈ្មោះ​ប្រតិទិន​ថ្មី​នេះ​ថា “​ប្រតិទិន នូ​ម៉ា​” ហើយ​ប្រតិទិន​ដែល​ក្នុង​មួយឆ្នាំ មាន​១២​ខែ ក៏​ចាប់ផ្តើម​មាន​ក្នុង​លោក តាំងពី​ពេលនោះ​រហូតមក ។​
​ ​
​នៅ​ឆ្នាំ​ទី​៤៦​មុន​គ្រិស្តសករាជ លោក​ជូ​លី​យើ​ស សេ​ហ្សា បានរៀបចំ បង្កើត​ប្រតិទិន​ថ្មី​មួយទៀត​ដែល​ត្រូវគេ ឱ្យ​ឈ្មោះថា ប្រតិទិន​ជូ​លាន ដោយ​កែ តម្រូវ​កាលបរិច្ឆេទ​មួយចំនួន ។ ឆ្នាំ ១៥៨២ សម្តេច​ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ បានរៀបចំ​បង្កើត​ប្រតិទិន​ថ្មី​មួយទៀត ដោយ​ការសម្រួល តម្រឹម និង​តម្រូវ​កាលបរិច្ឆេទ​ក្នុង​ប្រតិទិន ជូ​លាន ។ ប្រតិទិន​ថ្មី​នេះ ត្រូវបាន​គេ​ហៅថា ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​នាពេល បច្ចុប្បន្ននេះ ។​
​ ​
​ព្រឹត្តិការណ៍​នានា​
​ថ្ងៃទី​១ ធ្នូ ជា​ទិវា​អេដស៍ ពិភពលោក និង​ជា​ទិវា​ជាតិ​រ៉ូ​ម៉ា​នី​, ថ្ងៃ ទី​២ គឺជា​ទិវា​ឯករាជ្យ​ជាតិ ឡាវ និង ទិវា​អារ៉ាប់​រួបរួម​, ថ្ងៃទី​៣ គឺជា​ទិវា​ជន ពិការ​ពិភពលោក​, បុណ្យ​ទិវា​ឪពុក នៅ ប្រទេស​ថៃ នៅ​ថ្ងៃទី​៥ ធ្នូ​, ថ្ងៃទី​៧ ធ្នូ ជា​ទិវា ភៀ​ល ហា​ប៊័រ នៅ​សហរដ្ឋ អាមេរិក​, ៨ ធ្នូ ជា​ទិវា​មាតា នៅ ប៉ា​ណា​ម៉ា ។ ៩ ធ្នូ ជា​ទិវា​ប្រយុទ្ធប្រឆាំង អំពើពុករលួយ​អន្តរជាតិ​, ១០ ធ្នូ ជា​ទិវា រង្វាន់​ណូបែល និង​ទិវា​សិទ្ធិមនុស្ស​, ថ្ងៃទី​១៣ ទិវា​សាធារណរដ្ឋ​ម៉ា​លត៍​, ទី​១៤ ទិវា​ពានរ​ជាតិ​, ១៦​ធ្នូ ទិវា​នៃ​ការ ផ្សះផ្សារ នៅ​អាហ្វ្រិក​ខាងត្បូង ។ ២១ ធ្នូ ជា​ថ្ងៃទី​១ នៃ​សិ​សិ​រដូវ ។ ២៤ ធ្នូ ថ្ងៃ បុណ្យ Christmas Eve ហើយ​ថ្ងៃបុណ្យ Christmas នៅ​ថ្ងៃទី​២៥ ធ្នូ ហើយ​ថ្ងៃ បុណ្យ Boxing Day ២៦ ធ្នូ ។ ទិវា​អនុ សញ្ញា​ទីក្រុង​អូ​តា​វ៉ា ប្រឆាំងនឹង​ការ ផលិត និង​ប្រើប្រាស់ និង​ការ​រក្សាទុក គ្រាប់មីន ធ្វើឡើង​នៅ​ចុងខែ​ធ្នូ​នេះដែរ ហើយ​ថ្ងៃទី​៣១ ធ្នូ ជា​ថ្ងៃ New Year’s Eve​។​
​ ​
​ជំនឿ​ហោរា​ប​ច្ចឹ​ម​លោក​
​គេ​អាច​ហៅ​បុគ្គល​អ្នក​កើត ខែធ្នូ ថា ធនុរាសី​បុគ្គល ក៏បាន ។ តាម ក្បួនហោ​រាប​ច្ចឹ​ម​លោក អ្នក​ដែល​ចាត់​ថា ជា​អ្នក​កើត​ខែធ្នូ គឺ​ជនានុជន​ទាំងឡាយ ណា​កើត​ចន្លោះ​ពីថ្ងៃ​ទី​២២ ខែវិច្ឆិកា​-២១ ខែធ្នូ ។ និមិត្តសញ្ញា នៃ ធនុរាសី បុគ្គល គឺ​ធ្នូ ធាតុភ្លើង​, ពណ៌​ដែល សក្តិសម គឺ​ពណ៌​ស្វាយ ជា​គូ​នឹង​ជន​កើត ឆ្នាំ​កណ្តុរ នៃ​ក្បួន​ចិន (​ឆ្នាំជូត​) ឆុង​នឹង មនុស្ស​កើត​ខែមិថុនា ។ ត្បូង​នាំ​សំណាង គឺ​ត្បូង​ថៃ​លឿង (Topaz) ទទួល​ឥទ្ធិពល ពី​ផ្កាយ​ព្រហស្បតិ៍ (Jupiter) ជាម​នុស្ស ទ្រឹស្តី​និយម ។​
​ ​
​បុគ្គល​កើត​ក្នុង​ធ្នូ​រាសី គឺជា មនុស្ស​មានចិត្ត​មេត្តាករុណា មាន ឧ​ត្ត​ម​គតិ​ខ្ពស់ ស្វាហាប់ ម៉ឺងម៉ាត់ និង តែង​ធ្វើ​អ្វីមួយ​ប្រកបដោយ​ការ​ត្រិះរិះ ពិចារណា សុទិដ្ឋិនិយម និង​ស្ទុះស្ទា ចិត្ត ទូលាយ ពូកែ​អត់ធ្មត់ ។ បុគ្គល​នេះ រមែង ចូលចិត្ត​ស្វែងយល់​ស៊ីជម្រៅ​ពី​អត្ថន័យ នៃ​ជីវិត ពោលគឺ​គេ​តែង​ធ្វើការ​ផ្លាស់ប្តូរ និង​រក​អ្វីដែល​ថ្មី​និង​រីកចម្រើន ។ គេ​ជា មនុស្ស​និយាយ​ច្រើន សន្យា​ច្រើនជាង អនុវត្តន៍ មិនសូវ​រាបសា និង​ឆេវឆាវ ប្រសិនបើជា​មនុស្ស​ស្រី គឺ​ច្រើន​តែមាន ចរិត​ប្រុស ហើយ​មិនសូវ​ចូលចិត្ត​នៅ ផ្ទះ​ឡើយ ។​
​ ​
​បុគ្គល​កើត​ក្នុង​ធ្នូ​រាសី គឺជា មនុស្ស​ចូលចិត្ត​ប្រឡែង​លេង​ជាមួយ គូស្នេហ៍​របស់ខ្លួន​ណាស់ ។ មនុស្ស​ដែល សក្តិ​សមជា​គូ​របស់​បុគ្គល​ដែល​កើត​ក្នុង ធ្នូ​រាសី ទាល់តែ​ជាម​នុស្ស​ដែលមាន​ក្តី ស្រឡាញ់​មិន​លាក់លៀម និង​មាន​ឆន្ទៈ ធ្វើ​គ្រប់​រឿង​អ្វីៗ​ទាំងអស់ ។ បើទោះបីជា បុគ្គល​កើត​ក្នុង​ធ្នូ​រាសី ជា​មនុស្ស​ដែល​សម្បូរ​ដៃគូ ស្នេហ៍​ច្រើនណាស់​ក៏ពិតមែន ប៉ុន្តែ​នៅពេល​និយាយ​ពី​រឿង​ស្នេហ៍ ស្មោះ​បុគ្គល​នេះ​គឺជា មនុស្ស​ស្មោះត្រង់ និង​ចេះ​លះបង់​បំផុត​ចំពោះ​ដៃគូ​ជីវិត របស់ខ្លួន ។ បុគ្គល​នេះ ក៏​ជាម​នុស្ស​ចេះ យោគយល់ និង​អធ្យាស្រ័យ​ដល់​ដៃគូ របស់ខ្លួន​ផងដែរ នៅពេលដែល​គូ ស្នេហ៍​របស់ខ្លួន​បាន​ប្រព្រឹត្ត​ខុស ។​
​ ​
​បុគ្គល​នេះ សុខចិត្ត​លះបង់ គ្រប់​អ្វីៗ​ទាំងអស់​ដើម្បី​បំពេញ​បំណង គ្រួសារ និង​មិន​ទុកឱ្យ​គ្រួសារ​មាន​បញ្ហា ឡើយ ។ បុគ្គល​កើត​ក្នុង​ធ្នូ​រាសី​តែងតែ សម្លឹងមើល​គោលដៅ​ដែល​ខ្លួន​អាច ធ្វើទៅបាន​ហើយ​បើ​កាល ណា​បុគ្គល នេះ​រកឃើញ​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា ហើយ​នោះ បុគ្គល​នេះ​នឹង​ប្រឹងប្រែង មិន​ស្គាល់​យប់​ថ្ងៃ ដើម្បី​សម្រេចបាន គោលដៅ​នោះ ។ និយាយ​ពី​រឿង​លុយ កាក់ មនុស្ស​នេះ​រកបាន​ក៏​ស្រួល និង ចាយ​វិញ​ក៏​ស្រួល​ផងដែរ ៕ ដោយ​៖ មេសា​

​គំនូរ​រូប​ធ្នូ ដែលជា​និមិត្តសញ្ញា នៃ​ជន​កើត​ខែធ្នូ (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)
ត្បូង​ថៃ​លឿង ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​អ្នក​កើត​ខែធ្នូ (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)​