យល់ដឹង​អំពី​ខែ ធ្នូ និង ធម្មជាតិ​របស់​ធនុរាសី​បុគ្គល​

3290
ចែករម្លែក

ភ្នំពេញ​៖ ពាក្យ​ថា “ ធ្នូ “ មកពី​ភាសាបាលី​ថា “ ធនុ “ (​ធៈ នុ​) ដែលជា​អាវុធ​ម្យ៉ាង​សម្រាប់ បាញ់​ព្រួញ គឺ ធ្នូ ។ គេ​អាច​ហៅ​ខែធ្នូ ថា ធនុរាសី ក៏បាន ហើយ​វា​គឺជា​ខែ​មួយ​ក្នុងចំណោម ខែ​ទាំង​៧ ដែលមាន​រយៈពេល​៣១ ថ្ងៃ ។ ខែ ធ្នូ គឺជា​ខែ​ទី​១២ ឬ ជា​ខែ​ចុងក្រោយ​បំផុត នៃ ប្រតិទិន ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល នាពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​ជា​ខែ​ទី​៩ តាម​សុរិយគតិ ស្ថិតនៅក្នុង​ហេមន្តរដូវ គឺ​រដូវ​មាន ទឹកសន្សើម ឬ រដូវរងា នៃ ចន្ទគតិ ។​

​ខែ ធ្នូ ចាប់ផ្តើម​នៅ​ថ្ងៃ​ដូចគ្នា នឹង ខែ កញ្ញា និង បញ្ចប់ទៅ​ដូចគ្នា​នឹង​ខែ មេសា រៀងរាល់ឆ្នាំ ។ ​ខែធ្នូ គឺជា​ខែ​ដែលមាន​ពេល​ថ្ងៃ​ខ្លី​ជាងគេ​បំផុត​នៅ​តំបន់​អឌ្ឍគោល​ខាងជើង ប៉ុន្តែ​វា​ជា​ខែ​ដែល មាន​ពេល​ថ្ងៃ​យូរ​ជាងគេ​បំផុត​នៅ​តំបន់​អឌ្ឍគោល​ខាងត្បូង ។ ខែ ធ្នូ ជា​ភាសា​អង់គ្លេស​ថា ដេ​សសិ​ម​ប័​រ​(December) មកពី​ភាសាឡាតាំង​ថា ដេ​សម​(decem )​មានន័យថា ១០ ដ្បិត ខែ ធ្នូ ជា​ខែ​ទី​១០ នៅក្នុង​ប្រតិទិន​រ៉ូ​ម៉ាំង ឈ្មោះថា ប្រតិទិន រ៉ូ​មូ​លូ​ស ដែលជា​បុ​ព្វា​ធិ​ការី នៃ ប្រតិទិន​សកល បច្ចុប្បន្ននេះ ហើយ​ប្រិត​ទិន រ៉ូ​មូ​លូ​ស នោះ រៀបរៀង​បង្កើតឡើង​ដោយ​លោក រ៉ូ​មូ​លូ​ស ជា​សហ​ស្ថាបនិក​ទីក្រុង​រ៉ូម នៅ ៧៥៣ ឆ្នាំមុន​គ​.​ស ហើយ​ប្រតិទិន​នោះ ក្នុង​មួយ ឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ចាប់ផ្តើម​ពី​ខែ មីនា ( អាន​ថា មី ណា ) ដោយ​កាលណោះ​ពុំទាន់ មាន​ខែ មករា និង ខែ កុម្ភៈ នៅឡើយ ។

៤០ ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំ ៧១៣ មុន​គ​.​ស ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យឺ​ស (Numa Pompilius) បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន​ថ្មី​មួយ​ផ្សេងទៀត ដោយ​ការបញ្ចូល​ខែ​ចំនួន​ពីរ​នៅ​ខាងដើម​គឺ​ខែ មករា (January) និង ខែ កុម្ភៈ (February) ។ ខែ មករា និង ខែ កុម្ភៈ ក៏បាន​ចាប់ផ្តើម​មា​នវ​ត្ត​មាន​ក្នុង​លោក​តាំងពី​ពេលនោះ​មក ហើយ​ខែធ្នូ ក៏បាន​ក្លាយទៅជា​ខែ​ទី​១២ ( នៅតែ​ជា​ខែ​ចុងក្រោយ នៃ ឆ្នាំ ) តាំងពី​ពេលនោះ​មក​ដែរ ។ គេ​បានឱ្យ​ឈ្មោះ​ប្រតិទិន​ថ្មី​នេះ​ថា “ ប្រតិទិន នូ​ម៉ា ” ហើយ​ប្រតិទិន​ដែល​ក្នុង​មួយឆ្នាំ មាន​១២ ខែ ក៏​ចាប់ផ្តើម​មាន​ក្នុង​លោក​តាំងពី​ពេលនោះ​រហូតមក ។​

​នៅ​ឆ្នាំ​ទី ៤៦ មុន​គ​.​ស លោក ជូ​លី​យើ​ស សេ​ហ្សា បានរៀបចំ​បង្កើត​ប្រតិទិន​ថ្មី​មួយទៀត​ដែល ត្រូវគេ​ឱ្យឈ្មោះ​ថា ប្រតិទិន ជូ​លាន ដោយ​កែតម្រូវ​កាលបរិច្ឆេទ​មួយចំនួន ។ ឆ្នាំ​១៥៨២ សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ បាន​រៀប ចំ​បង្កើត​ប្រតិទិន​ថ្មី​មួយទៀត ដោយ​ការសម្រួល តម្រឹម និង តម្រូវ​កាលបរិច្ឆេទ​ក្នុង​ប្រតិទិន ជូ​លាន ។ ប្រតិទិន​ថ្មី​នេះ ត្រូវបាន​គេ​ហៅថា ប្រតិទិន ហ្គ្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ននេះ ។​

ព្រឹត្តិការណ៍​នានា​
​ថ្ងៃទី​១ ធ្នូ ជា​ទិវា​អេដស៍ ពិភពលោក និង ជា​ទិវា​ជាតិ រ៉ូ​ម៉ា​នី , ថ្ងៃទី ២ គឺជា​ទិវា​ឯករាជ្យ​ជាតិ ឡាវ និង ទិវា អារ៉ាប់ រួបរួម , ថ្ងៃទី ៣ គឺជា​ទិវា​ជនពិការ​ពិភពលោក , បុណ្យ​ទិវា​ឪពុក នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​៥ ធ្នូ , ថ្ងៃទី​៧​ធ្នូ ជា​ទិវា ភៀ​ល ហា​ប៊័រ នៅ​សហរដ្ឋអាមេរិក , ៨ ធ្នូ ជា​ទិវា​មាតា នៅ​ប៉ា​ណា​ម៉ា ។ ៩​ធ្នូ ជា​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​អន្តរជាតិ , ១០​ធ្នូ ជា​ទិវា​រង្វាន់​ណូបែល និង ទិវា​សិទ្ធិមនុស្ស , ថ្ងៃទី ១៣ ទិវា សាធារណរដ្ឋ ម៉ា​លត៍ , ទី ១៤ ទិវា​ពានរ​ជាតិ , ១៦​ធ្នូ ទិវា​នៃ​ការផ្សះផ្សារ នៅ​អាហ្វ្រិក​ខាងត្បូង ។ ២១​ធ្នូ ជា​ថ្ងៃទី​១ នៃ​សិ​សិ​រដូវ ។ ២៤​ធ្នូ ថ្ងៃបុណ្យ​Christmas Eve ហើយ​ថ្ងៃបុណ្យ Christmas នៅ​ថ្ងៃទី​២៥​ធ្នូ ហើយ ថ្ងៃបុណ្យ Boxing Day ២៦​ធ្នូ ។ ទិវា​អនុសញ្ញា​ទីក្រុង អូ​តា​វ៉ា ប្រឆាំងនឹង​ការផលិត និង ប្រើប្រាស់ និង ការ​រក្សាទុក​គ្រាប់មីន ធ្វើឡើង​នៅ​ចុងខែ​ធ្នូ​នេះដែរ ហើយ​ថ្ងៃទី​៣១​ធ្នូ ជា​ថ្ងៃ New Year’s Eve​។​

​ជំនឿ​ហោរា​ប​ច្ចឹ​ម​លោក​
​គេ​អាច​ហៅ​បុគ្គល​អ្នក​កើត​ខែធ្នូ ថា ធនុរាសី​បុគ្គល ក៏បាន ។ តា​ក្បួនហោ​រាប​ច្ចឹ​ម​លោក អ្នក​ដែល​ចាត់​ថា​ជា​អ្នក​កើត​ខែធ្នូ គឺ​ជនានុជន​ទាំងឡាយណា​កើត​ចន្លោះ​ពីថ្ងៃ​ទី​២២ ខែវិច្ឆិកា​-២១ ខែធ្នូ ។ និមិត​សញ្ញា​នៃ ធនុរាសី​បុគ្គល​គឺ ធ្នូ ធាតុភ្លើង , ពណ៌​ដែល​សក្តិសម គឺ​ពណ៌​ស្វាយ ជា​គូ​នឹង​ជន​កើត​ឆ្នាំ​កណ្តុរ នៃ ក្បួន​ចិន (​ឆ្នាំជូត​) ឆុង​នឹង​មនុស្ស​កើត​ខែមិថុនា ។ ត្បូង​នាំ​សំណាង​គឺ​ត្បូង​ថៃ​លឿង (Topaz) ទទួល​ឥទ្ធិពល​ពី​ផ្កាយ​ព្រហស្បតិ៍​(Jupiter) ជា​មនុស្ស​ទ្រឹស្តី​និយម ។​

​បុគ្គល​កើត​ក្នុង​ធ្នូ​រាសី​គឺជា​មនុស្ស មានចិត្ត​មេ​តា្ត​ករុណា មាន​ឧ​ត្ត​ម​គតិ​ខ្ពស់ ស្វាហាប់ ម៉ឺងម៉ាត់ និង តែង​ធ្វើ​អ្វីមួយ​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា សុទិដ្ឋិនិយម និង​ស្ទុះស្ទា ចិត្ត​ទូលាយ ពូកែ​អត់ធ្មត់​។ បុគ្គល​នេះ​រមែង​ចូលចិត្ត​ស្វែងយល់​ស៊ីជម្រៅ​ពី​អត្ថន័យ​នៃ​ជីវិត ពោលគឺ​គេ តែង​ធ្វើការ​ផ្លាស់ប្តូរ និង រក​អ្វីដែល​ថ្មី​និង​រីកចម្រើន​។ គេ​ជាម​នុស្ស​និយាយ​ច្រើន សន្យា​ច្រើន ជាង​អនុវត្តន៍ មិនសូវ​រាបសា និង ឆេវឆាវ ប្រសិនបើជា​មនុស្ស​ស្រី គឺ​ច្រើន​តែមាន​ចរិត​ប្រុស ហើយ​មិន​សូ​ច​ចូលចិត្ត​នៅផ្ទះ​ឡើយ ។​

​បុគ្គល​កើត​ក្នុង​ធ្នូ​រាសី​គឺជា​មនុស្ស​ចូលចិត្ត​ប្រឡែង​លេង​ជាមួយ​គូស្នេហ៍​របស់ខ្លួន​ណាស់​។ មនុស្ស​ដែល​ស័ក្តិ​សមជា​គូ​របស់​បុគ្គល​ដែល​កើត​ក្នុង​ធ្នូ​រាសី​ទាល់តែ​ជា​មនុស្ស​ដែលមាន​ក្តី​ស្រឡាញ់ មិន​លាក់លៀម និង​មាន​ឆន្ទៈ​ធ្វើ​គ្រប់​រឿង​អ្វីៗ​ទាំងអស់​។ បើទោះបីជា​បុគ្គល​កើត​ក្នុង​ធ្នូ​រាសី ជា​មនុស្ស​ដែល​សម្បូរ​ដៃគូ​ស្នេហ៍​ច្រើនណាស់​ក៏ពិតមែន​ប៉ុន្តែ​នៅពេល​និយាយ​ពី​រឿង​ស្នេហ៍​ស្មោះ បុគ្គល​នេះ​គឺជា​មនុស្ស​ស្មោះត្រង់ និង​ចេះ​លះបង់​បំផុត​ចំពោះ​ដៃគូ​ជីវិត​របស់ខ្លួន ។ បុគ្គល​នេះ​ក៏​ជាម​នុស្ស​ចេះ​យោគយល់​និង​អធ្យាស្រ័យ​ដល់​ដៃគូ​របស់ខ្លួន​ផងដែរ​នៅពេលដែល​គូស្នេហ៍​របស់ខ្លួន​បាន​ប្រព្រឹត្ត​ខុស ។​

​បុគ្គល​នេះ​សុខចិត្ត​លះបង់​គ្រប់​អ្វីៗ​ទាំងអស់​ដើម្បី​បំពេញ​បំណង​គ្រួសារ និង​មិន​ទុក​ឲ្យ គ្រួសារ​មាន​បញ្ហា​ឡើយ​។​បុគ្គល​កើត​ក្នុង​ធ្នូ​រាសី​តែងតែ​សម្លឹងមើល​គោលដៅ​ដែល​ខ្លួន​អាចធ្វើ​ទៅបាន ហើយ​បើកាលណា​បុគ្គល​នេះ​រកឃើញ​គោលដៅ​ដែល​ខ្លួន​ប្រា​ថា្ន​ហើយ​នោះ បុគ្គល​នេះ នឹង​ប្រឹងប្រែង​មិន​ស្គាល់​យប់​ថ្ងៃ​ដើម្បី​សម្រេចបាន​គោលដៅ​នោះ ។ និយាយ​ពី​រឿង​លុយកាក់ មនុស្ស​នេះ​រកបាន​ក៏​ស្រួល និង​ចាយ​វិញ​ក៏​ស្រួល​ផងដែរ ៕ ដោយ​: មេសា​

ត្បូង​ថៃ​លឿង ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​អ្នក​កើត​ខែធ្នូ (​ធ្នូ ២)
​គំនូរ​រូប​ធ្នូ ដែលជា​និមិត្តសញ្ញា នៃ ជន​កើត​ខែធ្នូ (​ធ្នូ ១)