យល់​អារម្មណ៍​នេះ​ទេ​? អញ្ជើញ​មិត្តភក្តិ​រាប់សិប​នាក់​ចូលរួម​ខួបកំណើត បែរជា​គ្មាន​អ្នក​មក​សូម្បី​ម្នាក់ ប៉ុន្តែ​មានរឿង​ភ្ញាក់ផ្អើល​…

1042
ចែករម្លែក

​ក្មេងប្រុស​អាយុ ៦ ឆ្នាំ​ម្នាក់​មកពី​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក​ទទួល​បានការ​លើកទឹកចិត្ត យ៉ាងច្រើន​គួរឱ្យភ្ញាក់ផ្អើល តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​បន្ទាប់ពី​រូបថត​ក្មេង​នេះ​អង្គុយ កណ្ដោចកណ្ដែង​ម្នាក់ឯង​ក្នុង​ពិធីជប់លៀង​ខួបកំណើត​របស់ខ្លួន​ត្រូវបាន​គេ​បង្ហោះ​តាម ហ្វេ​ស​ប៊ុ​ក​។​

​ក្មេងប្រុស ថេដ​ឌី ម៉ា​ហ្ស៊ី​នី (Teddy Mazzini) បាន​អញ្ជើញ​មិត្ត​រួម​ថ្នាក់​របស់ខ្លួន​ដល់​ទៅ ៣២ នាក់​ដើម្បី​ប្រារព្ធ​ខួបកំណើត​របស់ខ្លួន​នៅ​ហាង​ភី​ហ្សា Peter Piper Pizza មួយកន្លែង នៅ​ទីក្រុង​ធូ​សុន (Tucson) កាលពី​រសៀល​ថ្ងៃអាទិត្យ​កន្លងទៅ ប៉ុន្តែ​គ្មាន​នរណា​បង្ហាញមុខ សូម្បីតែ​ម្នាក់​។

​អ្នកយកព័ត៌មាន​ក្នុងស្រុក​ឈ្មោះ នី​ក វីន​ហ្សា​ន (Nick VinZant) បាន​បង្ហោះ​រូបថត ក្មេងប្រុស ថេដ​ឌី អង្គុយតែ​ម្នាក់ឯង​នៅ​តុ​វែង​មួយ​ដែល​ពេញ​ទៅដោយ​ចាន​ក្រដាស រាប់សិប​តាម​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​សុំឱ្យ​មហាជន​ជួយ​លើកទឹកចិត្ត និង​ជូនពរ​ក្មេង​នេះ​ក្នុង​ថ្ងៃ​ខួបកំណើត​។

​អ្វីដែល​នឹកស្មាន​មិន​ដល់ រូបថត​នេះ​បានដឹង​ដល់​សហគមន៍​យ៉ាង​ឆាប់រហ័ស នៅពេល​ក្រុម​បាល់បោះ​អាជីព Phoenix Suns NBA និង​ក្រុមបាល់ទាត់​អាជីព Phoenix Rising MLS បាន​អញ្ជើញ​ក្មេងប្រុស ថេដ​ឌី​ប្រារព្ធ​ខួបកំណើត​របស់ខ្លួន​ជាថ្មី​ម្តងទៀត នៅក្នុង​ការប្រកួត​នាពេលខាងមុខ​របស់​ពួកគេ​៕ ប្រែ​សម្រួល​: ខុម​


#