យានជំនិះ​បី​គ្រឿង​របស់លោក​អែល​វី​ស ប្រេ​ស្លី ត្រូវបាន​ដាក់លក់​ដេញថ្លៃ​

327
ចែករម្លែក

​ក្រុមហ៊ុន​ដេញថ្លៃ​មួយ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា​ថា អ្នកគាំទ្រ​តារាចម្រៀង​អែល​វី​ស ប្រេ​ស្លី (Elvis Presley) អាចធ្វើ​ដំណើរ​តាម​ដងផ្លូវ​តាម​រថយន្ត​ប្រណីត​ផ្ទាល់​របស់គាត់ ឬ​តាម​ម៉ូតូ​ចុងក្រោយ​របស់គាត់ ឬ​តាម​ឡាន​ភី​ក​អាប់​របស់គាត់ ប្រសិនបើ​ពួកគេ​មាន​លុយ​។​

​ក្រុមហ៊ុន Kruse GWS Auctions បាន​និយាយថា យានជំនិះ​ទាំងនោះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការដេញថ្លៃ​វត្ថុ​ចាស់ៗ​របស់​តារា​ហូលីវូដ​នៅ​ថ្ងៃទី ៣១ ខែសីហា​។​

​ក្រុមហ៊ុន Kruse GWS Auctions និយាយថា លោក​ប្រេ​ស្លី​បាន​បើករថយន្ត​ពណ៌​ស​ម៉ាក Lincoln Continental ផលិត​ឆ្នាំ ១៩៧៣ ជាច្រើន​ដង​នៅ​ទីក្រុង​មេ​ម​ហ្វី​ស (Memphis) រដ្ឋ​ថេ​ន​ណេ​ស​ស៊ី​។ រថយន្ត​នេះ​មាន​ទូរទស្សន៍​ចាស់​មួយគ្រឿង​និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត​។ មាន​រូបថត​ជាច្រើន​បានបង្ហាញ “​ស្តេច​ចម្រៀង​នេះ​” បើកឡាន​របស់គាត់ នៅពេលដែល​គាត់​ឈប់​មើល​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ទីក្រុង​មេ​ម​ហ្វី​ស​ក្នុង​ឆ្នាំ​១៩៧៦​។​

​ក្រុមហ៊ុន​ដេញថ្លៃ​នេះ​បាន​និយាយថា ម៉ូតូ​ម៉ាក Harley Davidson FLH 1200 Electra Glide ឆ្នាំ​១៩៧៦ គឺជា​ម៉ូតូ​ចុងក្រោយ​គេ​ដែល​គាត់​បាន​ទិញ​។ គាត់​បាន​ដឹក​វាពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ទៅ​ទីក្រុង​មេ​ម​ហ្វី​ស ហើយ​បាន​លក់​វា ៩០ ថ្ងៃ​មុនពេល​គាត់​ស្លាប់​នៅ​ឆ្នាំ ១៩៧៧ នៅ​អាយុ ៤២ ឆ្នាំ​។ ម៉ូតូ Harley បានដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ Pioneer Auto នៅ​ទីក្រុង​ម៉ួ​ដូ (Murdo) រដ្ឋ​សាវ​ដា​កូតា (South Dakota) តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ រហូតដល់​បច្ចុប្បន្ន​។​

​យានជំនិះ​ទី​បី​របស់លោក​ប្រេ​ស្លី​គឺ រថយន្ត​មួយ​ក្នុងចំណោម​រថយន្ត​ភី​ក​អាប់​ម៉ាក GMC ចំនួន ៣ ដែល​គាត់​បាន​ទិញ​នៅ​ឆ្នាំ​១៩៦៧ សម្រាប់​ក្រោលសេះ​របស់គាត់​ឈ្មោះ Circle G Ranch ក្នុង​រដ្ឋ​មី​ស​ស៊ី​ស៊ី​ពី​។ ពីរ​ឆ្នាំ​ក្រោយមក ឪពុក​របស់គាត់​ឈ្មោះ​វើ​ណុន​បាន​លក់​វា​ឱ្យទៅ​ហាង​ឡាន​វិញ​។ រថយន្ត​ភី​ក​អាប់​នេះ​ឥឡូវនេះ​ត្រូវបាន​ជួសជុល​ឡើងវិញ​ស្អាត​ភ្លឹង​៕ ដោយ៖ កញ្ញាដាលីស