យានយន្ត​ធំៗ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​នឹងមិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា

176
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ដើម្បី​បញ្ជៀ​ស​ឱ្យបាន​នូវ​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​រាជធានី​ភ្នំពេញ តែង​ជំរាបជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ​ជុំវិញ នៃ​ការមិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។​តែ​អាចធ្វើ​ចរាចរ​បាន​ចាប់ពី​ម៉ោង​២២​និង​០០​នាទី រហូតដល់​ម៉ោង​១០​និង​០០​នាទី​ព្រឹក​។​

​ជាក់ស្តែង​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបញ្ចៀស​ចរាចរ ក្នុង​ព្រះ​រាជពិធី​នេះ​ផងដែរ ដែល​ក្នុង​សេចក្តីជូនដំណឹង​នោះ​មានន័យ​ដើម​ទាំងស្រុង​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា​ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ​ឱ្យបាន​ជ្រាបថា ៖ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១- រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក មិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​០៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​១០:០០​នាទី រហូតដល់​ម៉ោង ២២:០០​នាទី​ប៉ុន្តែ​អាច​ចរាចរ​បាន​ចាប់ពី​ម៉ោង​២២:០០​នាទី រហូតដល់​ម៉ោង​១០:០០​នាទី​។​

២- ហាម​មិនឱ្យ​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹកទំនិញ ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ​និង​ផ្អាក​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

៣- គ្រប់​យានយន្ត​ធ្វើដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មិន​អនុញ្ញាតឱ្យ​ចរាចរ​លើផ្លូវ​ច្រាំង​ទន្លេសាប ផ្លូវ​លេខ​១៣០ ផ្លូវ​លេខ​៥ ផ្លូវ​លេខ​១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​៥១ ផ្លូវ​លេខ​២៩៤ កំណាត់​មហាវិថី​សម្តេច​សុធារស​ដល់​កែង​ផ្លូវ​ស្ថានទូត​រុស្ស៊ី វិថី​រដ្ឋសភា ផ្លូវ​លេខ​៧៨ ផ្លូវ​សបឺត មហាវិថី​ព្រះ​សុរាម្រិត កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ​ដល់​កែង​ផ្លូវ​លេខ​១៣០​។​

៤- នៅ​ផ្លូវជាតិ​លេខ​១៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ដែល ឆ្លងកាត់​រាជធានី​ភ្នំពេញ ត្រូវ​ចូល​ចត​នៅក្នុង​បរិវេណ​វត្ត​និរោធ​រង្សី ចំណតរថយន្ត​ច្បារអំពៅ (​ចំណត​បេន​រថយន្ត ស៊ុយ សុផាន​) និង​ត្រូវ​បញ្ចៀស​រថយន្ត​ធុន​ធំ​ចំណុច​ផ្លូវជាតិ​លេខ​១ កែង​ផ្លូវ​រោងចក្រ​ថៃ​ហ្គ័​រ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​ចូល​ចត​ក្នុង​បរិវេណ​វត្ត​និរោធ​រង្សី និង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ (​ខាងត្បូង​វត្ត​ព្រែកប្រា​)​។​

៥- នៅ​ផ្លូវជាតិ​លេខ​២៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចាក់អង្រែ​ក្រោម និង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ឺ​មក​ត្រូវ​ចូល​ចត​ចំណត​ចាក់អង្រែ​ក្រោម និង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​បាក់​អ​ង្រៃ ទីធ្លា​វត្ត​ចាក់អង្រែលើ​។​ចំពោះ​រថយន្ត​ធុន​ធំ​ដែល​ចរាចរ​លើផ្លូវ​លេខ​២១៧ ត្រូវ​ឈប់​ចត​នៅ​ខាងជើង​រង្វង់​មូល​ដីក្រហម​។​

៦- នៅ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤៖ រថយន្ត​ដឹកជញ្ជូន​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ប៉ែក​ពាយ័ព្យ និង​ឦសាន​ត្រូវធ្វើ​ចរាចរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ទៅតាម​ផ្លូវជាតិ​លេខ​៥ ឬ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​។​សម្រាប់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចោមចៅ ស្តុ​ប​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ស្តុ​ប​២០០៤​។​
ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ត្រូវ​ឈប់​ចត​មិនឱ្យ​ហួស​ស្តុ​បណត​ប្រី​ត​ឡើយ​។​

៧- នៅ​ផ្លូវជាតិ​លេខ​៥ ៖ រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ចូល​ចត​នៅ​ចំណត​គីឡូម៉ែត្រ​លេខ​៩​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​នៅ​សាលា​ដែក ដោយ​មិន​ឱ្យចូល​ហួស​ផ្លូវ​លេខ​៦៨​ឡើយ​។​

៨- នៅ​ផ្លូវជាតិ​លេខ​៦៖ រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​លី​យ៉ុង​ផាត់​តាម​មហាវិថី​ឈ្នះ​ឈ្នះ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​ចូល​ចត​នៅ​ទីតាំង​ដី​តំបន់​អភិវឌ្ឍន៍ OCIC​។​

៩- នៅ​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៣៧១៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ត្រូវ​ចូល​ចត​នៅ​ខាងត្បូង​ស្ពាន​ម័ល​។ ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ត្រូវ​ឈប់​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​។​

១០ -​នៅ​ផ្លូវ​ចោមចៅ (​ផ្លូវ​វេ​ង​ស្រេង​) ៖ រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដែល​ចូល​តាម​មហាវិថី​សម្តេចព្រះ​មុនី​រ៉េត ត្រូវ​ចូល​ចត​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ​។ រថយន្ត​ធុន​ធំ ត្រូវ​បញ្ចាំ​ចរាចរ​នៅត្រង់ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​

១១- ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក តាមផ្លូវ​លេខ​៥៩៨ និង​មហាវិថី​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ត្រូវ​បង្វែរ​ចូល​តាមផ្លូវ​តូចៗ​មិនឱ្យ​ចូល​ហួស​មហាវិថី គីម អ៊ី​ល​ស៊ុ​ង និង​ចត​នៅ​បរិវេណ​តំបន់​អភិវឌ្ឍន៍​បឹងកក់​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សាលាខណ្ឌ​ទាំង​១៤ មន្ទីរ​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕