យានអវកាសផ្ទុះធ្លាក់មកលើដីបង្កឲ្យមានការភ្ញាក់ផ្អើល

1304
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ សំឡេងផ្ទុះនៅលើអាកាសលាន់ឮកក្រើកតំបន់ព្រំដែន កម្ពុជាឡាវ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាងព្៦រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩។

លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ប្រាប់រស្មីកម្ពុជាឲ្យដឹងថា បំណែកដែកធ្លាក់ដោយការផ្ទុះពីលើអាកាសនៅលើឃុំចំនួន២ គឺឃុំអូរស្វាយ និងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ជាប់តំបន់ព្រំដែនជាមួយប្រទេសឡាវ។

លោក ម៉ៅ តារា បាននិយាយទៀតថា មិនទាន់ដឹងពីមូលហេតុនៃសម្លេងផ្ទុះនៅឡើយទេ។ ករណីនេះសមត្ថកិច្ចបានប្រមូលបំណែកដែកធ្លាក់យកទៅរក្សាទុក និងបានរាយការណ៍ជូនទៅថ្នាក់លើរង់ចាំជំនាញចុះមកពិនិត្យ។

ដោយឡែក ប្រភពព័ត៌មានពីសមត្ថកិច្ចនៅព្រំដែនបាននិយាយឲ្យដឹងថា អាជ្ញាធរឡាវបានជូនដំណឹងមកអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាថា សំឡេងផ្ទុះនោះគឺជាយានអវកាសរបស់ប្រទេសចិនហោះឡើងទៅលើហើយបានផ្ទុះជាបំណែកធ្លាក់មកលើខេត្តចំនួន៥ នៅភាគខាងត្បូងនៃប្រទេសឡាវនិងធ្លាក់ឆ្លងចូលមកខេត្តរបស់កម្ពុជាជាប់ព្រំដែនជាមួយប្រទេសឡាវ៕B/